(សៀមរាប)៖ តាមការព្យាករណ៍ទុកនៅព្រឹកព្រលឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខ ម៉ោងប្រមាណចាប់ពី៥ ទៅ៦ទាបភ្លឺ ព្រះអា ទិត្យនឹងរះឡើងតាមកំពូលប្រាង្គកណ្តាល នៃប្រាសាទអង្គរវត្ត។ ហេតុការណ៍នេះ តែងទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើន ដែលចង់ឃើញព្រឹត្តការណ៍ដ៏អស្ចារ្យ ហើយចង់ផ្តិតយករូបភាពនេះទុកជាអនុស្សាវរីយ៍។
ហេតុអ្វីមានព្រឹត្តិការណ៍បែបនេះកើតឡើង? តើមានអ្វីពាក់ព័ន្ធនឹងសំណង់ស្ថាបត្យកម្មអង្គរវត្ត?
លោក អ៉ឹម សុខរិទ្ធី អ្នកស្រាវជ្រាវបុរាណវិទ្យា និងជាអនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និង តម្កល់ឯកសារអង្គរ នៃអាជ្ញាធរជាតិអប្សរា បានពន្យល់ថា ចំណេះដឹងសិក្សាអំពីព្រះអាទិត្យរះឡើងតាមកំពូលប្រាង្គកណ្តាល នៃប្រាសាទអង្គរវត្តនេះ មិនមែនជារបកគំហើញថ្មីនោះទេ តែជាបទសិក្សា ដែលអ្នកស្រាវជ្រាវធ្លាប់បានធ្វើឡើងជាបន្តបន្ទាប់ខ្លះៗមក ហើយបទសិក្សានោះ គឺស្វែងយល់អំពីទំនាក់ទំនងរវាងសំណង់ស្ថាបត្យកម្មបុរាណ និងតារាសាស្ត្រ ដើម្បីបញ្ជាក់ថា វាមិនមែនជាហេតុចៃដន្យ ឬ ជាអព្ភូតហេតុអ្វីនោះទេ តែនេះជាការដឹងជាមុនផ្នែកតារាសាស្រ្ត នៃអ្នកប្រាជ្ញបុរាណដឹកនាំកសាងប្រាសាទអង្គរវត្ត។
លោក អ៉ឹម សុខរិទ្ធី បានពន្យល់ថា មុននឹងឈានដល់ការបកស្រាយពីព្រឹត្តិការណ៍ទាំងអស់នេះ ជាដំបូងគេត្រូវសិក្សាពីទម្រង់ នៃចក្រវាឡទូទៅ ហើយធៀបនឹងស្ថាបត្យកម្ម នៃប្រាសាទអង្គរវត្ត អ្នកប្រាជ្ញបុរាណ បានរៀបចំអង្គរវត្តស្នងឲ្យរូបភាពបង្រួមរបស់ចក្រវាទ្ប នៅលើផែនដីតាមទម្រង់រូបវន្ត ដូចជាការរៀបចំឲ្យមានមហាសមុទ្រ និងជួរភ្នំព័ទ្ធជុំវិញ មានទ្វីបទាំងបួននៅក្នុងចក្រវាទ្ប និងភ្នំព្រះសុមេរុនៅចំកណ្តាល ព្រមទាំងដំណើរវិវត្តន៍របស់ចក្រវាទ្បជាដើម បើយកចំណុចក្រោយនេះមកពិចារណា តាមរយៈក្បួនតារាសាស្ត្ររបស់ឥណ្ឌា អំពីអាយុកាលរបស់ចក្រវាឡ ដែលមានបែងចែកជា ៤យុគបន្តបន្ទាប់គ្នា។ យុគ គឺជាវដ្តសង្សារ នៃចក្រវាឡទាក់ទងនឹងការកើត វិវត្តន៍ និងបាត់បង់ទៅវិញ ចន្លោះ នៃយុគនីមួយៗមានអន្តរកាលមួយ ទើបកើតជាយុគថ្មីមួយទៀត។
