(ភ្នំពេញ)៖ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាទួលគោក នឹងរៀបចំកម្មវិធី «យោគៈ និងសមាធិ ដើម្បីបង្កើនគុណភាពជីវិត លើកទី៤» នៅថ្ងៃទី២៧ ខែមេសាខាងមុខនេះ នៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារប្រយោជន៍នៃយោគៈ និងសមាធិ ចំពោះសុខភាពផ្លូវកាយ និងផ្លូវចិត្ត ដែលជាកាតាលីករចម្បងមួយ ក្នុងការជំរុញសុខុមាលភាពផ្លូវចិត្ត ការប្រាស្រ័យទាក់ទងល្អ ប្រសិទ្ធភាព និងផលិតភាពការងារ ក៏ដូចជាបង្កើននូវគុណភាពរស់នៅកាន់តែប្រសើរ ទៅដល់អ្នកចូលរួម និងសាធារណៈជនជាច្រើនរយនាក់។
កញ្ញា ជោត ដាលីន ប្រធានគម្រោងនៃកម្មវិធី «យោគៈ និងសមាធិ ដើម្បីបង្កើនគុណភាពជីវិត» បានឱ្យដឹងថា កម្មវិធី «យោគៈ និងសមាធិ ដើម្បីបង្កើនគុណភាពជីវិត លើកទី៤»នេះនឹងប្រព្រឹត្តទៅក្រោមប្រធានបទដ៏ស៊ីជម្រៅមួយគឺ «តុល្យភាព ការងារ និងជីវិតរស់នៅ» ដោយផ្តោតសំខាន់ទៅលើ ការថែរក្សាសុខភាពផ្លូវចិត្ត ជាពិសេសក្នុងកំឡុងវិបត្តិសេដ្ឋកិច្ចនេះ។
កញ្ញាបន្តថា«យើងសង្កេតឃើញថា មនុស្សជាច្រើនកំពុងតែចំណាយពេលវេលាស្ទើរតែទាំងអស់របស់ខ្លួនទៅលើការងារ ដោយពុំបានគិតគូរពីសុខុមាលភាពផ្លូវចិត្ត បណ្តាលឱ្យពួកគាត់ជួបប្រទះនូវបញ្ហាសុខភាពផ្លូវចិត្តកាន់តែច្រើនឡើង ជាពិសេសក្នុងខណៈពេលដ៏លំបាកនេះ»។
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០២៣កន្លងទៅ កម្មវិធីនេះបានប្រព្រឹត្តទៅយ៉ាងរលូន និងជោគជ័យតាមការរំពឹងទុក ក្រោមការនិមន្តចូលរួមពីសំណាក់ព្រះភិក្ខុ វជិរប្បញ្ញោ គូ សុភាព, និងវាគ្មិនកិត្តិយសលោក នឹម ឈុន្នី, អ្នកនាង យីម សុធារី និងលោក យាន់ វណ្ណៈ ព្រមទាំងសាធារណៈជនជិតឆ្ងាយប្រមាណជាង២០០នាក់ទៀតផង។
សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាសាខាទួលគោក ពិតជាសង្ឃឹមយ៉ាងម៉ុតមាំថា កម្មវិធីលើកទី៤នេះ នឹងទទួលបានការចូលរួមនិងគាំទ្រពីសំណាក់សាធារណៈជនកាន់តែច្រើនជាងកាលពីឆ្នាំកន្លងទៅទៀត ដើម្បីបញ្ជា្របការយល់ដឹងអំពីសារសំខាន់នៃសខុមាលភាពផ្លូវចិត្ត ក៏ដូចជាអត្ថប្រយោជន៍ដ៏លើសលប់នៃយោគៈ និងសមាធិឱ្យបានកាន់តែទូលំទូលាយនៅក្នុងសង្គម។
សម្រាប់សមាជិកសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា និងសាធារណៈជនទាំងអស់ដែលមានបំណងចូលរួមកម្មវិធី «យោគៈ និងសមាធិ ដើម្បីបង្កើនគុណភាពជីវិត លើកទី៤» នាពេលខាងមុខនេះ ចុះឈ្មោះតាមរយៈតំណភ្ជាប់ខាងក្រោម ៖ https://forms.gle/q6eDkG9UK8oHWGWt9 ៕