(ភ្នំពេញ)៖ ឆ្នាំនេះគឺជាឆ្នាំទី៥០នៃទិវាអក្ខរកម្មអន្តរជាតិ ដែលបានប្រារព្វធ្វើនៅជុំវិញពិភពលោក សម្រាប់លើកកម្ពស់តម្លៃអក្ខរកម្មដែលជាមូលដ្ឋានគ្រឹះមួយនៃសិទ្ធិមនុស្ស និងសេចក្តីថ្លៃថ្នូរ។ អក្ខរកម្មមានសារៈសំខាន់ណាស់សម្រាប់ការកាត់បន្ថយភាពក្រីក្រ សមភាពយ៉េនឌ័រ បរិយាកាស និងសង្គមប្រកបដោយនិរន្តរភាព។ អក្ខរកម្មគឺមិនមែនគ្រាន់តែជាសមត្ថភាពក្នុងការអាន សរសេរនិងការគិតលេខងាយៗនោះទេ។ វាជាការប្រើប្រាស់នូវរាល់សមត្ថភាពទាំងអស់ក្នុងការធ្វើឲ្យប្រសើរឡើងនូវគុណភាពនៃជីវិតរស់នៅរបស់ខ្លួនឯង និងអ្នកដ៏ទៃនៅជុំវិញខ្លួន។ អក្ខរកម្មជួយឲ្យយើងយល់ច្បាស់លាស់និងធ្វើទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព ឲ្យរស់នៅមានសន្តិភាពជាមួយអ្នកដ៏ទៃ ឲ្យចេះគិតពិចារណា និងចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមនិងប្រទេសជាតិ។
ប្រធានបទទិវាអក្ខរកម្មអន្តរជាតិឆ្នាំនេះគឺ «អានអតីតកាល សរសេរពីអនាគត» បានភ្ជាប់កិច្ចខិតខំប្រឹងប្រែងទាំងឡាយនៃការអប់រំសម្រាប់ទាំងអស់គ្នាចាប់តាំងពីឆ្នាំ២០០០ ដល់២០១៥មក ជាមួយនឹងការសន្យានានានៅក្នុងរបៀបវារៈនៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាពនៅឆ្នាំ២០៣០។ យោងតាមរបាយការណ៏របស់វិទ្យាស្ថានស្ថិតិរបស់អង្គការយូណេស្កូឆ្នាំ២០១៥ បានបង្ហាញថានៅលើពិភពលោកមានកុមារនិងយុវជនវ័យក្មេង នៅក្រៅសាលាអាយុពី៦ទៅ១៥ឆ្នាំ ប្រហែល១២៤លាននាក់ រាប់បញ្ចូលទាំងកុមារចំនួន២៥លាននាក់ ដែលមិនបានចុះឈ្មោះចូលរៀននៅក្នុងសាលាបឋមសិក្សាក្នុងឆ្នាំ២០១៣។
របាយការណ៏ត្រួតពិនិត្យតាមដានជាសកលឆ្នាំ២០១៥ ក៏បានបង្ហាញឲ្យដឹងដែរថាក្នុងអំលុងពេលពីឆ្នាំ២០០៥ ដល់២០១៤ មានជនពេញវ័យប្រហែល៧៥៨លាននាក់ (ច្រើនជាង៦០%ជាស្រ្តី) គឺជាអ្នកមិនចេះអក្សរ។ និយាយម្យ៉ាងទៀតថាក្នុងចំណោមជនពេញវ័យ៦នាក់មានម្នាក់គឺជាអ្នកមិនចេះអក្សរនៅក្នុងពិភពលោកសព្វថ្ងៃនេះ។ យើងដឹងហើយថាអក្ខរកម្មមានន័យស្រដៀងគ្នាទៅនឹងភាពឯកោនិងក្រីក្រ។ ដូចនេះទិវាអក្ខរកម្មអន្តរជាតិពញ្ញាក់ស្មារតីយើងទាំងអស់គ្នាឲ្យយនឹកឃើញនូវរាល់បញ្ហាប្រឈមសព្វថ្ងៃនិងជម្រុញលើកទឹកចិត្តឲ្យយើងខិតខំស្វែងរកដំណោះស្រាយថ្មីៗដើម្បីជម្រុញការងារអក្ខរកម្មឲ្យកាន់តែប្រសើរឡើងថែមទៀតនាពេលអនាគត។ ទោះបីជាមានការីកចម្រើនគួរឲ្យកត់សម្គាល់ទៅលើផ្នែកសេវាអប់រំ និងការកែលម្អគុណភាពអប់រំនៅទសវត្យចុងក្រោយនេះយ៉ាងណាក៍ដោយក៍បញ្ហាប្រឈមជាច្រើននៅតែកើតមាននៅក្នុងប្រទេសកម្ពុជា។ ជាឧទាហរណ៍៖ របាយការណ៍សន្និបាតអប់រំឆ្នាំ២០១៦ បានបង្ហាញពីបញ្ហាប្រឈម ដែលពិបាកដោះស្រាយនៃចំនួនកុមារដែលគ្រប់អាយុត្រូវចុះឈ្មោះចូលរៀននៅថ្នាក់ទី១ ការកើនឡើងនៃអត្រាត្រួតថ្នាក់នៅបឋមសិក្សា និងអត្រាចុះឈ្មោះចូលរៀនទាបនិង អត្រាបោះបង់ខ្ពស់នៅកម្រិតមធ្យមសិក្សាបឋមភូមិ។ ក្នុងនោះការបោះបង់ការសិក្សាគឺជាកង្វល់ដ៍ចំបងជាងគេ បើតាមបទពិសោធន៍ជាអន្តរជាតិ បានឲ្យដឹងថា៖ អ្នកបោះបង់ការសិក្សានៅកម្រិតបឋមសិក្សាច្រើនតែចាកចេញពីសាលារៀនដោយគ្មានចំណេះដឹងអក្ខរកម្ម ការអាន សរសេរ និងការគិតលេខងាយៗនៅឡើយ។ ដូចដែលសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងនៅក្នុងអំលុងពេលធ្វើពិធីផ្សព្វផ្សាយយុទ្ធនាការអក្ខរកម្មជាតិឆ្នាំ២០១៥កន្លងមកថា៖ «ចំណេះដឹងអក្ខរកម្មបើសិនជាមិនបានប្រតិបត្តិវាទេ វានឹងត្រូវបាត់បង់ទៅវិញជាមិនខាន»។ ដូច្នេះប្រសិនបើអ្នកបោះបង់ការសិក្សាទាំងអស់នោះ មិនបានអនុវត្តការអាន និងសរសេរឬ គិតលេខងាយៗនោះទេ ពួកគេនឹងងាយបាត់បង់បំនិនទាំងអស់នោះហើយនឹងងាយធ្លាក់ខ្លួនចូលទៅក្នុងក្រុមអ្នកមិនចេះអក្សរជាមិនខាន។
ឆ្លើយបតទៅនឹងបញ្ហានេះក្រសួងអប់រំ យុវជននិងកីឡាបានរៀបចំគោលនយោបាយយុទ្ធសាស្រ្តជាច្រើន ដើម្បីលើកកម្ពស់សេវាអប់រំសម្រាប់កុមារ យុវជននិងជនពេញវ័យឲ្យទទួលបានការអប់រំនិងកាត់បន្ថយអត្រាបោះបង់ពីសាលារៀនក៏ដូចជាលើកកម្ពស់អត្រាអក្ខរកម្មក្នុងចំណោមយុវជននិងជនពេញវ័យ។ ជារៀងរាល់ឆ្នាំក្រសួងអប់រំតែងតែរៀបចំយុទ្ធនាការចុះឈ្មោះចូលរៀននៅដើមឆ្នាំសិក្សាដើម្បីផ្សព្វផ្សាយ និងជម្រុញកុមារមកសាលារៀន។ ដើម្បីបង្កើនគុណភាពនៃការរៀនសូត្រ ជាពិសេសគឺភាសារខ្មែរ និងគណិតវិទ្យា ក្រសួងអប់រំបានធ្វើការណែនាំអំពីវិធីសាស្រ្តបង្រៀនអំណាន និងអក្ខរសាស្រ្ត រាប់បញ្ចូលទាំងការវាយតម្លៃអំណានដំបូង និងការវាយតម្លៃគណិតវិទ្យានៅថ្នាក់ដំបូងផងដែរ។ បន្ថែមលើសពីនេះទៀតកាលពីឆ្នាំកន្លងទៅរាជរដ្ឋាភិបាលបានយល់ព្រមកំណត់យកថ្ងៃទី១១ ខែមីនា ជារៀងរាល់ឆ្នាំ ជាទិវាអំណានជាតិដើម្បីបណ្តុះទម្លាប់អាននិងលើក កម្ពស់វប្បធម៌អាននៅក្នុងសង្គមកម្ពុជា។