អ្នកស្រាវជ្រាវបុរាណវិទ្យារូបនេះបន្ដថា មួយវដ្ត នៃចក្រវាឡមាន ៤យុគ ដែលស្មើនឹង ៤,៣២០,០០០ឆ្នាំ មនុស្សនៅលើផែនដីស្មើនឹង១២,០០០ឆ្នាំទិព្យ ប្រើនៅលើឋានសួគ៌ (១ឆ្នាំទិព្យ ឬសួគ៌ស្មើនឹង ៣៦០ឆ្នាំមនុស្សនៅលើផែនដី) ហើយមួយវដ្ត នៃយុគនេះហៅថាមហាយុគ១ រីឯរយៈពេល ២,០០០មហាយុគស្មើនឹងកល្ប១ ហើយស្មើនឹង១យប់១ថ្ងៃរបស់ព្រះព្រហ្ម ដែលស្មើនឹង៨,៦៤០,០០០,០០០ឆ្នាំមនុស្ស។
មហាយុគចែកជា៤យុគតូចៗ ដូចមានខាងក្រោម៖
១- ក្រឹត្យយុគ (យុគមាស) មានអាយុកាល១,៧២៨,០០០ឆ្នាំមនុស្ស ស្មើនឹង៤,៨០០ឆ្នាំទិព្យ។ នាយុគនេះ មនុស្សលោកមានអាយុវែងៗនិងមានសេចក្តីសុខបរិបូរណ៍។
២- ត្រេតយុគ (យុគប្រាក់) មានអាយុកាល ១,២៩៦,០០០ឆ្នាំមនុស្ស ស្មើនឹង ៣៦០០ឆ្នាំទិព្យ។ មនុស្សរស់នៅក្នុងយុគនេះមានអាយុវែងមធ្យម និងមានសេចក្តីសុខច្រើន
៣- ទ្វាបរយុគ (យុគចំនួនលេខគត់គូ) មានអាយុកាល៨៦៤,០០០ឆ្នាំមនុស្ស ស្មើនឹង២,៤០០ឆ្នាំទិព្យ។ មនុស្សរស់នៅក្នុងយុគនេះ មានអាយុវែងដែរ និងមានសេចក្តីសុខមធ្យម
៤- កលិយុគ (យុគប្រកបដោយទោស ប្រកបដោយជម្លោះ) មានអាយុកាល៤៣២,០០០ឆ្នាំមនុស្ស ស្មើនឹង១,២០០ឆ្នាំទិព្យ។ មនុស្សរស់នៅក្នុងយុគនេះ មានអាយុមិនច្រើន និងមានសេចក្តីសុខតិចតួច។ យុគនេះបានចាប់ផ្តើមហើយ តាំងពីឆ្នាំ៣,១០៣មុនគ.ស.។
ទន្ទឹមនឹងនេះ តាមក្បួនតារាសាស្ត្រឥណ្ឌា គេបែងចែកពេលវេលាដោយគិតទៅតាមដំណើរព្រះច័ន្ទ និងព្រះអាទិត្យ ទើបកើតមានជាចន្ទគតិ និង សុរិយគតិ ហើយក្នុងដំណើរមួយគោចររបស់ព្រះអាទិត្យនេះ មួយឆ្នាំត្រូវបែងចែកជា២ដំណើរ គឺចំនួន១៨៩ថ្ងៃ និងចំនួន១៧៦ថ្ងៃ។ ដោយសារអង្គរវត្តមានទាក់ទង នឹងវដ្តសង្សាររបស់ចក្រវាទ្ប នោះតួលេខនៃអាយុកាលរបស់យុគនីមួយៗ ទាក់ទងទៅនឹងទំហំប្រវែង នៃរចនាសម្ព័ន្ធសំខាន់ៗ របស់អង្គរវត្ត ដែលអ្នកស្រាវជ្រាវបានស្វែងរកឃើញកន្លងមក។
