(អ៊ូសបេគីស្ថាន)៖ សភាប្រទេសអ៊ូសបេគីស្ថាន (Uzbekistan) នៅថ្ងៃព្រហស្បតិ៍នេះ បានតែងតាំងលោកនាយករដ្ឋមន្ត្រី Shavkat Mirziyoyev ជាប្រធានាធិបតីស្តីទី ប៉ុន្តែមិនទាន់មានសញ្ញាដែលបង្ហាញច្បាស់នៅឡើយទេ ថាលោកអាចកាន់តំណែងជាប្រធានាធិបតី បានរយៈពេលយូរ ឬយ៉ាងណា បន្ទាប់ពីការស្លាប់របស់ លោកប្រធានាធិបតី Islam Karimov នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចុះផ្សាយនាយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦នេះ។
លោក Mirziyoyev វ័យ៥៨ឆ្នាំ បានទទួលតំណែងនេះ បន្ទាប់ពីត្រូវបានគាំទ្រ ដោយប្រធានព្រឹទ្ធសភា លោក Nigmatilla Yuldashev ដែលស្ថិតក្រោមរដ្ឋធម្មនុញ្ញ អាចក្លាយជាប្រធានាធិបតីបណ្តោះអាសន្ន មុនការបោះឆ្នោតមកដល់។
រដ្ឋសភា ក៏បានបញ្ជារឲ្យមានការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដែលត្រូវបានធ្វើឡើងក្នុងអំឡុងពេល៣ខែ ជាមួយនឹងអ្នកវិភាគ ជាច្រើន បាននឹងកំពុងរំពឹងថា លោក Mirziyoyev នឹងឈ្នះ។ លោក Mirziyoyev ត្រូវបានទទួលការគាំទ្រយ៉ាងខ្លាំង ដោយក្រុមអ្នកវិភាគ ក្នុងការបន្តតំណែងពីលោក Karimov។
សូមជម្រាបថា សពអតីតប្រធានាធិបតី អ៊ូសបេគីស្ថាន លោក Islam Karimov ត្រូវបានបញ្ចុះកាលពីថ្ងៃសៅរ៍សប្តាហ៍មុន នាទីក្រុង Samarkand ជាស្រុកកំណើតរបស់លោក ដែលទីក្រុងនេះ លោក Mirziyoyev ធ្លាប់ធ្វើជាអភិបាលក្រុង៕