(ភ្នំពេញ)៖ មួយរយៈចុងក្រោយនេះ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានសង្កេតឃើញថា មានសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួន បានផ្សព្វផ្សាយនូវព័ត៌មានភ្ជាប់ជាមួយរូបភាពដែលបង្ហាញនូវភាពឃោរឃៅ ប្រាសចាកយ៉ាងធ្ងន់ធ្ងរពីក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។

ជាក់ស្ដែងថ្មីៗនេះ ទាំងសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួនបានចុះផ្សាយព័ត៌មានភ្ជាប់រូបភាពជាវីដេអូនៃអំពើឃោរឃៅទៅលើស្រ្តីម្នាក់នៅក្នុងបុរីមួយស្ថិតនៅក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្លិបអ្នកកាសែតកម្ពុជា ចាត់ទុកការផ្សព្វផ្សាយនោះប្រាសចាកទាំងស្រុងពីក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានធ្វើឱ្យប៉ះពាល់ដល់សីលធម៌សង្គម និងតម្លៃនៃវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា។

ក្លិបអ្នកកាសែតកម្ពុជា សូមអំពាវនាវដល់អ្នកសារព័ត៌មាន អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមសូមពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយមុននឹងធ្វើការចុះផ្សាយ ឬបង្ហោះនូវព័ត៌មានរូបភាពទាំងអស់នោះ ពិសេសអ្នកសារព័ត៌មានត្រូវចូលរួមលើកកម្ពស់ការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈដែលជារនាំងការពារដ៏រឹងមាំសម្រាប់អ្នកសារព័ត៌មាន។

ក្លិបអ្នកកាសែតកម្ពុជា សង្ឃឹមថា ទាំងអ្នកសារព័ត៌មាន ទាំងអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមនឹងងាកមកអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់នូវក្រមសីលធម៌វិជ្ជាជីវៈ សីលធម៌សង្គម ដើម្បីរក្សាតម្លៃ និងសេចក្តីថ្លៃថ្នូរជាពលរដ្ឋរស់នៅក្នុងសង្គមស៊ីវិល័យ៕