លោក អ៉ឹម សុខរិទ្ធី ពន្យល់តាមរយៈលទ្ធផល នៃការស្រាវជ្រាវនោះថា ខ្នាតដែលស្ថាបត្យករ និង វិស្វករបុរាណប្រើ គឺហត្ថ។ ប្រវែងរបស់ហត្ថ មិនដូចគ្នាទាំងអស់តាមជំនាន់រាជការនីមួយៗទេ ពោល គឺសម័យអង្គរវត្ត រាជការប្រើខ្នាតហត្ថមានប្រវែងស្មើ ០,៤៣៦ម៉ែត្រ តាមខ្នាតនេះ គេអាចស្វែងយល់បានអំពីប្រវែងរចនាសម្ព័ន្ធសំខាន់ៗរបស់អង្គរវត្ត ដូច្នេះ៖
១- ចម្ងាយស្ពានហាលឆ្លងកសិន្ធុ នៅមុខអង្គរវត្តមានប្រវែង ៤៣៩,៧៨ហត្ថ
២- ចម្ងាយរានហាលចាប់ពី គុកតារាជ្យ ដល់ថែវទី២ ប្រវែង៨៦៧,០៣ហត្ថ
៣- ចម្ងាយពីគុកតារាជ្យ ដល់ជណ្តើរទី១ឡើងបាកាន្ត ប្រវែង១២៩៦,០៧ហត្ថ
៤- ចម្ងាយពីមុខនាគ ដល់ប្រាង្គកណ្តាលបាកាន្ត ប្រវែង១៧៣៤,៤១ហត្ថ
៥- រចនាសម្ព័ន្ធនៅជាន់បាកាន្ត ដែលមានប្រាង្គប្រាំសាងទ្បើងកាត់កែងគ្នា ដែលមានប្រវែងលិច-កើតចំនួន១៨៩ហត្ថ និងជើងត្បូងប្រវែង១៧៦,៣៧ហត្ថ បើបូកចំនួនទាំងពីរ គឺសរុបបានចំនួន៣៦៥,៣៧ហត្ថ។
បើយើងលើកលែងការឃ្លៀងឃ្លាតខ្លះដោយចេតនា ដែលជាទំនៀមរបស់ជាងចេញ និងការបំពេញបង្គ្រប់ព្រមទាំងកាត់ចំនួនសេសសល់ចេញ តម្រូវឲ្យចំចំនួនគត់មកវិញ នោះគេនឹងអាចយល់បានអំពីទំនាក់ទំនង នៃប្រវែងរចនាសម្ព័ន្ធសំខាន់របស់អង្គរវត្ត ទៅនឹងអាយុកាលរបស់យុគ នៃវដ្តសង្សារបស់ចក្រវាឡ ទំនាក់ទំនងនោះ អាចសង្ខេបមកដូច្នេះ៖
១- ចម្ងាយដំណើរលើស្ពានហាល អាចប្រមាណនឹងអាយុកាលរបស់កលិកយុគ ដែលមានរយៈពេល ៤៣២,០០០ឆ្នាំ
២- ចម្ងាយដំណើរពីគុកតារាជ្យដល់ថែវទី២ អាចប្រមាណនឹងអាយុកាលរបស់ទ្វាបរយុគ ដែលមានរយៈពេល ៨៦៤,០០០ឆ្នាំ
៣- ចម្ងាយដំណើរពីគុកតារាជ្យដល់ជណ្តើរទី១ឡើងបាកាន្ត អាចប្រមាណនឹងអាយុកាលរបស់ត្រេតយុគ ដែលមានរយៈពេល១,២៩៦,០០០ឆ្នាំ
៤- ចម្ងាយដំណើរពីមុខនាគដល់ប្រាង្គកណ្តាលបាកាន្ត អាចប្រមាណនឹងអាយុកាលរបស់ក្រឹត្យយុគ ដែលមានរយៈពេល១,៧២៨,០០០ឆ្នាំ
៥- រីឯប្រវែងនៅជាន់បាកាន្តដែលមានសំណង់កាត់កែងគ្នា សរុបគឺ ៣៦៥ហត្ថ ដែលរោងទងកាត់កែងលិច-កើតមាន ១៨៩ហត្ថ និងរោងទងជើង-ត្បូង
មាន ១៧៦ហត្ថ នោះវាត្រូវនឹងដំណើរគោចររបស់ព្រះអាទិត្យក្នុងរយៈពេល ៣៦៥ថ្ងៃក្នុងមួយឆ្នាំ ដែលវិស័យតារាសាស្រ្តចែកជាពីរដំណើរគឺ ១៨៩ថ្ងៃ និង១៧៦ថ្ងៃ។
តើហេតុអ្វីបានត្រូវបែងចែកជាពីរដំណើរគោចរដូច្នេះ? ហើយមានពាក់ព័ន្ធនឹងអង្គរវត្ត?
