(ស្ទឹងត្រែង)៖ នៅមុនពេលរដូវបង្កបង្កើនផលចូលមកដល់ ប្រជាពលរដ្ឋនៅឃុំតាឡាត ដែលធ្លាប់អាស្រ័យផលអនុផលព្រៃឈើ បាននាំគ្នាចូលព្រៃដើររើសផ្លែសំរង ដែលទំស្ងួត បើត្រាំទឹករីក  ប្រើស្ករលាយបរិភោគជាចំណីត្រជាក់ នៅពេលដែលអាកាសធាតុក្តៅ។

ក្នុងសកម្មភាពដើររើសផ្លែសំរងនៅតាមដងព្រៃជួរភ្នំប្រឡាពស់ ក្នុងភូមិឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ លោក សាយ ប៊ុនឡាយ ប្រជាពលរដ្ឋរស់នៅភូមិក្របីជ្រុំ ឃុំតាឡាត បានបញ្ជាក់ថា នេះជាមុខរបររបស់ប្រជាពលរដ្ឋនៅទីជនបទ បន្ទាប់ទំនេរពីការងារស្រែចំការ ដល់រដូវផលអនុផលព្រៃឈើទំ នាំគ្នាដើររើស ផ្លែសំរង-បេះផ្លែគុយ-ផ្តៅដំបង និងបន្លែស្លឹកធម្មជាតិផ្សេងៗទៀត សម្រាប់ធ្វើជាចំណីអាហារបង្គ្រប់ការបរិភោគប្រចាំថ្ងៃ និងសល់អាចលក់បានប្រាក់ចំណូលបន្ថែម។
 
លោកបន្តថា ដូចជាផ្លែសំរងនេះជាដើម បងប្អូនយើងដើររើសក្នុងព្រៃជ្រៅៗ បានក្នុងមួយថ្ងៃចាប់ពី៣ទៅ៥គីឡូក្រាម ហើយមានគប់ជួនពេលខ្លះបងប្អូនយើង អាចដេកផ្លូវ១យប់ ឬ២យប់ក៏មាន  ដើម្បីតែកត្តាជីវភាព និងលក់បានប្រាក់ខ្លះសម្រាប់ដោះស្រាយ នៅពេលរដូវបងប្កបង្កើនផលចូលមកដល់ក្នុងខែឧសភា និងមិថុនាខាងមុខនេះ។

លោក ឃីត ភិត មេឃុំតាឡាត បានគាំទ្រដល់ការឧស្សាព្យាយាមរបស់បងប្អូន ប្រជាពលរដ្ឋយើងតែការចូលព្រៃទៅរកផល្លានុផលនេះ អ្នកដេកផកលូវត្រូវចេះជូនដំណឹង មកអាជ្ញាធរមូលដ្ឋានដូចជាមេភូមិ ឬមន្ត្រីនគរបាលប៉ុស្តិ ឲ្យបានដឹងដើម្បីយើងងាយស្រួលក្នុងការជួយគ្នានៅពេលមានហានិភ័យណាមួយកើតឡើងដោយយថាហេតុ។

លោកស្រី ភួនខាំផៃ  រស់នៅភូមិស្វាយរៀងឃុំតាឡាតនេះ បានបញ្ជាក់ថា មុខរបរនេះជាប្រពៃណីមួយ ដែលប្រជាពលរដ្ឋយើងប្រកាន់ធ្វើជាយូរយារមកហើយ ទៅតាមទំលាប់ដូនតារស់នៅស្រុកស្រែចំការនេះឯង។

លោកស្រីបន្តថា បច្ចុប្បន្នផ្លែឈើទាំងនេះមិនសំបូរទេ ព្រោះព្រៃស្រោងមួយចំនួនដែលពលរដ្ឋធ្លាប់ចូលទៅរកបានត្រូវបានជនខិលខូច កាប់ព្រៃរានយកដីធ្វើ ឲ្យបាត់បង់ធនធានធម្មជាតិមួយចំណែកធំ ហើយករណីនេះអាជ្ញាធរស្រុកកំពុងមានចំណាត់ការផងដែរ  ។

សូមបញ្ចាក់ថា ផ្លែសំរងនេះមានអ្នកប្រមូលទិញនៅតាមភូមិក្នុងមួយគីឡូក្រាមតម្លៃ៥ម៉ឺនរៀល ហើយលក់ចេញនៅទីផ្សារមានតម្លៃ៦ម៉ឺនរៀល ផ្លែដែលមានគុណភាពលេខមួយ ដែលអតិថិជននិយមបរិភោគដោយគិតថាវាជាប្រភេទផ្លែឈើ មានជាតិឱសថជួយផ្នែកសុខភាព៕