(ភ្នំពេញ)៖ អតីតតំណាងរាស្ត្ររបស់អតីតគណបក្សសង្គ្រោះជាតិ បានមើលឃើញថា ជីវិតនយោបាយ និងចលនានយោបាយទាំងឡាយពាក់ព័ន្ធលោក សម រង្ស៉ី មិនមានថ្ងៃចម្រើនទៅមុខនោះឡើយ ពោលប្រៀបដូចជាចង្កៀងជិតអស់ប្រេង រង់ចាំតែថ្ងៃរលត់ប៉ុណ្ណោះ។
បន្ទាប់ពីប្រឡូកក្នុងឆាកនយោបាយអស់រយៈពេលប្រមាណជា៤ទសវត្សរ៍ លោក សម រង្ស៉ី អ្នកនយោបាយដែលរស់នៅប្រទេសបារាំងច្រើនជាងនៅកម្ពុជា កំពុងស្ថិតក្នុងសភាពស្ងប់ស្ងាត់ និងភាពឯកោ ខណៈយុទ្ធមិត្តប្រកៀកស្មាលើសមរភូមិនយោបាយជាច្រើនរូប បានសម្រេចចិត្តដើរចេញពីរូបលោកជាបន្តបន្ទាប់។ ក្នុងនោះសូម្បីតែថ្នាក់ដឹកនាំបក្សភ្លើងទៀន ដែលគេដឹងថា មានប្រភពចេញពីបក្ស សមរង្ស៉ី ក៏កំពុងតែផ្តាច់ខ្លួននៅឆ្ងាយពីលោក សម រង្ស៉ី ផងដែរ។
លោក សាន សាង អ្នកនយោបាយមានកំណើតជាខ្មែរកម្ពុជាក្រោម និងបានធ្វើនយោបាយជាមួយលោក សម រង្ស៉ី តាំងពីឆ្នាំ១៩៩៨មកនោះ បានមើលឃើញជីវិតនយោបាយរបស់លោក សម រង្ស៉ី មិនមានអ្វីកម្រើកទៅមុខទៀតនោះទេ មានតែថយក្រោយ។ លោក សាន សាង បានប្រដូចជីវិតនយោបាយរបស់លោក សម រង្ស៉ី ទៅនឹងចង្កៀងជិតអស់ប្រេង ហើយរង់ចាំតែថ្ងៃរលត់ប៉ុណ្ណោះ។
បើតាមលោក សាន សាង ជាអ្នករស់នៅសហរដ្ឋអាមេរិកមួយរូបដែរនោះ បានគូសបញ្ជាក់ថា នៅពេលនេះអ្នកនយោបាយចាស់ៗដែលបន្តរស់នៅជាមួយលោក សម រង្ស៉ី មានតែប៉ុន្មាននាក់ប៉ុណ្ណោះ។ មានដូចជា លោកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង លោក ហូរ វ៉ាន់ លោក ឡុង រី និងលោក សោ ចាន់ដេត ជាដើម។ រីឯសន្ទុះគាំទ្រនៅអាមេរិក និងនៅតាមបណ្តាប្រទេសនានា ក៏មិនផុលផុសដូចមុនទៀតនោះដែរ។ តាមរយៈការបង្កើតព្រឹត្តិការណ៍នានា មានមនុស្សចូលរួមតិចតួចបំផុត។
លោក សាន សាង បានគូសរំលេចថា ការថមថយកម្លាំងគាំទ្រ ព្រោះតែគេលែងជឿលើការដឹកនាំរបស់លោក សម រង្ស៉ី ដែលជាការដឹកនាំមិនមានយុទ្ធសាស្ត្រ ធ្វើអ្វីតាមតែអារម្មណ៍នឹកឃើញ។
លោក សាន សាង បានបង្ហាញការជឿជាក់ថា នឹងមានមនុស្សជាបន្តបន្ទាប់ទៀត សម្រេចចិត្តដើរចេញពីលោក សម រង្ស៉ី ព្រោះតែការអស់ជំនឿ ជាពិសេសការចំណាយពេលឥតប្រយោជន៍ចំពោះការដឹកនាំផ្នែកនយោបាយគ្មានភាពច្បាស់លាស់ និងជិតអស់ដង្ហើមដូចជាលោក សម រង្ស៉ី៕