(ភ្នំពេញ)៖ បច្ចុប្បន្នបើពោលអំពីស្ថានការណ៍ជម្លោះដ៏ក្ដៅគគុកនៅមជ្ឈិមបូព៌ារវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល រហូតឈានដល់ការបាញ់សងសឹកទៅលើប្រទេសគ្នាទៅវិញទៅមក ពិសេសថ្មីៗនេះនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ បន្ទាប់ពីអ៉ីស្រាអែល បានបាញ់សងសឹកដោយយន្ដហោះដ្រូន ទៅលើទីក្រុង Isfahan ដែលស្ថិតនៅភាគកណ្ដាលនៃប្រទេសអ៊ីរ៉ង់ ហើយត្រូវបានប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់ បាញ់ទម្លាក់យន្ដហោះដ្រូនចំនួន ៣គ្រឿងរបស់អ៊ីស្រាអែល ដោយមិនមានការខូចខាត ឬបង្កឲ្យមានជនរងគ្រោះណាម្នាក់ឡើយ ហើយត្រូវអ៊ីរ៉ង់ ចេញមកបញ្ជាក់ច្បាស់ៗថា គឺប្រទេសរបស់ខ្លួន បានទទួលជោគជ័យក្នុងការបាញ់ទម្លាក់យន្ដហោះដ្រូនរបស់អ៊ីស្រាអែល ដែលមកវាយប្រហារមកលើអ៊ីរ៉ង់ ។
ទន្ទឹមនឹងនេះបើងាកមកមើលប្រទេសអ៊ីរ៉ង់វិញ ក្នុងការសងសឹកទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែល ដែលបានទម្លាក់គ្រាប់បែកពីយន្ដហោះទៅលើអាគារស្ថានទូតអ៊ីរ៉ង់ ដែលស្ថិតនៅក្នុងរដ្ឋធានី Damascus នៃប្រទេសស៊ីរី កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ដែលបានសម្លាប់មន្រ្ដីអ៊ីរ៉ង់៧នាក់។ ហើយនៅយប់ថ្ងៃទី១៣ មេសា ឆ្នាំ២០២៤ អ៊ីរ៉ង់ បានបាញ់យន្តហោះដ្រូន និងមីស៊ីលប្រមាណជាង៣០០ គ្រាប់ទៅលើអ៊ីស្រាអែល ហើយត្រូវបានអ៊ីស្រាអែល និងសម្ព័ន្ធមិត្តមានអាមេរិក អង់គ្លេស និងបារាំង បាញ់ទម្លាក់បាន៩៩% បន្ទាប់មកអ៊ីស្រាអែលបានចេញមកប្រកាសច្បាស់ៗថា ប្រទេសរបស់ខ្លួនបានបាញ់ទម្លាក់យន្ដហោះដ្រូននិងមីស៊ីលរបស់អ៊ីរ៉ង់ ដែលបានវាយប្រហារមកលើអ៊ីស្រាអែលបានទទួលជោគជ័យ ។
ស្ថិតក្នុងស្ថានភាពនៃជម្លោះកំពុងតានតឹងនេះ មានសំនួរ បានចោទទ្បើងថា តើការវាយប្រហារសងសឹកគ្នារវាងអ៊ីរ៉ង់និងអ៊ីស្រាអែល អាចផ្ទុះសង្រ្គាមឬទេ ?
អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងកត់សម្គាល់ថា បើពោលអំពីស្ថានភាពជម្លោះរវាងអ៊ីរ៉ង់និងអ៊ីស្រាអែល ដែលកំពុងបង្កការភ័យខ្លាចអាចឈានទៅរកសង្គ្រាមក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូល។ ពិសេសបន្ទាប់ពីការវាយប្រហារសងសឹកគ្នាទៅវិញទៅមក ដូចសំនួរចោទសួរខាងលើនេះ ដែលពុំបណ្ដាលឲ្យមានការខូតខាតដល់ភាគីជម្លោះទាំងសងខាង ហើយភាគីនីមួយៗ បានចេញមកប្រកាសអំពីជោគជ័យរៀងៗខ្លួននោះ គឺស្ថានការណ៍ជម្លោះរវាងអ៊ីរ៉ង់និងអ៊ីស្រាអែល គឺពុំអាចផ្ទុះសង្រ្គាមទេ។ បើពោលឲ្យចំ ចំពោះការបាញ់សងសឹកដាក់គ្នាទៅវិញទៅមកនេះ គឺគ្រាន់តែជាសមីការនិមិត្ដរូប ដើម្បីការពារទស្សនជាតិនិយមរបស់ប្រទេសនីមួយៗតែប៉ុណ្ណោះ។
បើពោលអំពីទង្វើរបស់អ៊ីស្រាអែល វាយប្រហារទៅលើអ៊ីរ៉ង់ ជាសមីការនិមិត្ដរូប ព្រោះអ៊ីស្រាអែល ចង់បង្វែរការយកចិត្ដទុកដាក់របស់សហគមន៍អន្ដរជាតិ ប្រឆាំងនឹងតំបន់ហ្គាហ្សា ប៉ាទ្បេស្ទីន ដោយហេតុថាចាប់ពីមានសង្រ្គាមនៅតំបន់ហ្គាហ្សានេះមក អ៊ីស្រាអែល បានប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ដប្រព័ន្ធ AI ក្នុងគោលដៅទាញរូបភាព អាគារ និងលំនៅឋានដើម្បីបម្រើដល់វិស័យសង្រ្គាម បង្កឲ្យស្ត្រី និងកុមារស្លាប់នៅតំបន់ហ្គាហ្សារាប់ម៉ឺននាក់ ។
ស្ថិតក្នុងទិដ្ឋភាពនេះ បើយើងរំឭកអំពីអ៊ីស្រាអែល កាលពីសង្គ្រាមឈូងសមុទ្រ ក្នុងការចាប់ផ្តើមវាយលុកលុយរបស់អ៊ីរ៉ាក់ទៅលើប្រទេសគុយវ៉ែត នៅឆ្នាំ១៩៩១ ប្រធានាធិបតីអ៊ីរ៉ាក់ Saddam Hussein បានបង្ករឿងដល់អ៊ីស្រាអែល ដោយការបាញ់កាំជ្រួចចំនួន៣៩ គ្រាប់ទៅលើអ៊ីស្រាអែល ដែលជាការវាយប្រហារដោយផ្ទាល់ដែលធ្វើឡើងដោយរដ្ឋមួយ។ ប៉ុន្តែអ៊ីស្រាអែល មិនបានឆ្លើយតបនឹងការបង្កហេតុនេះទេ ព្រោះហេតុផលគឺដោយសារអ៊ីស្រាអែលឲ្យតម្លៃលើទំនាក់ទំនងរបស់ខ្លួនជាមួយអាមេរិកដែលបានដឹកនាំកម្លាំងចម្រុះជាតិសាសន៍យ៉ាងមានប្រសិទ្ធិភាពដើម្បីរំដោះប្រទេសគុយវ៉ែត។ ស្ថិតក្នុងទង្វើរបស់អ៊ីស្រាអែល មិនសងសឹកនេះ ត្រូវបានគេសរសើរចំពោះការមិនព្រមសងសឹករបស់អ៊ីរ៉ាក់ សូម្បីតែមានពលរដ្ឋខ្លួនរងគ្រោះក៏ដោយ។
