(សៀមរាប)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦នេះ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីបែបបទ និងលក្ខខណ្ឌ សម្រាប់ផ្តល់វិញ្ញាបនបត្របញ្ជាក់អនាម័យ និងស្លាកសញ្ញាសម្គាល់គោលការណ៍អនុវត្តអនាម័យល្អ នៅតាមភោជនីយដ្ឋាន និងអាហារដ្ឋាន ឲ្យបានត្រឹមត្រូវ។
សិក្ខាសាលានេះ ធ្វើឡើងក្រោមអធិបតីភាព លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេសសុខាភិបាល ក្រសួងសុខាភិបាល និងមានការចូលរួមពីម្ចាស់ តំណាងភោជនីយដ្ឋានចំនួន៥០ ក្នុងខេត្តសៀមរាប ដែលធ្វើឡើងនៅសណ្ឋាគារ New Angkorland។
ក្នុងពិធីបើកសិក្ខាសាលានេះ លោកស្រីបានវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងថា ស្របពេលដែលអាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានកំពុងមានការរីកលូតលាស់ និងមានបើកអាជីវកម្មថ្មីៗបន្ថែមទៀត ដែលមានចំនួនច្រើនគួរឱ្យកត់សម្គាល់ ក្រសួងសុខាភិបាល សូមធ្វើការផ្សព្វផ្សាយជាថ្មីម្តងទៀត នូវប្រកាសស្តីពីបែបបទ និងលក្ខខណ្ឌសម្រាប់ផ្តល់វិញ្ញាបនបត្រ បញ្ជាក់អនាម័យ នៅតាមភោជនីយដ្ឋាន និងអាហារដ្ឋាន និងប្រកាសស្តីពីបែបបទ និងលក្ខខណ្ឌសម្រាប់ផ្តល់វិញ្ញាបនបត្រ បញ្ជាក់គោលការណ៍អនុវត្តអនាម័យល្អ នៅតាមភោជនីយដ្ឋាន និងអាហារដ្ឋាន ដែលតម្រូវឱ្យអាជីវករ ដែលកំពុងប្រកបអាជីវកម្ម ភោជនីយដ្ឋាន និងអាហារដ្ឋាន គោរពឱ្យបានតាមលក្ខខណ្ឌ តម្រូវរបស់ក្រសួងសុខាភិបាល ក្នុងន័យធានាឱ្យបាននូវ ផលិតផលចំណីអាហារ និងសេវាម្ហូបអាហារក្នុងភោជនីយដ្ឋាន និងអាហារដ្ឋាន មានអនាម័យ និងសុវត្ថិភាព មានស្តង់ដារអនាម័យមួយអាចទទួលយកបាន សម្រាប់បម្រើជូនអតិថិជន ភ្ញៀវជាតិ និងអន្តរជាតិ។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ក៏បានពន្យល់ពីវិធានការការពារ និងទប់ស្កាត់ជំងឺឆ្លងនានា ក្នុងនោះមានជំងឺហ្សីកាផងដែរ ដល់សិក្ខាកាមដែលបានចូលរួម និងសុំឲ្យមានការផ្សព្វផ្សាយនូវវិធាន ការការពារទាំងនេះដល់ ក្រុមគ្រួសារ មិត្តភក្តិ និងសហគមន៍របស់ខ្លួនផងដែរ។
ជាមួយគ្នានេះដែរ ក្នុងឱកាសបើកសិក្ខាសាលា លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានប្រគល់វិញ្ញាបនបត្របញ្ជាក់ គោលការណ៍ អនុវត្តអនាម័យល្អដល់ភោជនីយដ្ឋានសុខាអង្គរ អ៉ឹមបាស៊ី និងអង្គរផាលេស ដែលទទួលបានកំរិតល្អប្រសើរ (Logo A) ក្នុងការអនុវត្តបានល្អតាម ខ្លឹមសារប្រកាសរបស់ក្រសួងសុខាភិបាល ។
សូមបញ្ជាក់ថា សិក្ខាសាលាផ្សព្វផ្សាយនេះ ធ្វើឡើងចង់ឱ្យបងប្អូនអាជីវករយល់ដឹង ពីតួនាទីរៀបចំគ្រប់គ្រងអនុវត្តន៍អនាម័យ និងសុវត្ថិភាពចំណីអាហារល្អនៅតាមភោជនីយដ្ឋាន និងអាហារដ្ឋាន ដែលបានណែនាំនិងចេញប្រកាស របស់ក្រសួងសុខាភិបាលរួចហើយនេះ និងផ្តល់ចំណេះដឹងពីកាតព្វកិច្ចរបស់បងប្អូនក្នុងការអនុវត្តន៍ អនាម័យល្អក្នុងអាជីវកម្មនេះ៕