(ឡាវ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់នៅលើ Facebook Page ផ្លូវការនៅមុននេះបន្តិចថា កិច្ចប្រជុំកំពូលអាស៊ានលើកទី ២៨-២៩ បានបញ្ចប់ជាផ្លូវការហើយ នៅរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ ២០១៦ នៅទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ។ អំឡុងពេលនៃការបិទបញ្ចប់កម្មវិធីនេះប្រមុខដឹកនាំអាស៊ានទាំង១០បានអញ្ជើញចូលរួម នៅក្នុងពិធីបិទនេះជាផ្លូវការ ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលក្រៃលែង។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងថា « ទោះបីហត់នឿយបន្តិចមែនក្តីតែសម្តេចសប្បាយចិត្តបំផុត ដែលបានជួបពិភាក្សាដោះស្រាយបញ្ហា រួមគ្នាជាមួយប្រមុខដឹកនាំប្រទេសអាស៊ានដទៃៗទៀត ដើម្បីពង្រឹងនូវសុខសន្តិភាព និងផ្តល់នូវឱកាសដល់បណ្តាប្រជាជាតិទាំងអស់ដើម្បី ទទួលបាននូវផលប្រយោជន៍ ក្នុងការចូលរួមកសាង និងអភិវឌ្ឍសង្គមន៍ជាតិ»។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី ២៨-២៩ គឺប្រទេសឡាវបានធ្វើជាម្ចាស់ផ្ទះ ដោយឡែកនៅឆ្នាំក្រោយប្រទេសហ្វីលីពីន នឹងបន្តដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន។ ក្រោយពីបានបញ្ចប់កិច្ចប្រជុំនេះសម្តេចតេជោ ហ៊ុន សែន នឹង ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា វិលត្រឡប់មកមាតុប្រទេសវិញ។
គួរកត់សម្គាល់ថា កិច្ចប្រជុំកំពូលអាស៊ាន និងជាមួយដៃគូពាក់ព័ន្ធនៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ទទួលបានលទ្ធផលផ្លែផ្កាច្រើន ហើយក៏មានការស្រុះស្រួលគ្នាច្រើនផងដែរ។ មេដឹកនាំទាំងអស់ បានពិភាក្សាផ្តោតជាសំខាន់ពីវឌ្ឍនភាព និងការរីកចម្រើនរបស់ប្រទេសក្នុងតំបន់អាស៊ានលើផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្មរួមនិងបញ្ហាមួយចំនួនផ្សេងទៀត ។ មេដឹកនាំអាស៊ាន និងដៃគូ ក៏បានពិភាក្សាពីបញ្ហាសន្តិសុខ ការទប់ស្កាត់អំពើភេរវកម្មជាដើម ដើម្បីរក្សាស្ថេរភាព និងសន្តិភាពក្នុងតំបន់៕