(ភ្នំពេញ)៖ អង្គការសហប្រជាជាតិ បានបង្ហាញការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះយុទ្ធសាស្ត្របច្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញគោលនយោបាយបច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។
ការវាយតម្លៃនេះធ្វើឡើងតាមរយៈលោកស្រីបណ្ឌិត អាមីដា សាលសុីយ៉ាអាលីសចាបាណា អគ្គលេខាធិការរង នៃអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិ នៃគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាសុី-ប៉ាសុីហ្វិក (ESCAP)។
រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ បានចាត់ទុកបច្ចេកវិទ្យាឌីជីថល ជាកាតាលីករថ្មីដ៏មានសារៈសំខាន់ ដែលមានសក្តានុពលភាព និងកាលានុវត្តភាពក្នុងការជំរុញកំណើនផលិតភាពសេដ្ឋកិច្ច និងសង្គម ក៏ដូចជាប្រសិទ្ធភាពនៃការងាររដ្ឋាបាល។ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល ជាមុំទី៥ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលនេះ រាជរដ្ឋាភិបាលបានកំណត់មុំការងារសំខាន់ចំនួន៥ទៀត រួមមាន៖ ការកសាងរដ្ឋាភិបាលឌីជីថល និងពលរដ្ឋឌីជីថល, ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ធុរកិច្ចឌីជីថល ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងប្រព័ន្ធនវានុវត្តន៍ឌីជីថល, ការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល, ការកសាងភាពជឿទុកចិត្តលើប្រព័ន្ធឌីជីថល និងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ។
ក្នុងជំនួបជាមួយអគ្គលេខាធិការរងអង្គការសហប្រជាជាតិនាព្រឹកថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០២៤ នៅទីក្រុងបាងកក ប្រទេសថៃ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ការដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ បានផ្តល់អាទិភាពលើបច្ចេកវិទ្យាឌីជីថល ដែលជាសមាសធាតុដ៏សំខាន់នៃការជំរុញប្រភពកំណើនសេដ្ឋកិច្ចថ្មី ព្រមទាំងសម្រេចបានចក្ខុវិស័យនៃការប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។
សូមបញ្ជាក់ថា នៅក្នុងជំនួបព្រឹកមិញនេះ លោកស្រីបណ្ឌិត អាមីដា បានថ្លែងអំណរគុណសម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកចូលរួម និងថ្លែងសុន្ទរកថាគន្លឹះក្នុងសន្និបាតលើកទី៨០ របស់គណៈកម្មការ ESCAP។
សម្តេចធិបតី ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងការគាំទ្ររបស់គណ:កម្មការ ESCAP ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជានាពេលកន្លងមក ដោយគណ:កម្មការ ESCAP គឺជាដៃគូដ៏សំខាន់មួយរបស់កម្ពុជាបានផ្តល់ជំនួយបច្ចេកទេស និងការបណ្ដុះបណ្ដាលជំនាញលើវិស័យនានា រួមមាន ដូចជា៖ ការអភិវឌ្ឍន៍សេដ្ឋកិច្ច, និរន្តរភាពបរិស្ថាន, ការជំរុញបរិយាប័ន្នសង្គម និងអភិបាលកិច្ច ជាដើម។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណគណ:កម្មការ ESCAP ដែលបានជួយគាំទ្រការរៀបចំសេចក្តីព្រាងគោលនយោបាយជាតិសកម្មភាពមីន ដែលគោលនយោបាយនេះ គឺជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ESCAP ក្នុងការចូលរួមក្នុងសកម្មភាពពាក់ព័ន្ធនឹងមីន។ សម្តេចធិបតី បានបង្ហាញការប្ដេជា្ញចិត្តរបស់កម្ពុជាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងកម្ពុជា និងគណ:កម្មការ ESCAP បន្ថែមទៀត ដើម្បីជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឆ្ពោះទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការកសាងអនាគតដ៏ល្អប្រសើរមួយសម្រាប់ទាំងអស់គ្នា៕