ក្រសួងអប់រំក៏កំពុងតែសាកល្បងកម្មវិធីប្រឹក្សាយោបល់អំពីការងារ និងផែនការអនាគតនៅតាមសាលារៀននៅក្នុងខេត្តបាត់ដំបង ដើម្បីកាត់បន្ថយអត្រាបោះបង់ការសិក្សាជាពិសេសនៅកម្រិតមធ្យមសិក្សាទុតិយភូមិ។ ជាមួយយុទ្ធសាស្រ្តទាំងអស់នេះ និងកិច្ចខិតខំប្រឹងប្រែងទាំងឡាយរបស់រាជរដ្ឋាភិបាលជាមួយក្រសួងអប់រំ យុវជន និងកីឡាបានធ្វើឲ្យមានការកើនឡើងនូវអត្រាអក្ខរកម្មជនពេញវ័យនៅប៉ុន្មានទសវត្យមកនេះ។
ចំពោះអត្រាអក្ខរកម្មនៅក្នុងប្រទេសកម្ពុជា បើយោងទៅតាមរបាយការណ៏អង្កេតសេដ្ឋកិច្ចសង្គមឆ្នាំ២០១៤ (បោះពុម្ភដោយក្រសួងផែនការឆ្នាំ២០១៥) បង្ហាញថាអត្រាអក្ខរកម្មជនពេញវ័យគឺ៧៩.៧% (ស្ត្រី៧៣.៦%)ក្នុងឆ្នាំ២០១៣ កើនឡើងពី ៧៧.៦% ក្នុងឆ្នាំ២០០៨។ របាយការណ៏ដដែលក៏បានបង្ហាញពីគម្លាតឆ្ងាយពីគ្នាប្រហែល១៤% រវាងបុរសនិងស្រ្តីនៅតាមតំបន់ជនបទនិងទីប្រជុំជន។ ដើម្បីឆ្លើយតបទៅនឹងបញ្ហាអនក្ខរភាពនេះ អង្គការយូណេស្កូបាននិងកំពុងជួយគាំទ្រដល់ក្រសួងអប់រំ យុវជននិងកីឡាក្នុងការលើកកម្ពស់ការងារអក្ខរកម្មនៅទូទាំងប្រទេសតាមរយៈកម្មវិធីការអភិវឌ្ឍសមត្ថភាពការអប់រំសម្រាប់ទាំងអស់គ្នាចាប់តាំងពីឆ្នាំ២០១០ មកដោយជួយគាំទ្រជាបច្ចេកទេសលើការធ្វើផែនការយុទ្ធសាស្រ្ត ការកសាងសមត្ថភាពវិជ្ជាជីវៈនិងស្ថាប័ន ការសិក្សាស្រាវជ្រាវ ការត្រួតពិនិត្យនិងតាមដាន ក៏ដូចជាសកម្មភាព តស៊ូមតិផ្សេងៗទៀត។ ឧទាហរណ៍មួយក្នុងចំណោមឧទាហរណ៍ជាច្រើនគឺ ផែនការពន្លឿនអក្ខរកម្មជាតិដែលបានជួយឲ្យក្រសួងអប់រំ យុវជននិងកីឡា អនុវត្តយុទ្ធនាការអក្ខរកម្មជាតិឆ្នាំ២០១៥នៅទូទាំងប្រទេស។ ជាលទ្ធផលក្រសួងអប់រំ យុវជននិងកីឡាបានរៀបចំដំណើរការថ្នាក់អក្ខរកម្មចំនួន ៣២៥០ថ្នាក់ មានសិស្សជាជនពេញវ័យចំនួន៦៦,៦៤២នាក់ ត្រូវជា៧១%ជាស្រ្តី បានចូលរួមក្នុងយុទ្ធនាការនេះ។
