(កំពង់ធំ)៖ លោក ស៊ុំ សន្និសិទ្ធ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ការសិក្សាអប់រំជាអាទិភាពមួយដ៏សំខាន់ ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ ក្នុងនោះរាជរដ្ឋាភិបាលបានស្ដារ និងពង្រឹងវិស័យ អប់រំជាបន្តបន្ទាប់ ដើម្បីពង្រឹងគុណភាពសិក្សា និងការកសាងអគារសិក្សានានា ក្នុងគោលដៅបង្កើតធនធានមនុស្សឲ្យបានគ្រប់ទិសទី។

ការលើកឡើងរបស់លោក ស៊ុំ សន្និសិទ្ធ ធ្វើឡើងក្នុងពិធីសម្ភោធអគារសិក្សា សាលាបឋមសិក្សាអូរទឹកថ្លា ស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី២២ ខែ មេសា ឆ្នាំ ២០២៤។

លោក ស៊ុំ សន្និសិទ្ធ បានថ្លែងឲ្យដឹងថា «ក្រោមដំបូលសន្តិភាពដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងបច្ចុប្បន្នមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុក ការសិក្សាអប់រំជាអាទិភាពមួយដ៏សំខាន់ ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ ក្នុងន័យនេះ រាជរដ្ឋាភិបាលបានស្ដារ និងពង្រឹង វិស័យអប់រំជាបន្តបន្ទាប់»

លោកបានបន្ដថា ជាក់ស្តែងខេត្តកំពង់ធំមានលោកបណ្ឌិត ជា ចាន់តូ អគ្គទេសាភិបាលកិត្តិយស នៃធនាគារជាតិនៃកម្ពុជា និងជា តំណាងរាស្ត្រមណ្ឌលកំពង់ធំ តែងតែបានខិតខំប្រឹងប្រែងអស់ ពីកម្លាំងកាយចិត្ត កសាងសមិទ្ធិផលជាច្រើននៅក្នុងខេត្ត ក្នុងនោះមានការកសាងអគារសិក្សា ទាំងសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យជាដើម។

លោក ស៊ុំ សន្និសិទ្ធ បានថ្លែងអំណរគុណចំពោះធនាគារ ខេប៊ី ប្រាសាក់ ម.ក ដែលចំណាយថវិកាសាងសង់អគារ សាលាបឋមសិក្សាអូរទឹកថ្លាថ្មីនេះ តាមសំណូមពររបស់ធនាគារជាតិនៃកម្ពុជា ដោយការចូលរួមនេះសបញ្ជាក់ ពីទឹកចិត្តដ៏ថ្លៃថ្លារបស់ធនាគារ ក៏ដូចជាថ្នាក់ដឹកនាំរបស់ធនាគារទាំងអស់ ក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម និងធនធានមនុស្សនៅកម្ពុជា។

លោក ឡង គីសឹង អភិបាលស្រុកសន្ទុក ខេត្តកំពង់ធំ បានថ្លែងថា វត្តមានប្រកបដោយកាយវិការដ៏ប្រពៃ របស់លោក ស៊ុំ សន្និសិទ្ធ នាពេលនេះ បានបង្ហាញឲ្យឃើញច្បាស់ អំពីគុណតម្លៃរបស់ថ្នាក់ដឹកនាំ និងភាពជាអ្នកដឹកនាំប្រកបដោយគុណធម៌ ដែលជានិច្ចកាលតែងតែផ្សារភ្ជាប់ខ្លួន ជាមួយសុខទុក្ខបងប្អូនប្រជាពលរដ្ឋ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្សគ្រប់គ្រឹះស្ថានសិក្សា នៅមូលដ្ឋាន។

សូមបញ្ជាក់ថា ក្នុងឱកាសនោះលោកទេសាភិបាលរង បានឧបត្ថម្ភថវិកាចំនួន២លានរៀល និងសម្ភារៈកីឡា១ឈុត ដល់សាលាបឋមសិក្សាអូរទឹកថ្លា, និងសម្ភារៈកីឡា១ឈុតទៀត ដល់សាលាបឋមសិក្សាបង្គីតាំងរ៉េន, លោកគ្រូ-អ្នកគ្រូ ម្នាក់ៗទទួលបាន អាវយឺត១ ថង់យួរ១ និងថវិកា ៤ ម៉ឺនរៀល, សិស្សានុសិស្សម្នាក់ៗទទួលបានថង់១ សៀវភៅ ប៊ិច និងប្រអបសម្ភារៈសិក្សា, មាតា បិតាសិស្សម្នាក់ៗ ទទួលបានអាវយឺតមួយ ថង់១ រួមជាមួយការទទួលទានអាហារផងដែរ៕