ក្រសួងសាធារណការប្រគល់កៅស៊ូ ១០តោន ដល់សាលារាជធានីភ្នំពេញ សម្រាប់អ៊ុតផ្លូវសំបុកមាន់
08-09-2016 18:54
(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រគល់កៅស៊ូជាជំនួយរបស់ប្រទេសជប៉ុនចំនួន ១០តោន ទៅសាលារាជធានីភ្នំពេញ ដើម្បីអ៊ុតផ្លូវសំបុកមាន់ក្នុងរាជធានីភ្នំពេញ។ ពិធីប្រគល់កៅស៊ូនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្រោមអធិបតីភាពលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល និងលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ។
លោក ស៊ុន ចាន់ថុល បានថ្លែងក្នុងពិធីនារសៀលថ្ងៃនេះថា នៅខែវិច្ឆិកាខាងមុខនេះ ប្រទេសជប៉ុន និងផ្តល់ម៉ាស៊ីនផលិតកៅស៊ូមកដល់កម្ពុជា ក្នុងគោលបំណងសម្រូលក្នុងការជួសជួលសំបុកមាន់។ លោករដ្ឋមន្រ្តី បានបញ្ជាក់ថា ម៉ាស៊ីននេះ អាចផលិតកៅស៊ូបាន ៤តោន ក្នុងមួយថ្ងៃ។
បញ្ជាក់នៅក្នុងពិធីប្រគល់កៅស៊ូ លោក ស៊ុន ចាន់ថុល បានឲ្យដឹងថា «កៅស៊ូត្រជាក់យកទៅប្រើសម្រាប់អ៊ុតសំបុកមាន់ ប្រើបាន១ឆ្នាំ ទល់នឹង១ឆ្នាំ។ ជប៉ុនបានប្រគល់ជូន ២០តោន ក្នុងនោះ ខ្ញុំជូនដល់សាលារាជធានីភ្នំពេញ ២០តោន ទុក៥តោន ទៅខាងខេត្តសៀម រាប និង ៥តោនទៀត ទៅខេត្តបាត់ដំបង»។
ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បញ្ជាក់ថា ការអ៊ុតសំបុកមាន់តាមផ្លូវថ្នល់នេះ គឺដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរ ខណៈប្រជាពលរដ្ឋ ធ្វើដំណើរនៅពេលយប់។
ជាការឆ្លើយតប លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានអរគុណដល់លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ដែលបានប្រគល់ជូនកៅស៊ូអ៊ុតសំបុកមាន់ ១០តោន ជាជំនួយរបស់ប្រទេសជប៉ុន ជូនសាលារាជធានីភ្នំពេញ នាពេលនេះ៕