(ភ្នំពេញ)៖ អ្នកជំនាញផ្នែកអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ បានស្នើសុំអ្នកពាក់ព័ន្ធទាំងអស់ មិនថាក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាល្បុក្កតោកម្ពុជា និងគ្រូល្បុក្កតោ រួមគ្នាអភិវឌ្ឍក្បាច់គុននេះ ឱ្យបានដាក់បង្ហាត់ក្នុងវិស័យអប់រំ។ បើតាមលោក រ័ត្ន សណ្តាប់ ល្បុក្កតោ គឺជាក្បាច់គុនមួយរបស់ជាតិ ដែលយើងត្រូវតែលើកស្ទួយ ជាពិសេសត្រូវដាក់ក្នុងប្រព័ន្ធអប់រំទាំងសាលារដ្ឋ និង​ឯកជន។

ការស្នើសុំរបស់អ្នកជំនាញផ្នែកអារ្យធម៌ខ្មែរ បន្ទាប់ពីសហព័ន្ធកីឡាល្បុក្កតោកម្ពុជា ច្រានចោលមតិថា គ្រូបង្ហាត់ល្បុក្កតោយកថ្លៃពេក លើសេវាបង្ហាត់បង្រៀន។

អ្នកជំនាញផ្នែកអារ្យធម៌ខ្មែរ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា «គួរក្រសួង សហព័ន្ធគុនល្បុក្កតោ នៅតាមតំបន់ ខេត្ត ក្រុងនានា រួមគ្នា ដើម្បីធ្វើម៉េច កុំឱ្យគ្រូគុនល្បុក្កតោយើងយកថ្លៃ»

គំនិតរបស់អ្នកជំនាញអារ្យធម៌ខ្មែរ បន្ទាប់ពីឃើញថា គ្រូបង្ហាត់ល្បុក្កតោ នៅតាមសាលាឯកជនយកថ្លៃពេក ធ្វើឱ្យគេមិនអាចបញ្ចូលទៅក្នុងកម្មវិធីសិក្សាបាន។ ជាមួយគ្នានេះ ក្បាច់គុនមួយនេះ ក៏អត់ទាន់មានបង្ហាត់ នៅក្នុងសាលារដ្ឋទៀតផង។

ប្រទេសដែលមានក្បាច់គុនជាតិ ដូចនៅកូរ៉េគេលើកស្ទូយតេខ្វាន់ដូ រីឯជប៉ុនគេលើកស្ទួយការ៉ាត់តេ ដូចចិនលើកស្ទួយកុងហ្វូដែរ ហើយបើតាមលោក អ៊ុន ជីម អ្នកសិក្សាផ្នែកវិទ្យាសាស្ត្រនយោបាយ និងវប្បធម៌ បានលើកជាយោបល់ថា ទាំងសាលារដ្ឋនិងឯកជន គួរតែបង្រៀនល្បុក្កតោដល់សិស្ស ជាលក្ខណៈកីឡាហាត់ប្រាណផង និងលក្ខណៈប្រយុទ្ធផង។ ជាលក្ខណៈកីឡាហាត់ប្រាណ ដើម្បីឱ្យសិស្សមានសុខភាពល្អ រីឯលក្ខណៈប្រយុទ្ធ ដើម្បីសិស្សចេះការពារខ្លួនពីសត្រូវ។

លោក អ៊ុន ជឹម ក៏ស្នើឱ្យអ្នកពាក់ព័ន្ធ មានគំនិតលើកស្ទូយល្បុក្កតោ ដែលជាក្បាច់គុនបុរាណខ្មែរ ជាវប្បធម៌ខ្មែរឱ្យផុលផុស ដោយបញ្ជាក់ថា «ធ្វើបែបនេះ ដើម្បីពង្រឹងក្បាច់គុនល្បុក្កតោយើង»។

សូមជម្រាបថា បើតាមលោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា ចំពោះសាលាដែលជាសមាជិករបស់សហព័ន្ធ មានមិនច្រើនទេ ដែលដាក់បង្ហាញល្បុក្កតោ។ លោកបន្តថា នៅរាជធានីភ្នំពេញ មានសាលាធំៗមួយចំនួន ដែលបានដាក់ឱ្យបង្ហាត់ ហើយសាលា Westlines ក៏បានដាក់ត្រឹមតែសាខាមួយចំនួនប៉ុណ្ណោះ ខណៈសាលា AIS ក៏មានដាក់ដែរ ពោលគឺតិចតួចណាស់។

លោក គង់ សំនៀង បានបញ្ជាក់យ៉ាងដូច្នេះថា «វាមានការលំបាកបន្តិច ក្នុងការរកគ្រូ ហើយគ្រូហាក់បីដូចជា យកថ្លៃខ្ពស់ពេក ធ្វើឱ្យការចំណាយរបស់សាលាមានការកើនឡើង។ ជាចេតនា​ យើងក៏ចង់ដាក់ដែរ។ ឯកជន ចង់លើកតម្លៃវប្បធម៌ជាតិ ជាពិសេសល្បុក្កតោ ប៉ុន្តែតម្លៃខ្ពស់ពេក»។