លោក រ័ត្ន សណ្ដាប់ បន្ដថាបើងាកមកមើលអ៊ីរ៉ង់វិញ ជារឿយៗ អ៊ីស្រាអែលតែងបង្កើនយុទ្ធនាការធ្វើឃាដប្រឆាំងនឹងឥស្សរជនសន្តិសុខកំពូលរបស់អ៊ីរ៉ង់ ជាច្រើនឆ្នាំ ពិសេសថ្មីៗនេះ អ៊ីស្រាអែល បានទម្លាក់គ្រាប់បែកពីយន្តហោះ បានសម្លាប់មន្រ្ដី និងឧត្តមសេនីយអ៊ីរ៉ង់ជាន់ខ្ពស់ពីរនាក់នៅក្នុងស្ថានទូតរបស់ខ្លួន នៅក្នុងប្រទេសស៊ីរី ដែលជាទង្វើដ៏ក្លាហានមួយ ដែលជាទូទៅគេចាត់ទុកស្ថានទូត ជាដែនអធិបតេយ្យមួយនៅក្រៅប្រទេស ។ ជាទូទៅរាល់ទង្វើរបស់ អ៊ីស្រាអែលវាយប្រហារមកលើ អ៊ីរ៉ង់ ក្នុងវិធីដ៏ឃោរឃៅយ៉ាងណាក្ដី តិចឬច្រើនបានរួចខ្លួនពីការថ្កោលទោសពីមហាអំណាចលោកខាងលិច ។
មូលហេតុនេះហើយ បានជាមេដឹកនាំកំពូលអ៊ីរ៉ង់ បានចាត់ទុកការឆ្លើយតបរបស់ទីក្រុងតេអេរ៉ង់ថាជា "ការដាក់ទណ្ឌកម្ម" ទៅនឹងទង្វើរបស់អ៊ីស្រាអែល។ ប៉ុន្ដែបើយើងពិនិត្យមើលអំពីយុទ្ធសាស្ត្ររបស់ទីក្រុងតេអេរ៉ង់វិញ គឺគ្រាន់តែជាសមីការនិមិត្ដរូបតែប៉ុណ្ណោះ ព្រោះមុនការវាយប្រហារទៅលើអ៊ីស្រាអែល ប្រទេសអ៊ីរ៉ង់ បានបញ្ជូនសញ្ញាទៅឲ្យសហរដ្ឋអាមេរិក ជាបងធំរបស់អ៊ីស្រាអែល បានដឹងផងដែរ។ ម្យ៉ាងទៀតចំពោះយន្តហោះដ្រូនដែលអ៊ីរ៉ង់ជ្រើសរើសបាញ់បង្ហោះនេះទៀត មានចលនាយឺត ដោយចំណាយពេលរាប់ម៉ោងដើម្បីទៅដល់ដែនអាកាសអ៊ីស្រាអែល និងឆ្លងកាត់ប្រទេសជិតខាង ពិសេសហ្ស៊កដានីដែលបានបាញ់ទម្លាក់យន្ដហោះដ្រូន និងមីស៊ីលរបស់អ៊ីរ៉ង់ ។
បើឈរលើហេតុផលនេះមានមូលដ្ឋានចំនួនពីរដើម្បីគណនាអំពីចេតនារបស់អ៊ីរ៉ង់ ទាក់ទងនឹងការសងសឹកនេះគឺ៖
* សេណារីយ៉ូទីមួយ៖ វាអាចទៅរួច ដែលអ៊ីរ៉ង់គណនាខុសដើម្បីព្យាយាមធ្វើឲ្យខូចខាតពិតប្រាកដដល់អ៊ីស្រាអែល ដោយគ្រាន់តែមិនពេញចិត្តចំចំពោះទង្វើរបស់ខ្មាំងសត្រូវ ពិសេសការប្រើប្រាស់មីស៊ីលផ្លោង និងការតម្រង់គោលដៅទៅលើមូលដ្ឋានយោធានៅភាគខាងត្បូងនៃប្រទេសអ៊ីស្រាអែល។
