(វៀងច័ន្ទ)៖ សមាជិកប្រទេសអាស៊ានទាំង១០ រួមជាមួយនឹងប្រទេសជាដៃគូ រួមមាន ចិន កូរ៉េខាងត្បូង និងជប៉ុន ដែលជាសមាជិកអាស៊ានបូកបី បានធ្វើការសន្យានៅក្នុងកិច្ចប្រជុំអាស៊ានថា នឹងព្រួតដៃរួមគ្នា ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងគ្នានិងគ្នា ក្នុងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ នេះបើតាម ការផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៨ ខែកញ្ញា ឆ្នាំ២០១៦។
នៅក្នុងសេចក្តីថ្លៃងការណ៍ ចេញនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងទៀតថា មេដឹកនាំប្រទេសអាស៊ាន និងអាស៊ានបូកបី បានប្តេជ្ញាថានឹងចូលរួមសហការណ៍គ្នាឲ្យអស់ពីលទ្ធភាព ដើម្បីសម្រេចនូវគោលដៅ សំខាន់ៗទាំង១៧ចំនុច ស្តីពីការអភិវឌ្ឍប្រកបដោយនិរន្តរភាព ដែលហៅថា (SDGs) ដែលស្ថិតក្នុង គោលការណ៍នៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបី នៅក្នុងរយៈពេល១០ឆ្នាំទៅមុខទៀត។
ថ្នាក់ដឹកនាំខាងលើ បានអំពាវនាវឲ្យបណ្តាប្រទេសទាំងអស់ជ្រើសយក វិធានការដែលធំទូលាយ ឆាប់រហ័ស និងជាក់លាក់ ដើម្បីជំរុញការអនុវត្តន៍ SDGs ប្រកបដោយកិច្ចសហប្រតិបត្តិការល្អ ក្នុងការធ្វើឲ្យចំណងមិត្តភាពទាំងក្នុង តំបន់ និងអន្តរជាតិ កាន់តែរឹងមាំឡើង។
ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ខាងលើ បណ្តាប្រទេសទាំងអស់ បានសម្រេចព្យាយាមកាត់បន្ថយ ភាពក្រីក្រ និង គម្លាតនៃការអភិវឌ្ឍន៍ ទាំងនៅក្នុងនិងក្រៅប្រទេស រួមនឹងការលើកស្ទួយ ការអភិវឌ្ឍ ប្រកបដោយនិរន្តរភាព នៅតាមបណ្តាសហគ្រាសតូចធំ និងជម្រុញបន្ថែមនូវកិច្ចសហប្រតិបត្តិការ ទេសចរណ៍ រួមជាមួយការបង្កើនការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការទៅវិញទៅមក។
យន្តការនៃកិច្ចសហប្រតិបត្តិការ រវាងអាស៊ាន ចិន ជប៉ុន និងកូរ៉េខាងត្បូង គឺជាផ្នែកមួយនៃគោលការណ៍ អាស៊ានបូកបី ក៏ដូចជាគោលការណ៍អាស៊ានបូកមួយ ដែលគោលការណ៍អាស៊ានទាំងពីរ បានបង្កើតឡើង នៅពេលដែលប្រទេសជាសមាជិកអាស៊ាន បានបង្កើនកិច្ចសហប្រតិបត្តិការរបស់ខ្លួន ជាមួយនឹង បណ្តាប្រទេសសេដ្ឋកិច្ចធំៗនៅអាស៊ី ដើម្បីទប់ទល់នឹងការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល។
គោលការណ៍មូលដ្ឋានទាំងពីរ ដែលបានចាប់ផ្តើមឡើងដោយផ្តោតតែ លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ប៉ុណ្ណោះ បានពង្រីកបន្ថែមកាលពីប៉ុន្មានឆ្នាំកន្លងទៅនេះ លើផ្នែកនយោបាយ សន្តិសុខ និងវប្បធម៌។ បច្ចុប្បន្នគេបានបង្កើតយន្តការថ្មីបន្ថែមទៀត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ីខាងកើត ជាពិសេស លើផ្នែក សេដ្ឋកិច្ច នយោបាយ និងសង្គម៕