(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចែករំលែកទស្សនទានមួយចំនួន ដល់សាកលវិទ្យាល័យការពារជាតិ ដើម្បីពង្រឹងការស្រាវជ្រាវ និងពង្រីកសមត្ថភាពកងទ័ព ជាពិសេសនាយទាហាន ឆ្លើយតបនឹងបច្ចេកវិទ្យាថ្មីៗនៃសង្គ្រាម ដែលកើតមាននៅលើពិភពលោក។
ទស្សនទានរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើង នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសហសិក្សា អគារស្នាក់នៅ និងអគារអាហារដ្ឋាននៅសាកលវិទ្យាល័យការពារជាតិ រួមជាមួយពិធីបិទវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឺនឆ្នាំ២០២៣ និងបើកវគ្គសិក្សាសម្រាប់ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា នៅក្នុងបរិបទដែលពិភពលោក កំពុងតែវិវឌ្ឍ ជាពិសេសការជះឥទ្ធិពលមកដល់ប្រទេសយើង ការស្វែងយល់ និងការបង្កើនសមត្ថភាពយល់ដឹងរបស់នាយទាហាន ជាពិសេសនាយទាហានយុទ្ធសាស្រ្តដែលទទួលបន្ទុកក្នុងការរៀបចំផែនការ កាន់តែដើរតួនាទីសំខាន់ឡើង ហើយនៅថ្ងៃខាងមុខ សាកលវិទ្យាល័យការពារជាតិ បណ្តុះបណ្តាលមិនត្រឹមតែកម្រិតយុទ្ធសាស្រ្តយោធានោះទេ ថែមទាំងទៅដល់នយោបាយការពារជាតិ សន្តិសុខជាតិ ដែលអាចបើកទៅដល់មន្ត្រីជាន់ខ្ពស់ពីបណ្តាស្ថាប័នផ្សេងៗដើម្បីចូលរៀន។
សម្តេចបានបញ្ជាក់ដូច្នេះថា៖ «ព័ត៌មានឌីជីថល គឺជាបច្ចុប្បន្ន និងអនាគត យើងមិនចាំបាច់ស៊ើបការថ្មើរជើងប្រដាប់អាវុធទៀតទេ បញ្ជូនមួយក្រុមស៊ើបការទៅចូលទៅព្រៃជ្រៅពិបាក បើហើបតែដ្រូនឡើងលើបន្តិចឃើញ៥គីឡូទៅ១០គីឡូខាងក្នុង»។ សម្តេចបានពន្យល់បន្តថា ការវិភាគ ការយកពង់ប្រយុទ្ធ បច្ចុប្បន្ននេះគេប្រាស់តែកុំព្យូទ័រពីចម្ងាយ ក៏អាចបាញ់ត្រូវដែរ ជាមួយគ្នានេះ ដ្រូនហោះមាននិយាមកាស្រាប់ មានប្រព័ន្ធ GPS ដែលទំនើបជាងមុន។
សម្តេចបានបញ្ជាក់បន្ថែមថា «ពិតណាស់ យើងមិនអាចចោលនូវជំនាញ ចំណេះដឹងមូលដ្ឋាន អត់អាចយកម៉ាស៊ីនគិតលេខមកហើយឈប់រៀនបូកលេខនោះទេ គឺគ្រឹះដដែលប៉ុន្តែយើងក៏មិនចោលនូវការប្រើប្រាស់បច្ចេកវិទ្យា អញ្ចឹងមហាវិទ្យាល័យបច្ចេកវិទ្យា មហាវិទ្យាល័យព័ត៌មានវិទ្យា ដើរតួនាទីសំខាន់ បន្ថែមលើជ្រុងបច្ចេកវិទ្យាបន្ថែមទៀត ដើម្បីជួយក្នុងការស្រាវជ្រាវ»។
សម្តេចបានផ្តល់អនុសាសន៍ទៀតថា សាកលវិទ្យាល័យការពារជាតិ ក៏មិនមែនជាស្ថាប័នបង្រៀននោះដែរ ត្រូវពង្រឹងតួនាទីក្នុងការស្រាវជ្រាវថែមទៀត។ សម្តេចបានជំរុញដល់រដ្ឋមន្រ្តីការពារជាតិកម្ពុជា ឱ្យពិនិត្យមើលតួនាទីសាកលវិទ្យាល័យការពារជាតិ ដើម្បីក្លាយទៅជាស្ថាប័នស្រាវជ្រាវយោធា និងបង្កើននូវបរិបទថ្មីៗ។ សម្តេចបានលើកឧទាហរណ៍ថា ការប្រយុទ្ធនៅប្រទេសអ៊ុយក្រែន មានការប្រើប្រាស់នូវតាក់តិចសង្គ្រាមថ្មីៗ ដែលអាចនឹងមានការប្រើប្រាស់តាក់តិចនេះវាយប្រហារមកយើងដែរលើផ្នែកសន្តិសុខ។
សម្តេចធិបតី បានជំរុញឲ្យសកលវិទ្យាល័យការពារជាតិ ខិតខំពង្រឹងគុណវឌ្ឍយោធាចារ្យកម្ពុជា ដោយមានគ្រប់កម្រិត និងពង្រីកលទ្ធភាពយោធាចារ្យ ក្នុងការសិក្សាស្រាវជ្រាវលើផ្នែកយោធា។ សម្តេចក៏បានលើកឡើងដែរថា សាកលវិទ្យាល័យក៏ត្រូវកសាងឯកសារសម្រាប់ការរៀនសូត្រថែមទៀត៕