(ក្រចេះ)៖ លោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ តំណាងលោក វ៉ា ថន អភិបាលខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវឧបដ្ឋានសាលា (កុដិ) ជាផ្លូវការ នៅវត្តសីហមុនីរង្សីរតនារាម ហៅវត្តដូនប៉ុក ភូមិដូនប៉ុក ឃុំស្រែចារ ស្រុកស្នួល នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤។

ការសម្ពោធសមិទ្ធផល នាឱកាសនោះ ក៏មានការអញ្ជើញចូលរួមពី លោក ហាស់ សំអាត ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានឃុំស្រែចារ និងលោក សាម ណាល់ អភិបាលស្រុកស្នួល លោកលោកស្រីប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងប្រជាពុទ្ធ បរិស័ទយ៉ាងច្រើនកុះករ។

លោក គង់ គឹមនី បានឲ្យដឹងថា កុដិឧបដ្ឋានសាលា ស្ថិតនៅក្នុងវត្តសីហមុនីរង្សីរតនារាម ហៅវត្តដូនប៉ុក គឺត្រូវបានសាងសង់រួចរាល់ដោយចំណាយថវិការសាងសង់ អស់ប្រមាណជាង១២ម៉ឺនដុល្លារអាមេរិក
ដែលជាសមិទ្ធផលថ្មីមួយទៀត នៅក្នុងស្រុកស្នួល និងត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ ។

លោក គង់ គឹមនី ក៏បានថ្លែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនៃរដ្ឋបាល ស្រុកស្នួល កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ និងប្រជាពលរដ្ឋក្នុងស្រុកស្នួល​ ដែលបានចូលរួម និងខិតខំបំពេញការងារប្រកប ដោយស្មារតីទទួលខុសត្រូវ មានឆន្ទៈមោះមុត ពុះពាររាល់ការលំបាកដោយឈរលើស្មារសហការរក្សាបានសន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយបានល្អប្រសើរ។

ជាពិសេសការរក្សាសន្តិសុខ សណ្តាប់សាធារណៈនៅតាមមូលដ្ឋានវត្តអារាម និងកន្លែងកម្សាន្តនានា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ នាពេលកន្លងទៅ ប្រកបដោយបរិយាកាសល្អប្រសើរ និងសប្បាយរីករាយ យ៉ាងក្រៃលែង។

លោកបន្តថា ការអភិវឌ្ឍនៅក្នុងស្រុកស្នួល និងជាពិសេសនៅឃុំស្រែចារ បានបង្ហាញឲ្យឃើញថា វិស័យនានា មានការរីកចម្រើនគួរជាទីមោទនៈ ដោយឡែកការប្រតិបត្តិសាសនានា ក៏មានការរីកលូតលាស់គួរ ឲ្យកត់សម្គាល់ផងដែរ ទាំងនេះបញ្ជាក់យ៉ាងច្បាស់ពីការបើក ទូលាយលើសេរីភាពជំនឿសាសនា ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមករាជរដ្ឋាភិបាល នីតិ កាលទី៧ នៃរដ្ឋសភា, សម្តេចធិបធី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាដែលបានចាត់ ទុកបញ្ហាសុខដុមនីយកម្មរវាងជាតិ សាសន៍និងសាសនាជាបញ្ហាដ៏មានសារៈសំខាន់ដើម្បីធានាដល់សុខសន្តិភាពការបង្រួបបង្រួមជាតិ ក៏ដូចជាការអភិវឌ្ឍសង្គមជាតិ។

លោកអភិបាលរងខេត្ត បានលើកឡើងដែរថា ទីអារាមក៏ត្រូវបានចាត់ទុកថាជា ផ្នែកមួយដ៏សំខាន់ក្នុងការបន្តអនុវត្តគោលនយោបាយសម្រាប់មនុស្សចាស់ កុមារ និងជនក្រីក្រផងដែរ ទីអារាមបានក្លាយ ជាទីជម្រកសុវត្ថិភាពសម្រាប់លោកយាយ លោកតាជាកន្លែងសម្រាប់ សុំសីលធ្វើទាន កុមារ និងយុវជនមួយ ចំនួនដែលមិនមានលទ្ធភាពក៏បានប្រើ ប្រាស់ទីអារាមនេះ ដោយមួយចំនួនបានបួស ដើម្បីបន្តការសិក្សានិងមួយ ចំនួនទៀតក៏បានស្នាក់នៅដើម្បីបន្តការសិក្សា។

ទាំងអស់នេះគឺជាផលប្រយោជន៍សម្រាប់សង្គមជាតិ ទាញចេញពីការកសាងក្នុងវិស័យពុទ្ធចក្រ ហើយការ ដឹកនាំវិស័យអាណាចក្រក៏ជាកត្តាកំណត់នៃការរីកចម្រើន ផ្នែកពុទ្ធចក្រ គឺ ចំណងទាក់ទងគ្នារវាងអាណាចក្រ និងពុទ្ធចក្រ គឺមិនអាចកាត់ផ្តាច់បាន នៅពេលដែលផ្នែកអាណាចក្រដាក់ ចេញនូវគោលនយោបាយមិនត្រឹមត្រូវវិស័យសាសនាក៏ត្រូវទទួលរង នូវការ ខូចខាតទៅតាមនោះដែរ ហើយអ្វីដែលយើងមិនអាចបំភ្លេចបាននោះ គឺនៅក្នុងសម័យប៉ុលពតសាសនាត្រូវបានបំផ្លិចបំផ្លាញចោលទាំងអស់មិនថាតែសាសនាព្រះពុទ្ធ សាសនាដទៃនោះទេ។

លោកថា ក្រោយថ្ងៃរំដោះ៧មករា ១៩៧៩ ដែលជាថ្ងៃប្រវត្តិសាស្ត្រជាថ្ងៃនៃការរស់ រានមានជីវិតឡើងវិញនៃប្រជាជន យើងគ្រប់សាសនាទាំងអស់ក៏ត្រូវបានគោរពប្រតិបត្តិឡើងវិញដោយភាពសុខដុមរមនា គ្មានការរើសអើង និងក្រោមម្លប់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដែលជាបំណងប្រាថ្នាធំ របស់ប្រជាជនកម្ពុជានិងជាសមិទ្ធផលនៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាក្នុងរយៈកាលជាង៤០ឆ្នាំកន្លង មកនេះ៕