(ភ្នំពេញ)៖ មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយក្រោមការដឹកនាំរបស់លោកបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយសាស្រ្តាចារ្យនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្តល់ជូនការបង្រៀនបំប៉នសមត្ថភាពត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដល់សិស្សានុសិស្ស ដែលជាបេក្ខជនត្រៀមប្រឡងដោយឥតគិតថ្លៃ តាមរយៈការផ្សាយផ្ទាល់នៅក្នុងគេហទំព័រឬកម្មវិធីសិក្សាទូរសិក្សា - Duraseksa ដោយគម្រោងនេះត្រូវបានដាក់ឈ្មោះថា «ប្រព័ន្ធបង្រៀនសមកាលកម្ម ឬ Live Teaching System»

គួរបញ្ជាក់ផងដែរថា វគ្គបំប៉នសមត្ថភាពនេះត្រូវបានរៀបចំក្នុងទម្រង់ជាក្លឹបសិក្សាតាមមុខវិជ្ជានីមួយៗសម្រាប់សិស្សថ្នាក់ទី១២ ដោយនឹងមានការចូលរួមបង្រៀនដោយផ្ទាល់ពីសាស្រ្តាចារ្យល្បីៗមានដូចជា៖ លោកគ្រូ ធូ ភន, លោកគ្រូ ជ័យ ថាវី, លោកគ្រូ វ៉ាន់ វី, លោកគ្រូ ហង់ ស៊ីម, បណ្ឌិត ស៊ាម ង៉ុន​ និងសាស្ត្រាចារ្យល្បីៗជាច្រើនទៀតតាមមុខវិជ្ជា ។

វគ្គបំប៉នសមត្ថភាព ឬគម្រោង Live Teaching នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់ការគាំទ្រដោយផ្ទាល់ចំពោះសិស្សានុសិស្សដែលត្រូវការបំប៉នសមត្ថភាពបន្ថែម ដោយធានាបានថាសិស្សានុសិស្សទាំងអស់នឹងទទួលបានការសិក្សាតាមបែបពន្លឿនដោយទទួលបានការគាំទ្រផ្នែកស្មារតី និងបង្ការពួកគេពីភាពឯកោរ និងបោះបង់ការសិក្សា។

វគ្គបំប៉នសមត្ថភាពនេះត្រូវបានរៀបចំនៅវិទ្យាល័យបណ្តាញចំនួន៤ និងមានការផ្សាយផ្ទាល់ពីវិទ្យាល័យឥន្ទ្រទេវី ដោយវិទ្យាល័យបណ្តាញទាំង៤ មានដូចជា៖ វិទ្យាល័យហ៊ុនសែនបុរី១០០ខ្នង វិទ្យាល័យកំបូល វិទ្យាល័យទឹកល្អក់ វិទ្យាល័យជាស៊ីមជ្រោយចង្វារ។

វគ្គបំប៉នសមត្ថភាពនេះនឹងប្រព្រឹត្តទៅនៅរៀងរាល់ថ្ងៃអាទិត្យចាប់ពីម៉ោង ៧៖០០ នាទីព្រឹក រហូតដល់ម៉ោង ៥៖០០នាទីរសៀលដោយមានការបែងចែកកាលវិភាគតាមមុខវិជ្ជា។ ក្រៅពីការផ្សាយផ្ទាល់នៅតាមវិទ្យាល័យគោលដៅ វគ្គបំប៉នសមត្ថភាពនេះក៍មានការផ្សាយបន្តផ្ទាល់ទៅកាន់សិស្សានុសិស្សទូទាំងប្រទេស តាមរយៈគេហទំព័រទូរសិក្សា របស់មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ។

សម្រាប់ព័ត៍មានបន្ថែមសូមតាមដានទំព័រផ្លូវការរបស់ទូរសិក្សា៖ Duraseksa - ទូរសិក្សា ឬតេឡេក្រាមឆាណែល៖ https://t.me/duraseksa