លោក អ៉ឹម សុខរិទ្ធី ពន្យល់តាមក្បួនតារាសាស្រ្តថា ដោយសារក្នុងមួយឆ្នាំៗ មានខែខ្លះថ្ងៃវែងជាងយប់ ហើយខែខ្លះទៀតយប់វែងជាងថ្ងៃ ប៉ុន្តែក្នុងនោះមានខែពីរ ដែលពេលយប់ និងថ្ងៃមានរយៈពេលស្ទើរតែស្មើគ្នានោះ គឺនៅពេលព្រះអាទិត្យគោចរបាន ១៨៩ថ្ងៃម្តង ដែលត្រូវនឹងថ្ងៃទី២០ ឬ ២១ ខែមីនា និងពេលដែលព្រះអាទិត្យគោចរបាន ១៧៦ថ្ងៃម្តងទៀត ដែលត្រូវនឹងថ្ងៃទី២១ ឬ២២ ខែកញ្ញា។ តាមក្បួនតារាសាស្រ្តសម័យទំនើប ហៅបាតុភូតនេះថា Equinox (មកពីភាសាទ្បាតាំង aequus មានន័យថាស្មើ និង nox គឺរាត្រី) ដែលមានគេប្រែសម្រួលជាភាសាជាតិថា «សមរាត្រី»។ យើងក៏អាចសម្គាល់បានអំពីបាតុភូតនេះ បានដែរ បើគេឈរបែរមុខទៅកើតត្រង់ ក្នុងវេលាណាដែលមានព្រះអាទិត្យរះទ្បើងចំពីមុខត្រង់ បន្ទាប់មកទៀតរះទ្បើងត្រង់ចំកណ្តាលក្បាល ហើយធ្វើឲ្យស្រមោល និង តួខ្លួនត្រួតស៊ីគ្នា។
ដោយគន់គូរតាមក្បួនតារាសាស្ត្រ និងលោកធាតុវិទ្យានេះហើយ ដែលស្ថាបត្យករបុរាណកសាងអង្គរវត្ត ឲ្យឆ្លុះប្រៀបនឹងចក្រវាឡផង និងវដ្តសង្សាររបស់ចក្រវាទ្បផង ដោយយកប្រាង្គកណ្តាល នៃអង្គរវត្តជាគោលកណ្តាល និងជាចំណុចសូន្យសម្គាល់គោចររបស់ព្រះអាទិត្យ។ ក្នុងរវាង ១៨៩ថ្ងៃ និងបន្ត ១៧៦ថ្ងៃ ព្រះអាទិត្យនឹងមកដល់ចំណុចនេះម្តង តាមតម្រានេះហើយ ទើបក្នុងមួយឆ្នាំព្រះអាទិត្យតែងរះលូតទ្បើងត្រង់ តាមកំពូលកណ្តាល នៃអង្គរវត្ត២ដង ក្នុងមួយឆ្នាំជាទៀងទាត់។
«សមរាត្រី» ជាក់ស្តែងនាខែកញ្ញា ឆ្នាំ២០១៦ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា វេលារសៀលម៉ោង ២៖២១នាទីម៉ោងសកល ដែលត្រូវនឹងវេលានៅស្រុកខ្មែរ នាយប់ម៉ោង ៩៖២១នាទី ប៉ុន្តែព្រឹត្តការណ៍ នៃព្រះអាទិត្យរះទ្បើងតាម និង ចំកំពូលកណ្តាលប្រាសាទអង្គរវត្ត នឹងកើតទ្បើងនៅព្រឹកព្រលឹមស្រាងៗនាថ្ងៃបន្ទាប់ ពោលគឺថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦។ ជាការសង្ខេបមកវិញ ការរះឡើង នៃព្រះអាទិត្យតាម និងចំលើកំពូលកណ្តាលរបស់អង្គរវត្ត មិនមែនជារឿងចៃដន្យ ឬ ជាអព្ភូតហេតុនោះទេ តែជាការគិតគូរតាមក្បួនតារាសាស្ត្រយ៉ាងត្រឹមត្រូវរបស់ស្ថាបត្យករខ្មែរនាសម័យអង្គរ៕