(ភ្នំពេញ)៖ ប្រទេសចិន បានសម្រេចបង្កើនការនាំចូលអង្ករពីកម្ពុជាឲ្យបានដល់ ២០ម៉ឺនតោន នៅក្នុងឆ្នាំ២០១៧ខាងមុខ ព្រមទាំងបាន សន្យាជួយស្តាកំណាត់ផ្លូវលេខ៥១ និងស្តាប្រព័ន្ធធារាសាស្រ្តនៅក្នុងទន្លេវ៉ៃកូ ក្នុងខេត្តស្វាយរៀងផងដែរ។
ការសន្យាបានធ្វើនៅក្នុងជំនួបទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន នៅរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦ម្សិលមិញនេះ។
យោងតាមការចេញផ្សាយនៅលើទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ក្នុងជំនួបពិភាក្សានោះ នាយករដ្ឋមន្រ្តីចិន បានយល់ព្រមបង្កើនការទិញអង្ករពីកម្ពុជា ពី១០ម៉ឺនតោនក្នុងឆ្នាំ២០១៦ ឲ្យដល់២០ម៉ឺនតោននៅក្នុងឆ្នាំ២០១៧។
តបតាមសំណើរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តីចិន ក៏បានយល់ព្រមជួយស្តាកំណាត់ផ្លូវលេខ៥១ និងជួយស្តាប្រ ព័ន្ធធារាសាស្ត្រនៅទន្លេវ៉ៃកូ ក្នុងខេត្តស្វាយរៀងផងដែរ។ ប្រទេសចិន ក៏បានសន្យាជួយជួសជុលប្រាសាទអង្គរវត្ត ហើយក៏អាចឈានទៅ ជួសជុលប្រាសាទព្រះវិហារផងដែរ។ ចិន ក៏បានសន្យាបង្កើនអាហារូបករណ៍ឲ្យបានកាន់តែច្រើនថែមទៀត សម្រាប់និស្សិតកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជន ដែលជានិច្ចកាលតែងតែបានផ្តល់ជំនួយជាបន្តបន្ទាប់ ដើម្បីអភិវឌ្ឍប្រទេសកម្ពុជា ឲ្យបានរីកចម្រើនឈានឡើងជាបន្តបន្ទាប់។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាមេដឹកនាំអាស៊ាន និងប្រទេសជាដៃគូដទៃទៀត បានបញ្ចប់កិច្ចប្រជុំរបស់ខ្លួននៅរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦នេះ ហើយសម្តេចតេជោ ហ៊ុន សែន ក៏នឹងដឹកនាំគណៈប្រតិភូត្រឡប់មកដល់ប្រទេសកម្ពុជានៅ ល្ងាចថ្ងៃដដែលនេះផងដែរ៕