ក្រសួងអប់រំ យុវជននិងកីឡា រួមជាមួយក្រសួងពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន អង្គការយូណេស្កូនិងដៃគូដ៏ទៃទៀតនឹងប្រារព្វទិវាអក្ខរកម្មជាតិ និងអន្តរជាតិ ៨កញ្ញា នៅខេត្តពោធិ៍សាត់ ក្រោមប្រធានបទ «អក្ខរកម្មរួមចំណែកបង្កើនសេដ្ឋកិច្ចគ្រួសារ»។ សូមអរគុណដល់កិច្ចខិតខំប្រឹងប្រែងក្នុងការស្វែងរកមតិគាំទ្រជាបន្តបន្ទាប់កន្លងមកដែលធ្វើឲ្យកើតមានឡើងនូវសមិទ្ធផលជាក់ស្តែងស្តីពីសារៈសំខាន់នៃអក្ខរកម្មនិងទំនាក់ទំនងរបស់វាជាមួយនឹងមុខរបរសម្រាប់ប្រជាពលរដ្ឋកម្ពុជា ។ ជាឧទាហរណ៍កាលពីឆ្នាំកន្លងទៅសិស្សអក្ខរកម្មម្នាក់នៅខេត្តកំពង់ឆ្នាំង បាននិយាយថា៖ «មានរោងចក្រជាច្រើននៅក្នុងខេត្តកំពង់ឆ្នាំងមិនទទួលយកកម្មករណា ដែលធ្វើតែស្តលើការអាន និងសរសេរមិនជាប់នោះទេ ហើយបន្ទាប់ពីបានចូលរួមក្នុងកម្មវិធីអក្ខរកម្មមក ពួកគេភាគច្រើនបានទៅធ្វើតែស្តជាប់ និងបានទទួលយកចូលធ្វើការនៅតាមរោងចក្រទាំងនោះ» ។ រៀនសូត្របទពិសោធន៍ពីយុទ្ធនាការអក្ខរកម្មជាតិនិងការខិតខំប្រឹងប្រែងជាបន្តបន្ទាប់កន្លងមកក្នុងការផ្តល់ឱកាសរៀនសូត្រពេញមួយជីវិតសម្រាប់ទាំងអស់គ្នា ក្រសួងអប់រំ យុវជននិងកីឡា និងអង្គការយូណេស្កូរួមគ្នាជាមួយក្រសួងកិច្ចការនារី អង្កការស៊ីប៉ា ក្រុមហ៊ុនទូរស័ព្ទចល័តស្មាត ព្រមទាំងដៃគូជាតិ និងអន្តរជាតិនានាធ្វើការសាកល្បងអនុវត្តកម្មវិធីកញ្ចប់អក្ខរកម្មជាមួយអនក្ខរជន ជាជនពេញវ័យនៅតាមរោងចក្រជាពិសេសគឺស្រ្តី។ កម្មវិធីនេះជួយគាំទ្រដោយអង្គការយូណេស្កូ ដោយប្រើប្រាស់កញ្ចប់ថវិកាមាឡាឡាសម្រាប់សិទ្ធិទទួលបានការអប់រំរបស់ស្ត្រីក្នុងគោលបំណង ជួយឲ្យកុមារីនិងស្រ្តីវ័យក្មេង ដែលធ្វើការនៅតាមរោងចក្រកាត់ដេរទទួលបានជំនាញអក្ខរកម្មមូលដ្ឋានដើម្បីធ្វើការកែលម្អទំនាក់ទំនងក្នុងការងារប្រចាំថ្ងៃ កែលម្អផលិតភាព និងលទ្ធផលការងាររបស់ពួកគេ។ កម្មវិធីនេះនឹងចាប់ផ្តើមនៅតាមរោងចក្រចំនួន៤ក្នុងឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ និងពង្រីកច្រើនបន្ថែមទៀតនៅឆ្នាំ២០១៧។ ដូចដែលបានលើកទឹកចិត្តដោយសម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តី ក្រសួងអប់រំយុវជននិងកីឡា និងអង្គការយូណេស្កូសូមប្រកាសអញ្ជើញរោងចក្រទាំងអស់ចូលរួមក្នុងការរៀបចំបើកថ្នាក់កញ្ចប់អក្ខរកម្មនេះសម្រាប់កម្មករទាំងអស់គ្នាឳ្យបានរៀនសូត្រគ្រប់ៗគ្នា។
