(មណ្ឌលគិរី)៖ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា លោក ណយ ស្រូន ដែលជាអនុប្រធានផ្នែកវប្បធម៌ និងសាសនា នៃយុវជនគណបក្សថ្នាក់កណ្តាល នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះ បានដឹកនាំក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន ចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧភោគបរិភោគ សម្ភារៈ និងថវិកាមួយចំនួន ចូលរួមរំលែកទុក្ខ និងសម្តែងការសោកស្តាយជូនចំពោះគ្រួសារសព៤នាក់ ដែលបានស្លាប់ ដោយសារករណីផ្ទុះគ្រាប់មិនទាន់ផ្ទុះ និងរងរបួស២នាក់ ស្ថិតនៅតំបន់ការពារធនធានធម្មជាតិត្រពាំងទុង ភូមិស្រែអ៊ី សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤។
លោក ណយ ស្រូន បាននាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេច តែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋទូទៅ ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ ចំពោះសម្ភារៈ និងថវិកា ដែលក្រុមការងារចូលរួមរំលែកទុក្ខគ្រួសារសពនាពេលនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីជួយដោះស្រាយដល់គ្រួសាររងគ្រោះបានមួយកម្រិត។
ជាថ្មីម្ដងទៀត លោកបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាប្រុងប្រយ័ត្ន នៅពេលប្រទះឃើញនូវគ្រាប់យុទ្ធភ័ណ្ឌដែលមិនទាន់ផ្ទុះ សូមកុំប៉ះពាល់ ត្រូវរាយការណ៍ជូនដំណឹងដល់អាជ្ញាធរ ឬសមត្ថកិច្ចនៅមូលដ្ឋាន ដើម្បីចុះដោះស្រាយ និងទប់ស្កាត់បានទាន់ពេលវេលាផងដែរ៕