(ហុងកុង)៖ សមាជិកសភាហុងកុងម្នាក់ ដែលទទួលបានការគាំទ្រយ៉ាងច្រើនពីប្រជាជន ត្រូវបានគេគំរាម សម្លាប់តាំងតែពីមុន និងបន្ទាប់ពីការបោះឆ្នោតជ្រើសរើសរូបលោក ធ្វើជាសមាជិកសភាហុងកុងមកម្ល៉េះ ហើយបន្ទាប់មកលោកបានរាយការណ៍ ពីការគំរាមកំហែងនេះ ទៅកាន់សមត្ថកិច្ច។ នេះបើតាមការផ្សាយ ដោយសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៨ ខែកញ្ញា ឆ្នាំ២០១៦។
លោក Eddie Chu គឺជាតំណាងរាស្ត្រមួយរូប ក្នុងចំណោមបេក្ខជន០៥រូប នៅហុងកុងដែលកំពុង ខិតឃ្លាតឆ្ងាយ ដោយមានបំណងចង់ផ្តាច់ខ្លួនទាំងស្រុងចេញពីទីក្រុងប៉េកាំងផងដែរ។ លោក Chu អាយុ ៣៨ឆ្នាំ ដែលជាអ្នកអភិរក្សបរិស្ថានមួយរូប ដោយធ្លាប់បង្កើតយុទ្ធនាការប្រឆាំងនឹងការបំផ្លាញសម្បត្តិ បេតិកភណ្ឌដើម្បីធ្វើការអភិវឌ្ឍន៍ថ្មីនោះ បានស្បថចូលកាន់តំណែងជាលើកដំបូង នៅក្នុងសភា នៃក្រុមទីប្រឹក្សានិតិបញ្ញត្តិ នៅថ្ងៃអាទិត្យសប្តាហ៍មុននេះ។
លោក Eddie Chu បានប្រាប់ឲ្យដឹងថា លោកមិនអាចត្រឡប់ទៅផ្ទះបានព ដោយសារលោកត្រូវបានគេ តាមដាន និងសុវត្ថិភាពរបស់ក្រុមគ្រួសារលោក ត្រូវបានគេគំរាមកំហែង។ លោក Chu និយាយថា «ខ្ញុំត្រូវគេគំរាមសម្លាប់ ព្រោះតែទស្សនៈនយោបាយរបស់ខ្ញុំ។ ការគំរាមលើសុវត្ថិភាពផ្ទាល់ខ្លួនខ្ញុំ គឺវាជាក់ច្បាស់ណាស់ ដោយប៉ុន្មានថ្ងៃចុងក្រោយនេះ ស្ថានការណ៍កាន់តែអាក្រក់ទៅៗ»។ យ៉ាងណាក្តី សមាជិកសភាហុងកុងរូបនេះ មិនបានឲ្យដឹងពីព័ត៌មានលម្អិតថា ជនណាជាអ្នកធ្វើការគំរាមដល់រូបលោក ឬលោករងការគំរាម ដោយវិធីណានោះឡើយ។
ជាមួយគ្នានេះដែរ លោក Michael Vidler ដែលជាមេធាវីរបស់លោក Chu បានស្នើឲ្យសមត្ថកិច្ចហុងកុង ធ្វើការយកចិត្តទុកដាក់លើករណីនេះ ដោយលោកបានសង្កត់ធ្ងន់ថា «ការគំរាម ឬអំពើហិង្សា ដែលពាក់ព័ន្ធនឹងនយោបាយ ប្រឆាំងនឹងអ្នកតំណាងរាស្រ្ត ដែលត្រូវបានជ្រើសតាំងដោយត្រឹមត្រូវ ដោយប្រជាជន គឺការពារបំពាន មិនគោរពនិតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យ ហើយសមត្ថកិច្ចមានកាតព្វកិច្ច ប្រកាន់ខ្ជាប់នូវក្បួនច្បាប់ទាំងនេះ និងសិទ្ធិដែលធានាដោយរដ្ឋធម្មនុញ្ញរបស់ប្រជាពលរដ្ឋ»៕