(ពោធិ៍សាត់)៖ លោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នា ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦នេះ បានថ្លែងថា អក្ខរកម្មជាគន្លឹះនៃការអភិវឌ្ឍ និងរួមចំណែកកាត់បន្ថយភាពក្រីក្រ ដល់ប្រជាពលរដ្ឋ ដែលរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងជំរុញឱ្យមានអត្រាអក្ខរកម្មខ្ពស់ ក្នុងស្រទាប់ប្រជាពលរដ្ឋប្រទេសយើង។
ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសលោកបណ្ឌិត អញ្ជើញជាអធិបតី ទិវាអក្ខរកម្មជាតិ អន្តរជាតិ០៨ កញ្ញា លើកទី១៦ ក្រោមប្រធានបទ «អក្ខរកម្មជួយបង្កើនសេដ្ឋកិច្ចគ្រួសារ» ដែលបានប្រារព្ធធ្វើនៅបរិវេណមជ្ឈមណ្ឌលវប្បធម៌កោះសំពៅមាស ស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពី លោកស្រី ARNE LEMAISTRE ប្រធានអង្គការ UNESCO និងលោក ខូយ សុខា ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងស្ថាប័នដែលមានការពាក់ព័ន្ធ មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ សិស្សានុសិស្ស និងក្រុមយុវជនស្ម័គ្រចិត្តយ៉ាងច្រើនកុះករ។
លោកបណ្ឌិត ហង់ ជួនណារ៉ុន ក៏បានអានសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងទិវាអក្ខរកម្មជាតិ អន្តរជាតិ០៨ កញ្ញា លើកទី១៦ ដោយបញ្ជាក់ថា អក្ខរកម្មជាគន្លឹះដ៏សំខាន់ ក្នុងការអភិវឌ្ឍសង្គមជាតិ ឱ្យមានការរីកចម្រើនគ្រប់ផ្នែក គ្រប់វិស័យ ហើយវាក៏ជាគន្លឹះដ៏សំខាន់ ក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្រ ដល់ប្រជាពលរដ្ឋយើងផងដែរ។ លោកបានបន្ថែមថា ការប្រារព្ធទិវានេះឡើង គឺជាការក្រើនរម្លឹក និងជំរុញឱ្យអក្ខរកម្មខ្ពស់ក្នុងចំណោមប្រជាពលរដ្ឋកម្ពុជាយើង។
លោកបណ្ឌិតបានបញ្ជាក់ផងដែរថា ការជំរុញឱ្យមានអត្រាខ្ពស់នៃអក្ខរកម្ម គឺជាការសម្រេចគោលដៅដោយជោគជ័យ នៃការអភិវឌ្ឍសហសវត្សរបស់ខ្លួន ក្នុងឆ្នាំ២០១៦ដល់២០៣០ដោយផ្តោតសំខាន់ៗ ដូចជាសមធម៌ គុណធម៌អប់រំ និងទស្សនទាន ក្នុងការរៀនសូត្រអស់មួយជីវិត។ ទិវាអក្ខរកម្មត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំជាស្នូរជួងនៃការជំរុញ ឱ្យប្រជាពលរដ្ឋបានឆ្លងផុតពីអនក្ខរកម្មនៅកម្ពុជាយើង។ ឆ្នាំនេះការប្រារព្ធទិវាអក្ខរកម្មក្រោមប្រធានបទ «អក្ខរកម្មជួយបង្កើនសេដ្ឋកិច្ចគ្រួសារ» វាឆ្លុះបញ្ចាំងឱ្យឃើញអក្ខរជន ចេះជំនាញងាយៗ តាមសមត្ថភាពស្វែងយល់ និងចេះវិភាគព័ត៌មាន និងធ្វើឱ្យជីវិតកាន់តែប្រសើរ តាមរយៈបង្កើនមុខរបរបង្កើនការច្នៃប្រឌិត បង្កើតនូវសម្ភារប្រើប្រាស់ក្នុងគ្រួសារ ក្នុងស្រុក និងក្នុងសង្គម អាចបានប្រាក់ចំណូលដល់គ្រួសារទៀតផង។
លោកបណ្ឌិតក៏បានឱ្យដឹងថា ដើម្បីឈានទៅសម្រេចបានក្នុងគោលដៅអភិវឌ្ឍន៍សហសវត្ស ប្រកបដោយចីរភាពឆ្នាំ២០៣០ផ្សាភ្ជាប់ការងារអក្ខរកម្ម ទៅនឹងការសិក្សាពេញមួយជីវិត និងប្រែក្លាយពលករ ប្រើកម្លាំងសុទ្ធសាធ ទៅជាការប្រើប្រាស់ជំនាញតាមយុទ្ធសាស្ត្រកំណើនថ្មី សូមគ្រប់ស្ថាប័នជាតិ និងអន្តជាតិ សហគមន៍ និងប្រជាពលរដ្ឋ បន្តយកចិត្តទុកដាក់ការងារអក្ខរកម្មក៏ដូចជាការងារអប់រំ ទាំងក្នុង និងក្រៅប្រទេស និងការងារអប់រំក្នុង និងក្រៅប្រព័ន្ធ ឆ្ពោះទៅរកគុណភាពអប់រំទាំងអស់គ្នា។
នៅក្នុងឱកាសនោះ ក៏មានកម្មវិធីប្រគល់រង្វាន់ ដល់សិស្សអក្ខរកម្មរៀនពូកែ ជាប់ចំណាត់ថ្នាក់លេខ១ ចំនួន ៣០នាក់ផងដែរ៕