(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅម៉ោង៧៖១៧នាទីព្រលប់ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦នេះ បានដឹកនាំគណៈប្រតិភូមកដល់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានលើកទី២៨-២៩ និងកិច្ចប្រជុំពាក់ព័ន្ធជាច្រើនទៀតនៅក្នុង ទីក្រុងវៀងច័ន្ទ ប្រទេសឡាវ អស់រយៈពេល ៣ថ្ងៃ។
កិច្ចប្រជុំនៅក្នុងប្រទេសឡាវរយៈពេល ៣ថ្ងៃនេះ ដែលសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចូលរួមនេះ រួមមានកិច្ចប្រជុំកំពូលអាស៊ានលើកទី២៨-២៩, កិច្ចប្រជុំកំពូលចិន-អាស៊ាន, កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី១៩, កិច្ចប្រជុំកំពូលអាស៊ានសាធារណរដ្ឋកូរ៉េលើកទី១៨, កិច្ចប្រជុំកំពូលអាស៊ានបូក៣ លើកទី១៩, កិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលីលើកទី២ និងកិច្ចប្រជុំកំពូលអាស៊ានអូស្រា្តលី២ឆ្នាំម្តងលើកទី១, កិច្ចប្រជុំកំពូលអាស៊ាន-អង្គការ សហប្រជាជាតិលើកទី៨ និង កិច្ចប្រជុំកំពូលមេគង្គជប៉ុនលើកទី៨។
បើតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំនៅទីក្រុងវៀងច័ន្ធនេះ មានភាពមមាញឹកខ្លាំង ដោយសារកិច្ចប្រជុំមានច្រើន ដូច្នេះថ្នាក់ដឹកនាំប្រទេសអាស៊ាន និងដៃគូ ត្រូវជួបប្រជុំគ្នាបន្តបន្ទាប់រហូតដល់ពេលព្រលប់ ហើយស្រស់ស្រូបអាហារជុំគ្នាតែម្តង។
សម្តេចតេជោ បានបញ្ជាក់ថា នៅថ្ងៃទី០៦ ខែកញ្ញា ដោយសាររវល់ជាមួយកិច្ចប្រជុំ រហូតដល់ម៉ោង ១២យប់ទើបសម្តេចបានមុជទឹក។ សម្តេចតេជោ ធ្លាប់បានឲ្យដឹងផងដែរថា នៅក្នុងកិច្ចប្រជុំនេះ ក្នុងមួយថ្ងៃងូតទឹកបានតែម្តង ហើយស្លៀកសម្លៀកបំពាក់បានតែមួយកំប្លេ ហើយប្រសិនបើចង់ផ្លាស់ប្តូរក្រវ៉ាត់ក ឬអាវក្នុងជាដើមនោះ ត្រូវផ្លាស់ប្តូរនៅក្នុងបន្ទប់ទឹក។
សម្តេចតេជោ ហ៊ុន សែន កិច្ចប្រជុំនេះហត់តែសប្បាយ ដោយសារមេដឹកនាំប្រទេសអាស៊ាន១០ និង ប្រទេសដៃគូ ៨ទៀត ដែលមានប្រជាជនជាង ៣ពាន់លាននាក់មកជួបជុំធ្វើការជាមួយគ្នាដោយក្តីរីករាយ។
ជាការកត់សម្គាល់កិច្ចប្រជុំកំពូលអាស៊ាន និងជាមួយដៃគូពាក់ព័ន្ធនៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ទទួលបានលទ្ធផលផ្លែផ្កាច្រើន ហើយក៏មានការស្រុះស្រួលគ្នាច្រើនផងដែរ។ មេដឹកនាំទាំងអស់ បានពិភាក្សាផ្តោតជាសំខាន់ពីវឌ្ឍនភាព និងការរីកចម្រើនរបស់ប្រទេសក្នុងតំបន់អាស៊ានលើផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម រួមនិងបញ្ហាមួយចំនួនផ្សេងទៀត។ មេដឹកនាំអាស៊ាន និងដៃគូ ក៏បានពិភាក្សាពីបញ្ហាសន្តិសុខ ការទប់ស្កាត់អំពើភេរវកម្មជាដើម ដើម្បីរក្សាស្ថេរភាព និងសន្តិភាពក្នុងតំបន់។
កិច្ចប្រជុំកំពូលអាស៊ានលើកទី២៨-២៩ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ បានបញ្ចប់នៅរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦នេះ ហើយ ប្រទេសហ្វីលីពិន ជាអ្នកទទួលភារកិច្ចរៀបចំកិច្ចប្រជុំនេះ នៅឆ្នាំ២០១៧។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អំឡុងពេលបិទបញ្ចប់កម្មវិធីនេះ ប្រមុខដឹកនាំអាស៊ានទាំង១០បានអញ្ជើញចូលរួម នៅក្នុងពិធីបិទនេះជាផ្លូវការប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលក្រៃលែង។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងថា «ទោះបីហត់នឿយបន្តិចមែនក្តីតែសម្តេចសប្បាយចិត្តបំផុត ដែលបានជួបពិភាក្សាដោះស្រាយបញ្ហា រួមគ្នាជាមួយប្រមុខដឹកនាំប្រទេសអាស៊ានដទៃៗទៀត ដើម្បីពង្រឹងនូវសុខសន្តិភាព និងផ្តល់នូវឱកាសដល់បណ្តាប្រជាជាតិទាំងអស់ ដើម្បីទទួលបានផលប្រយោជន៍ ក្នុងការចូលរួមកសាង និងអភិវឌ្ឍសង្គមន៍ជាតិ»៕