(ភ្នំពេញ)៖ ជំងឺមហារីកថ្លើម (HCC) បានជាប់ចំណាត់ជាជំងឺមហារីក ដែលជួបញឹកញាប់ក្នុងពិភពលោកទាំងមូល និងមានអត្រាស្លាប់ខ្ពស់ ដែលមូលហេតុនិងកត្តាហានិភ័យនៃជំងឺមហារីកថ្លើមនេះ រួមមាន ជំងឺផ្សេងៗដែលបង្កឱ្យមានការរលាកថ្លើមរ៉ាំរ៉ៃ និងក្រិនថ្លើម ដូចជាការរលាកថ្លើមប្រភេទ C រលាកថ្លើមប្រភេទ B ការពិសាគ្រឿងស្រវឹងរ៉ាំរ៉ៃ ជំងឺខ្លាញ់រុំថ្លើមដោយសារការលើសគីឡូ និងកត្តាហានិភ័យមួយចំនួនទៀតរួមមាន ជំងឺទឹកនោមផ្អែម និងការបរិភោគពពួកផ្សិត ដែលមានជាតិពុលជាដើម។
ដើម្បីរួមចំណែកចូលរួមទប់ស្កាត់ជំងឺមហារីកថ្លើម (HCC) នេះ និងណែនាំពីវិធីសាស្ត្រក្នុងការព្យាបាលឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ទៅដល់ប្រជាពលរដ្ឋ សមាគមគ្រូពេទ្យកម្ពុជាផ្នែកប្រដាប់រំលាយអាហារ នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នេះ បានសហការជាមួយមេហ្គាឡៃសាយអិនសិស (Mega Life Sciences) ដែលជាក្រុមហ៊ុនផលិតផលចែកចាយថ្នាំអន្តរជាតិមួយ ដែលមានវត្តមាននៅលើពិភពលោកជាង ៣០ប្រទេស ទាំងនៅអាស៊ី អាហ្វ្រិក និងអឺរ៉ុប រៀបចំទិវាសុខភាពថ្លើមពិភពលោក ដើម្បីចែករំលែកពីចំណេះដឹងនៃសុខភាពថ្លើម។
ពិធីនេះដែរបានធ្វើឡើងនៅសណ្ឋាភ្នំពេញ ក្រោមវត្តមានលោកសាស្ត្រាចារ្យ ឪម សិរី វិចិត្រ ប្រធានសមាគមគ្រូពេទ្យកម្ពុជាផ្នែកប្រដាប់រំលាយអាហារ និងដោយមានការចូលរួមពីតំណាងក្រុមហ៊ុនមេហ្គា និងមានវេជ្ជបណ្ឌិតឯកទេស វេជ្ជបណ្ឌិតទូទៅជាច្រើននាក់មកពីគ្រប់មន្ទីរពេទ្យរដ្ឋ ឯកជន គ្លីនិកនៅភ្នំពេញ និងបណ្ដាខេត្តនានា។
ថ្លែងនាឱកាសនោះលោកសាស្ត្រាចារ្យ ឪម សិរី វិចិត្រ បានឱ្យដឹងថា បច្ចុប្បនេះពិភពលោកបានរកឃើញថ្នាំបង្ក្រាបមេរោគថ្លើមប្រភេទ B ឱ្យនៅស្ងៀម និងព្យាបាលមេរោគថ្លើមប្រភេទ C ឱ្យជាសះស្បើយបាន។ លោកបន្ថែមថា អ្វីដែលនៅប្រឈមមុខចំពោះគ្រូពេទ្យឯកទេស ថ្លើម ក្រពះ ពោះវៀននោះ គឺការប្រឈមមុខនឹងអ្នកជំងឺដែលនៅសេសសល់មិនបានមកព្យាបាល អ្នកជំងឺដែលជាហើយ តែបានវិវត្តទៅក្រិនថ្លើមបន្តិចម្តងៗ និងអ្នកជំងឺដែលមិនចេះហូបចុក រហូតដល់ខ្លាញ់រុំថ្លើម ដែលស្ថិតក្នុងប្រភេទអ្នកជំងឺលើសទម្ងន់ និងអ្នកជំងឺទឹកនោមផ្អែម។