បន្ថែមពីកម្មវិធីអក្ខរកម្មសម្រាប់ជនពេញវ័យ ក្រសួងអប់រំយុវជននិងកីឡានិងអង្គការយូណេស្កូកំពុងតែរៀបចំកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមប្រព័ន្ធអនឡាញមួយដោយប្រើប្រាស់ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននិងសារគមនាគមន៍សម្រាប់យុវជននិងជនពេញវ័យនៅក្រៅសាលារៀន។ ក្រសួងអប់រំនិងអង្គការយូណេស្កូបានអញ្ជើញនាយកដ្ឋានជំនាញដែលពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍នានា អង្គការមិនមែនរដ្ឋាភិបាលនិងវិស័យឯកជនចូលរួមក្នុងកិច្ចការនេះ។ ការបង្ហាញពីរបៀបរៀនតាមអនឡាញនេះ ត្រូវបានរំពឹងទុកថានឹងអាចឆ្លើយតបបានយ៉ាងឆាប់រហ័ស ទៅនឹងតម្រូវការរៀនសូត្ររបស់យុវជន និងជនពេញវ័យនៅក្រៅសាលារៀនជាពិសេសអ្នកដែលបានស្វែងរកការងារធ្វើដោយមិនបានបញ្ចប់ការអប់រំកម្រិតមូលដ្ឋាននៅឡើយ។ កម្មវិធីនេះនឹងជួយឲ្យអ្នកដែលចាប់អារម្មណ៍នឹងការរៀនសូត្រអាចបញ្ចប់ការអប់រំកម្រិតមូលដ្ឋាននៅក្នុងពេលដែលពួកគេកំពុងតែធ្វើការងារព្រមទាំងជួយធ្វើឳ្យប្រសើរឡើងនូវអត្រាបញ្ចប់ការអប់រំកម្រិតមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា។
ថ្ងៃនេះឆ្លៀតពេលដែលយើងប្រារព្វទិវារអក្ខរកម្មជាតិនិងអន្តរជាតិឆ្នាំ២០១៦ ក្រសួងអប់រំ យុវជននិងកីឡា និងអង្គការយូណេស្កូសូមថ្លែងអំណរគុណដល់ក្រសួងពាក់ព័ន្ធ ដៃគូអភិវឌ្ឍនានានិងសង្គមស៊ីវិល ក៏ដូចជាវិស័យឯកជនទាំងអស់សម្រាប់ការបន្តរជួយគាំទ្រ និងធ្វើសហប្រតិបត្តិការលើកកម្ពស់ការងារអក្ខរកម្មនៅក្នុងប្រទេសកម្ពុជា។ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមខាងមុខយើងខ្ញុំសូមឲ្យមានការចូលរួមយ៉ាងសកម្មពីគ្រប់អ្នកពាក់ព័ន្ធទាំងអស់ថែមទៀត ដើម្បីធ្វើឲ្យមានការជឿជាក់ថាប្រទេសកម្ពុជា គឺជាប្រទេសទីមួយនៅក្នុងប្រជាជាតិអាស៊ាន ដែលសម្រេចបានគោលដៅប្រកបដោយចីរភាពនៃការអប់រំឆ្នាំ២០៣០៕
ដោយ៖ បណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី អាន ឡឺមែត្រ តំណាងអង្គការយូណេស្កូប្រចាំប្រទេសកម្ពុជា