(ភ្នំពេញ)៖ លោក ពេញ ធារម្យ ប្រធានសាខាកាំកុងត្រូល ផែស្ងួតចុងទីភ្នំពេញ និងមន្រ្តីកាំកុងត្រូលតំបន់សេដ្ឋកិច្ច ពិសេស ភ្នំពេញ សហការជាមួយមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ ២០១៦ បានចុះត្រួតពិនិត្យ ទំនិញ វេចខ្ចប់ស្រេច និងធ្វើតេស្ត ទៅលើគ្រឿងសមុទ្រ មឹកស្រស់ បង្គាស្រស់ៗ នៅតាមបណ្តោយផ្លូវលេខ៥៩៨ តំបន់ត្រឡោកបែក ខណ្ឌសែនសុខ ដើម្បីរកសារធាតុគីមីហាមឃាត់ Formalin នៅក្នុងបង្គាស្រស់ៗ ដែលនាំចូលពីប្រទេសវៀតណាម និងធ្វើការ ណែនាំដល់អាជីវករហាមឃាត់ការដាក់តាំងលក់ផលិតផលទំនិញខូចគុណភាព ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព អ្នកប្រើប្រាស់។
ការដឹកនាំចុះត្រួតពិនិត្យផ្ទាល់នេះដែរ លោក គង់ វុទ្ធី អនុប្រធានសាខាកាំកុងត្រូលចុងទីភ្នំពេញ បានឲ្យដឹងថា ក្នុងការចុះ ត្រួតពិនិត្យនៅតំបន់ខាងលើនេះ ពុំបានរកឃើញផលិតផលណា ដែលខូចគុណភាពទេដូច្នេះខាង សមត្ថកិច្ចលោកមិនបាន ដកហូតអ្វីនោះឡើយ ។
លោកបានបញ្ជាក់ទៀតថា កន្លងមកលោកប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានណែនាំជាប្រចាំឲ្យមន្ត្រី ក្រោមឱវាទ អង្កេតនឹងតាមដាន នៅតាមទីផ្សារទាំងអស់ក្នុងរាជធានីភ្នំពេញ ដើម្បីពិនិត្យមើលនៅទំនិញផ្សេងៗ ខ្លាចខូច គុណភាព ហើយបងប្អូនទិញយកទៅប្រើប្រាស់នឹងបរិភោគប៉ះពាល់សុខភាព៕