*សេណារីយ៉ូទីពីរ៖ វាក៏អាចទៅរួចដែរ អ៊ីរ៉ង់មិនមានចេតនាធ្វើឲ្យខូចខាតធ្ងន់ដល់អ៊ីស្រាអែលនោះទេ ដោយទីក្រុងតេអេរ៉ង់ គ្រាន់តែមានគោលបំណងបង្កើតសងសឹកជាសមីមការនិមិត្តរូប ប៉ុណ្ណោះ បន្ទាប់ពីអ៊ីស្រាអែលបានវាយប្រហារមកលើស្ថានទូតរបស់ខ្លួន។
ជាក់ស្ដែងមានគំរូសម្រាប់រឿងនេះ បន្ទាប់ពីសហរដ្ឋអាមេរិកបានសម្លាប់ Qassem Soleimani មេដឹកនាំនៃកងកម្លាំងឆ្មាំបដិវត្តន៍វរជនអ៊ីរ៉ង់ នៅឆ្នាំ២០២០ ការសងសឹកយោធារបស់អ៊ីរ៉ង់ត្រូវបានកំណត់ចំពោះការបាញ់កាំជ្រួចនៅលើមូលដ្ឋានទ័ពអាកាសអាមេរិក ដែលជាការឆ្លើយតបប្រកបដោយជោគជ័យមិនបង្ខំសហរដ្ឋអាមេរិកឲ្យសងសឹកបន្ថែមទៀត។ ចំពោះចេតនាស្រដៀងគ្នា របស់អ៊ីរ៉ង់នេះ គ្រាន់តែឲ្យសាធារណៈមតិក្នុងស្រុក និងអន្ដរជាតិ មើលឃើញនូវគណនីផ្លូវការរបស់រដ្ឋាភិបាលជាសារបង្ហោះថា "បញ្ហាត្រូវបានបញ្ចប់" សូម្បីតែមុនពេលយន្ដហោះដ្រូនដំបូងបានទៅដល់ដែនអាកាសអ៊ីស្រាអែលក៏ដោយនោះ គឺ "ការវាយប្រហារនេះជាការវាយប្រហារក្លែងក្លាយ" ដូចដែលវាទទួលបាននៅក្នុងទំនាក់ទំនងអន្តរជាតិ។ ហេតុនេះប្រសិនបើភាគីជម្លោះនីមួយៗ មិនមានបំណងធ្វើឲ្យខូចខាតធ្ងន់នោះទេ នោះការវាយប្រហាររបស់ភាគីជម្លោះទាំងពីរមិនមែនជាការបរាជ័យនោះទេ ហើយរាល់ការភ្នាល់ទាំងអស់នឹងបិទ ព្រោះភាគីនីមួយៗ មិនហ៊ានប្រថុយប្រថានក្នុងភ្លើងសង្រ្គាមឡើយ។
ជាសរុប លោក រ័ត្ន សណ្ដាប់ បញ្ជាក់ថា ដូច្នេះចំពោះយុទ្ធសាស្រ្ដរបស់អ៊ីរ៉ង់ ដែលបាញ់សងសឹកទៅលើប្រទេសអ៊ីស្រាអែល បានបង្ហាញឲ្យឃើញថា អ៊ីរ៉ង់បាន "សម្រេចចិត្តបង្កើតសមីការថ្មីមួយ" ជាមួយអ៊ីស្រាអែល។ ប្រសិនបើមានការវាយប្រហារណាមួយរបស់អ៊ីស្រាអែល ប្រឆាំងនឹងបុគ្គលិកអ៊ីរ៉ង់គ្រប់ទីកន្លែង នឹងត្រូវជួបជាមួយនឹងការវាយប្រហារដោយផ្ទាល់ពីរអ៊ីរ៉ង់មកលើអ៊ីស្រាអែលតែម្ដង។ ព្រោះកន្លងមក អ៊ីស្រាអែលបានគ្រប់គ្រងការវាយប្រហារលើផលប្រយោជន៍របស់ អ៊ីរ៉ង់នៅកន្លែងផ្សេងៗ ដោយគ្មានការសងសឹក ធ្វើឲ្យមានហានិភ័យខ្ពស់នៃការកើនឡើងដល់សង្រ្គាមក្រៅឆាក ៕