(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងជាប្រធានក្រុមដឹកនាំរួម ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះត្រួតពិនិត្យកម្លាំង នៅតាមគោលដៅទាំង១០ក្រុម ដែលបាននឹងកំពុងបំពេញបេសកកម្ម ចុះប្រតិបត្តិការទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធម្មជាតិ ក្នុងភូមិសាស្ត្រស្រុកភ្នំក្រវាញ និងស្រុកវាលវែង នៃខេត្តពោធិ៍សាត់។

ក្នុងដំណើរចុះត្រួតពិនិត្យកម្លាំងដោយផ្ទាល់ខាងលើនេះ គឺដើម្បីលើកទឹកចិត្ត និងចង់ដឹងពីសុខទុក្ខ ការស្នាក់នៅ ហូបចុក ព្រមទាំងឧបត្ថម្ភសម្ភារៈ និងថវិកាបន្ថែម ជូនដល់កងកម្លាំងប្រចាំការ និងឈរជើង ទប់ស្កាត់ និងបង្ក្រាបបទល្មើស តាមផែនការដែលបានកំណត់។

ថ្លែងក្នុងឱកាសនោះ លោក ខូយ រីដា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់កម្លាំងចម្រុះ នៃអនុគណៈកម្មការ ទាំង១០ក្រុម ដែលកំពុងឈរជើងបំពេញបេសកកម្ម ចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធម្មជាតិ បានយ៉ាងសកម្ម ដល់គ្រប់គោលដៅទាំងអស់។ លោកសូមឱ្យបន្តកិច្ចការងារនេះ បន្ថែមទៀត និងធ្វើឲ្យបានល្អ ម្មត់ចត់ និងជាក់ច្បាស់ជាងនេះ ដោយធ្វើយ៉ាងណាឱ្យទទួលបានជោគជ័យ ជូនជាតិ ក៏ដូចរាជរដ្ឋាភិបាល និងប្រជាជនដែលស្រលាញ់ធនធានធម្មជាតិ។

គួរជម្រាបជូនថា ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានចាត់កម្លាំងចម្រុះ ធ្វើប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលកំពុងតែកើតមានយ៉ាងក្តៅគគុកនៅក្នុងភូមិសាស្ត្រ ស្រុកភ្នំក្រវាញ និងស្រុកវាលវែង នៃខេត្តពោធិ៍សាត់ ដោយបានឃ្មុំដីយកមករក្សាទុកជាសម្បត្តិរដ្ឋ បានទំហំ ៣៩,៥០៧ហិកតា, កសាងផែនទី ជូនទៅក្រសួងបរិស្ថាន ដើម្បីកំណត់ភូមិសាស្ត្រស្តារព្រៃឈើឡើងវិញ, ឃុំខ្លួនជនល្មើស ១៤នាក់ និងអប់រំផ្សព្វផ្សាយ ចំនួន៥១នាក់ ស្រី៧នាក់ ព្រមទាំងធ្វើការស្រាវជ្រាវសាវតារ ដើម្បីកំណត់មុខសញ្ញាជនល្មើសបន្ថែមទៀត។

សម្រាប់ទិសដៅបន្ត គឺគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានត្រៀម៖
ទី១- បង្រួមក្រុមការងារចម្រុះ ពី១០ក្រុម មកត្រឹម៦ក្រុម ហើយរៀបចំកម្លាំងឈរជើង និងល្បាតការពារជាប្រចាំ តាមគោលដៅរៀងៗខ្លួន និងពង្រឹងកិច្ចសហការនៅមូលដ្ឋាន
ទី២- រៀបចំដំឡើងផ្ទាំងប៉ាណូ សម្គាល់ទីតាំងដី គោលដៅដែលបានឃ្លុំរួច
ទី៣- អនុវត្តច្បាប់ និងធ្វើការផ្សព្វផ្សាយអប់រំ អំពីធនធានធម្មជាតិ
ទី៤- សហការជាមួយក្រសួងបរិស្ថាន កសាងផែនទីឡើងវិញ រាល់ដីដែលបានឃ្លុំរក្សាការពារទាំងអស់
ទី៥- សហការជាមួយក្រសួងបរិស្ថាន បង្កើតក្រុមការងារចម្រុះមួយ រៀបចំផែនការរយៈពេល៥ឆ្នាំ ដើម្បីស្តារព្រៃឈើឡើងវិញ នៅដីដែលបានឃ្មុំការពាររួច
និងទី៦- អនុវត្តតាមផែនការលេខ២០៨១/២៤ ផក.ខពស ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តបន្តទៀត។៕