(ភ្នំពេញ)៖ លោកសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋមន្ត្រីស្តីទី ក្រសួងមហាផ្ទៃ និងលោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នេះ បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្តីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ ធ្លាប់សាធារណៈ និងសុវត្ថិភាពសង្គម ២០២៤-២០២៨ របស់ក្រសួងមហាផ្ទៃ។

លោក ហ៊ុន សុរិទ្ធី បានលើកឡើងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់ជាខ្លាំងលើវិស័យសន្តិសុខ ជាតិ សណ្តាប់ធ្នាប់សាធារណះ និងសុវត្ថិភាពសង្គម ដែលជាវិស័យអាទិភាពមួយដ៏សំខាន់ គឺជាឆ្អឹងខ្នងសម្រាប់ទ្រទ្រង់ការ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ជាកោណ ដំណាក់កាលទី១។

លោកបានបន្តថា គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានខិតខំប្រឹងប្រែង បំពេញតួនាទី-ភារកិច្ចដើម្បីកែលម្អយន្តការ ផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាល សេវាសន្តិសុខ ជាតិ ដើម្បីរួមចំណែកថែរក្សាស្ថិរភាពនយោបាយ សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ប្រកបដោយស្មារតីម្ចាស់ការ ប្រសិទ្ធិភាព តម្លាភាព គណនេយ្យភាព យុត្តិធម៌ សមធម៌សង្គមបរិយាបន្ន ជាមួយនឹងការចាត់តាំងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» យ៉ាងល្អប្រសើរ ធានាប្រក្រតីភាព នៃជីវភាពសង្គមលើគ្រប់វិស័យ រក្សាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ពន្លឿនការរអភិវឌ្ឍ និងបង្កើនទំនុក ចិត្តជូនដល់វិនិយោគិន ធុរជន ពាណិជ្ជករ ភ្ញៀវទេសចរណ៍ និងប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខដុមរនា។

ជាក់ស្តែងក្នុងអំឡុងពេលរៀបចំការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា អាណត្តិទី៥ ក៏ដូចជា ព្រឹត្តិការណ៏ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ កាលពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤ កន្លងទៅនេះ មានភ្ញៀវទេសចរចូលរួមលេងកំសាន្តសប្បាយក្នុងព្រឹត្តិការណ៍សង្ក្រាន្តនេះ មានភ្ញៀវជាតិប្រហាក់ប្រហែល ១,៣០២,៦៦៦នាក់ និង ភ្ញៀវទេសចរអន្តរជាតិ ប្រហាក់ប្រហែល ១៨,៤៥៤នាក់ ដែលញាំងឱ្យបរិយាកាស ក្នុងព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី ប្រកបដោយ បរិយាកាសសប្បាយរីករាយ អធិកអធម និងពោរពេញដោយក្តីមោទនភាពបំផុត។

លោកបន្តទៀតថា ផែនការយុទ្ធសាស្ត្រស្តីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខ ជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ២០២៤-២០២៨ របស់ក្រសួងមហាផ្ទៃដែលផ្សព្វផ្សាយនាពេលនេះ គឺជាយន្តការទិសដៅថ្មីបន្ថែមទៀត ដែលជាផែនទីបង្ហាញផ្លូវច្បាស់លាស់មួយទៀត សម្រាប់ការដឹកនាំ ការ គ្រប់គ្រង និងការអនុវត្តកិច្ចការជាអាទិភាព សំដៅពង្រឹងការអនុវត្តមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសការធ្វើឱ្យ មានសង្គតិភាព រវាងយន្តការគាំទ្រដោយក្រសួង-ស្ថាប័នថ្នាក់ជាតិ និងការអនុវត្តតួនាទី ភារកិច្ចនៅថ្នាក់មូលដ្ឋាន ឱ្យកាន់តែមាន ប្រសិទ្ធភាព និងប្រសិទ្ធិផលខ្ពស់។

លោកសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា បានលើកឡើងថា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានជាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ សម្រាប់កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្តោតលើវិស័យអាទិភាពចំនួន៥ ពីមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដើម្បីបន្តកសាង មូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។

លោកបានបន្តថា ដើម្បីធានាដល់ការបំពេញតួនាទីជាសេនាធិការជូនរាជរដ្ឋាភិបាលប្រកប ដោយការទទួលខុសត្រូវខ្ពស់ ក្រសួងមហាផ្ទៃ បានរៀបចំផែនការយុទ្ធសាស្ត្រស្តីពី «ការលើក កម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ធ្វើជាផែនទីបង្ហាញផ្លូវច្បាស់លាស់មួយសម្រាប់អនុវត្តពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨ សំដៅចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ឱ្យសម្រេចបានគោលដៅ គោលបំណង និងចក្ខុវិស័យដែលបានកំណត់៕