(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា រាល់សកម្មភាពរបស់កម្លាំងអមិត្ត ទាំងក្នុងនិងក្រៅប្រទេសដែលប៉ុនប៉ងបង្កើតបដិវត្តន៍ពណ៌នៅកម្ពុជា បង្កអសន្តិសុខដល់សង្គមជាតិ ទោះក្នុងតម្លៃណាក៏ដោយត្រូវថែរក្សាសន្តិភាពឲ្យបានហើយសកម្ម ដើម្បីរួមចំណែកទប់ស្កាត់បង្ក្រាបរាល់បទល្មើសឱ្យបានទាន់ពេលវេលា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូចនេះនៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នេះ នាឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសហសិក្សា អគារស្នាក់នៅ និងអគារអាហារដ្ឋាននៅសាកលវិទ្យាល័យការពារជាតិ។ ទន្ទឹមនឹងការសម្ពោធដាក់ឱ្យប្រើប្រាស់អគារនានាហើយនោះ ក៏មានការបិទវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឺនឆ្នាំ២០២៣ និងបើកវគ្គសិក្សាសម្រាប់ឆ្នាំ២០២៤ផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «កងយោធពលខេមរភូមិន្ទត្រូវតែជាកម្លាំងដែលមានថាមពលខ្លាំង ការពារសន្តិសុខសណ្តាប់ធ្នាប់សង្គមនៅគ្រប់កាលៈទេសៈ សំដៅធ្វើឲ្យបរាជ័យ រាល់ឧបាយកល និងសកម្មភាពរបស់កម្លាំងអមិត្ត ទាំងក្នុងនិងក្រៅប្រទេសដែលប៉ុនប៉ងបង្កើតបដិវត្តន៍ពណ៌នៅកម្ពុជា បង្កអសន្តិសុខដល់សង្គមជាតិ ទោះក្នុងតម្លៃណាក៏ដោយត្រូវថែរក្សាសន្តិភាពឲ្យបាន ហើយសកម្មរួមចំណែកទប់ស្កាត់បង្ក្រាបរាល់បទល្មើសបានទាន់ពេលវេលា»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា ត្រូវពង្រឹងខឿនការពារជាតិ ដោយកងយោធពលខេមរភូមិន្ទត្រូវតែជាកម្លាំងដែលមានថាមពលខ្លាំង សមត្ថភាពពេញលេញមានឆន្ទៈមោះមុត មនសិការនិងវិន័យល្អ ការពារឱ្យបានរឹងមាំនូវឯករាជ្យជាតិអធិបតេយ្យភាព បូរណភាពទឹកដី។

បន្ថែមពីនេះសម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការកែទម្រង់រចនាសម្ព័ន្ធចាត់តាំងស្ថាប័នកងឯកភាពត្រូវអនុវត្តតាមគោលការណ៍ «វិសមិតមុខងារតួនាទីភារកិច្ច» របស់ស្ថាប័នកងឯកភាពដើម្បីលុបបំបាត់ភាពត្រួតគ្នាឲ្យបានសម្រេចតាមដំណាក់កាលនីមួយៗ យ៉ាងម៉ឺងម៉ាត់ម៉តចត់។ រីឯចំនួនទ័ពនៃស្ថាប័នបញ្ហាការដ្ឋាន កងឯកភាព នានា ត្រូវស្ថិតក្នុងកម្រិតសមស្រប។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា ជាមួយគ្នានេះសមាមាត្រនៃបរិមាណរវាងនាយទាហាន និងពលទាហានត្រូវឲ្យមានភាពសមស្រប ហើយជាពិសេសខិតខំលុបបំបាត់ឲ្យបានជាជំហានៗនូវស្ថានភាពចំនួន «ទ័ពលើសតែខ្វះ» និង «ខ្វះតែលើស»