លោកសាស្ត្រាចារ្យ ឪម សិរី វិចិត្រ បានបញ្ជាក់ទៀតថា ជាទិសដៅរបស់សមាគមគ្រូពេទ្យកម្ពុជាទៅថ្ងៃខាងមុខ និងខិតខំប្រមែប្រមូលអ្នកជំងឺថ្លើមមកធ្វើការព្យាបាល ថ្វីដ្បិតតែមកដល់ពេលនេះមានថ្នាំព្យាបាលអ្នកជំងឺថ្លើមប្រភេទ B និងប្រភេទ C ថ្នាំព្យាបាលអ្នកជំងឺខ្លាញ់រុំថ្លើម ក៏យើងត្រូវយកពួកគាត់មកធ្វើការព្យាបាលបន្តទៀតផងដែរ។ បើតាមស្ថិតិនៅក្នុងប្រទេសកម្ពុជា អ្នកជំងឺថ្លើមដែលមិនទាន់ធ្វើទទួលបានការព្យាបាលគឺនៅមានច្រើន ហើយអ្នកជំងឺទាំងនោះនឹងធ្វើការវិវត្តន៍ទៅជាជំងឺមហារីកផងដែរ។
ជាមួយគ្នានោះដែរបើតាមលោកវេជ្ជបណ្ឌិតឯកទេស ធា វុទ្ធី អនុប្រធានផ្នែកក្រពះ ពោះវៀន ថ្លើម ឫសដូងបាត នៃមន្ទីរពេទ្យព្រះអង្គឌួង បានឱ្យដឹងថា ដើម្បីចូលរួមថែរក្សាសុខភាពថ្លើមឱ្យបានល្អ គួរជៀសវាង ការផឹកស្រា និងជក់បារី និងរបស់ដែលមានប្រេង និងខ្លាញ់ច្រើន ក្នុងនោះថ្នាំពេទ្យដែលមិនមានវេជ្ជបញ្ជារច្បាស់លាស់ ក៏អាចនាំឱ្យប៉ះពាល់ដល់សុខភាពថ្លើមផងដែរ។
លោកវេជ្ជបណ្ឌិតឯកទេស ធា វុទ្ធី បានឱ្យដឹងដែរថា រហូតមកដល់ពេលនេះជំងឺថ្លើមប្រភេទ C ត្រូវបានគេរកឃើញថ្នាំដើម្បីព្យាបាលឱ្យជាបានហើយ។ សម្រាប់ជំងឺថ្លើមប្រភេទC ដែលមានបញ្ហាថ្លើមមិនទាន់ក្រិនគឺប្រើរយៈពេលព្យាបាលតែ ៣ខែប៉ុណ្ណោះ ដោយឡែកបើថ្លើមក្រិនហើយនោះ គឺការព្យាបាលរហូតដល់ ៦ខែ។ ចំពោះជំងឺថ្លើមប្រភេទ B សម្រាប់ការព្យាបាលគឺមានលក្ខណៈស៉ាំញ៉ាំមួយចំនួន ដែលទាមទារលើលក្ខខណ្ឌមួយចំនួន ដែលគួរព្យាបាល និងមិនគួរព្យាបាលផងដែរ។
លោកវេជ្ជបណ្ឌិតឯកទេស ធា វុទ្ធី ក៏បានផ្ញើសារផ្តាំផ្ញើរដល់អ្នកដែលមានជំងឺថ្លើមស្រាប់ គួរទៅជួបគ្រូពេទ្យជំនាញ ដើម្បីពិនិត្យ វាយតម្លៃ និងធ្វើការព្យាបាលឱ្យបានទាន់ពេលវេលា និងជៀសឱ្យបានការជក់បារី និងការផឹកស្រា។ ចំពោះអ្នកដែលមិនទាន់មានបញ្ហាថ្លើម ដើម្បីការពារថ្លើមឱ្យបានល្អ ក៏គួរជៀសវាងការជក់បារី និងការផឹកស្រា និងគប្បីទៅជួបគ្រូពេទ្យឯកទេសដើម្បីធ្វើការពិនិត្យឱ្យបានច្បាស់ផងដែរ៕