(ភ្នំពេញ)៖ កម្លាំងនគរបាលជំនាញរបស់ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦នេះ បានធ្វើការចាប់ខ្លូនជនជាតិស្បែកខ្មៅម្នាក់ និងស្ដ្រីខ្មែរម្នាក់ ដែលបានឆបោកប្រជាពលរដ្ឋតាមរូបភាពផ្សេងៗ ហើយឲ្យពលរដ្ឋផ្ញើលុយឲ្យខ្លួនតាមវីងផ្ទេរលុយ។
មន្ដ្រីនគរបាលបានបញ្ជាក់ ជនសង្ស័យទាំង២ ត្រូវបានឃាត់ខ្លួននៅក្នុងផ្ទះល្វែងជួលមួយ នៅតាមបណ្ដាយផ្លូវ១០BT ស្ថិតក្នុងក្រុម៣ ភូមិសន្សំកុសល៥ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។ បើតាមសមត្ថកិច្ច បក្ខពួកជនសង្ស័យ តែងតែប្រាប់មធ្យោយបាយគ្រប់រូបភាព ក្នុងការឆបោកប្រជាពលរដ្ឋតាមទូរស័ព្ទ ដូចជាឈ្នះរង្វាន់ពីក្រុមហ៊ុន ជាដើម ហើយពួកនេះ បានប្រាប់ពលរដ្ឋថា មុននឹងទទួលរង្វាន់ធំត្រូវផ្ញើលុយតាមវីងឲ្យគេជាមុនសិន ដើម្បីតម្កល់លុយទុកនៅក្នុងក្រុមហ៊ុនបានអាចបើករង្វាន់ធំបាន ជាពិសេសពួកនេះ បានប្រាប់ពលរដ្ឋថា រឿងឈ្នះរង្វាន់នេះ មិនត្រូវឲ្យអ្នកណាម្នាក់ដឹងជាដាច់ខាត ព្រោះថាខ្លាច អំពើចោរកម្ម។ បើតាមសមត្ថកិច្ចសម្រាប់រូបភាពខាងលើនេះ គឺជនសង្ស័យបានប្រាប់ជនរងគ្រោះ ឲ្យផ្ញើឲ្យលុយទិញទំនិញតែតាមការពិត គឺបោក។
បច្ចុប្បន្នសមត្ថកិច្ចជំនាញ កំពុងធ្វើការស្រាវជ្រាវដើម្បីស្វែងរកបក្ខពួកជនសង្ស័យផ្សេងទៀត យកមកផ្តន្ទាទោសតាមច្បាប់៕