លោក គង់ សំនៀង បានអះអាងថា ចេតនារបស់សាលាឯកជន ចង់លើកតម្លៃក្បាច់គុនខ្មែរ តែដោយសារគ្រូបង្ហាត់យកថ្លៃពេក នាំឱ្យសាលាពិបាករៀបចំ ព្រោះការចំណាយមានការកើនឡើង បើបញ្ចូលល្បុក្កតោ ក្នុងម៉ោងសិក្សា។

លោក សាន គឹមស៊ាន បណ្ឌិតព្រឹទ្ធាចារ្យក្រមាមាស នៃបណ្ឌិត្យសភាគុនល្បុក្កតោកម្ពុជា បានអះអាងថា គ្រូបង្ហាត់ល្បុក្កតោ ដែលយកថ្លៃ អាចមិនមែនចេញពីបណ្ឌិត្យសភាគុនល្បុក្កតោកម្ពុជា នោះឡើយ។ គ្រូល្បុក្កតោ ដែលស្របច្បាប់ ត្រូវតែចេញពីបណ្ឌិត្យសភាគុនល្បុក្កតោកម្ពុជា ហើយចំពោះគ្រូបង្ហាត់ ដែលចេញពីខាងសហព័ន្ធ លោកអត់ទទួលខុសត្រូវទេ។

លោក សាន គឹមស៊ាន បានបញ្ជាក់ថា «ខ្ញុំអត់ទាន់បានចាត់ចែងជាមួយក្រសួង (អប់រំ) នៅឡើយទេ អ្នកណាគេយកថ្លៃពេកហ្នឹង កុំអាលសិន។ ហើយចូលឆ្នាំ បានខ្ញុំជជែកជាមួយក្រសួង។ គ្រូ ដែលចេញបង្ហាត់ ទាល់តែមានលិខិតចេញពីបណ្ឌិត្យសភាគុនល្បុក្កតោកម្ពុជា ចេញពីខ្ញុំទៅ។ បើគ្រូទៅបង្ហាត់ យកស្រេចតែចិត្ត កុំយកទុកដាក់ពេក។ ចង់ដឹងអ្វី ទាក់ទងមកបណ្ឌិត្យសភាគុនល្បុក្កតោកម្ពុជា»

បើតាមលោក សាន គឹមស៊ាន បណ្ឌិត្យសភាគុនល្បុក្កតោកម្ពុជា កំពុងតែរៀបចំទីតាំងដើម្បីបណ្តុះបណ្តាលគ្រូ ដែលមានវិជ្ជាជីវៈ។

សូមជម្រាបថា ល្បុក្កតោ ជាក្បាច់គុនបុរាណខ្មែរដែលចាក់ឫសចាក់គល់យ៉ាងជ្រៅ នៅក្នុងសង្គមខ្មែរជាច្រើនសតវត្សមកហើយៗ បន្តរស់រានក្នុងសង្គមខ្មែរ រហូតដល់បច្ចុប្បន្ន។ ចម្លាក់លើជញ្ជាំងប្រាសាទសម័យអង្គរ ជាភស្តុតាងបង្ហាញច្បាស់អំពីការហាត់សមក្បាច់គុននេះដែរ។ ការបង្ហាត់បង្ហាញក្បាច់គុនល្បុក្កតោតៗគ្នាពីជំនាន់មួយទៅជំនាន់មួយ គឺដើម្បីពង្រឹងប្រាជ្ញាស្មារតី និងសមត្ថភាពការពារខ្លួនពីសត្វសហាវព្រមទាំងសត្រូវនានាផង និងការពារសង្គមជាតិនិងមាតុភូមិផង។

ដោយមានការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងការខិតខំប្រឹងប្រែងរបស់សហគមន៍ គ្រូគុន សិស្សគុនល្បុក្កតោទាំងអស់ ក្បាច់គុនល្បុក្កតោកម្ពុជាត្រូវបានអភិរក្ស លើកតម្លៃ និងផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើក្នុងប្រទេស និងលើឆាកអន្តរជាតិ។ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងរ៉ាបាត នៃព្រះរាជាណាចក្រម៉ារ៉ុក នៅក្នុងកិច្ចប្រជុំលើកទី១៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល ដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ បានអនុម័តចុះ ល្បុក្កតោ ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ។

សម្រាប់ លោក រ័ត្ន សណ្ដាប់ បានផ្តល់ជាគំនិតថា បើសិនជាក្រសួងអប់រំ យុវជន និងកីឡា រួមគ្នាជាមួយសហព័ន្ធកីឡាល្បុក្កតោកម្ពុជា សម្រួលឱ្យមានការបង្ហាត់ល្បុក្កតោ នៅតាមវិស័យអប់រំ ក្បាច់គុនរបស់ជាតិមួយនេះ នឹងរីកចម្រើនពេញផ្ទៃប្រទេស។

អ្នកនាំពាក្យក្រសួងអប់រំ មិនទាន់ឆ្លើយតបនឹងបញ្ហានេះទេ៕