(ភ្នំពេញ)៖ ពាក្យថា «ចោរ» ដែលជាការចោទប្រកាន់ទាំងយល់ច្រឡំ ពីសំណាក់សន្តិសុខផ្សារ «ញូវថោន» កំពុងធ្វើឲ្យនារីវ័យក្មេង និងស្រស់សោភាមួយរូបឈ្មោះ «ម៉ាយ៉ា ស៊ីវណ្ណា» បានខូចចិត្តរហូតចង់ ធ្វើអត្តឃាតសម្លាប់ខ្លួន ព្រោះតែមិនអាចទ្រាំ និងការជេរប្រមាថពី មហាជនតាមបណ្តាញសង្គម Facebook នាំឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កញ្ញាជាខ្លាំងនោះ។
ការប្រមាថពីមហាជន ជាការឈឺចាប់មួយ ទៅហើយសម្រាប់ «ម៉ាយ៉ា ស៊ីវណ្ណា» តែអ្វីដែលធ្វើឲ្យកញ្ញាឈឺចាប់ កាន់តែខ្លាំងថែមទៀតនោះ ម្ចាស់ផ្សារ «ញូវថោន» ក្រោយដឹងថា បានធ្វើការចោទប្រកាន់ ខុសហើយ ត្រឹមពាក្យសុំទោសជាសាធារណៈ ដើម្បីជួយលាងជម្រះ ភាពអាម៉ាស់ជូនកញ្ញាវិញ ក៏ម្ចាស់ផ្សារនេះមិនព្រមធ្វើ ហើយថែមទាំងប្រើពាក្យទ្រគំរោះ គំរើយដាក់ថែមទៀត។
សាច់ញាតិរបស់កញ្ញា «ម៉ាយ៉ា ស៊ីវណ្ណា» បានរៀបរាប់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦នេះថា កាលពីម៉ោងជាង ៣រសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅនេះ កញ្ញា «ម៉ាយ៉ា ស៊ីវណ្ណា» ដែលមានមុខរបរ ជាអ្នកបោះដុំគ្រឿង សំអាង (Make Up) បានទៅជួបអតិថិជន របស់ខ្លួននៅក្នុងផ្សារ «ញូវថោន» ស្ថិតក្នុងភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
តែអ្វីដែលធ្វើឲ្យគេភ្ញាក់ផ្អើល និងនឹកស្មានមិនដល់នោះ ខណៈដែលកញ្ញា ម៉ាយ៉ា ស៊ីវណ្ណា ដើរចេញផ្សារក្រោយពេល ជួបជាមួយអតិថិជន ស្រាប់តែមានសន្តិសុខ ក្នុងផ្សារជាច្រើននាក់ បានមកចាប់កញ្ញាយក ទៅការិយាល័យ ហើយស្រែកថា «ចាប់បានចោរ! ចាប់បានចោរស្រី» ធ្វើឲ្យមនុស្សម្នានៅក្នុងផ្សារនាំគ្នាថតតាមទូរស័ព្ទ និងបង្ហោះតាមបណ្តាញសង្គម Facebook អមជាមួយពាក្យពេចន៍ ជេរប្រមាថយ៉ាងអសុរោះជាទីបំផុត។
ក្រុមគ្រួសារសាច់ញាតិរបស់កញ្ញា ម៉ាយ៉ា ស៊ីវណ្ណា បានបន្តថា ក្នុងពេលនោះ បើទោះបីកញ្ញា ស៊ីវណ្ណា ព្យាយាមប្រកែកថាខ្លួនមិនបានលួចរបស់ក្នុងផ្សារ និងឲ្យក្រុមសន្តិសុខពិនិត្យរូបភាព ក្នុងកាមេរ៉ាសុវត្ថិភាព យ៉ាងណាក្តី ក៏ពួកគេមិនព្រមស្តាប់ឡើយ។ ក្រោយពីសួរនាំនៅ ក្នុងផ្សារមិនអស់ចិត្ត ក្រុមសន្តិសុខផ្សារ និង អ្នកគ្រប់គ្រងផ្សារ «ញូវថោន» ក៏បន្តនាំកញ្ញា ស៊ីវណ្ណា ទៅកាន់ប៉ុស្តិ៍នគរបាល សង្កាត់ចោមចៅថែមទៀត។ បើតាមការរៀបរាប់បានឲ្យដឹងថា នៅក្នុងពេលបណ្តើរកញ្ញា ស៊ីវណ្ណា ទៅកាន់ប៉ុស្តិ៍នគរបាល មានក្រុមអាជីវករក្នុងផ្សារជាច្រើន ដែលមិនទាន់ដឹងការពិតយ៉ាងណា នៅឡើយនោះ បាននាំគ្នាស្រែកជេរប្រមាថ យ៉ាងអសុរោះលើកញ្ញាថែមទៀតផង។
ក្រោយពេលនាំទៅដល់ប៉ុស្តិ៍នគរបាល ក្រោមការសាកសួរ របស់សមត្ថកិច្ច រហូតឈានដល់ទៅពិនិត្យ កាមេរ៉ាសុវត្ថិភាព ហើយរកឃើញថា ចោរដែលលួច របស់ក្នុងផ្សារមិនមែនកញ្ញា ម៉ាយ៉ា ស៊ីវណ្ណា សមត្ថកិច្ច និងភាគីផ្សារ ក៏ព្រមដោះលែងមកវិញផងដែរ។
ទម្រាំការពិនិត្យស្វែងរកខុសត្រូវ ឃើញជាក់ច្បាស់ កេរ្តិ៍ឈ្មោះនារីវ័យក្មេងមួយរូបត្រូវបាន អសោចពេញបណ្តាញសង្គម Facebook រួចទៅ ហើយ។ វីដេអូ ជាមួយពាក្យពេចន៍ ជេរប្រមាថលើកញ្ញា ស៊ីវណ្ណា ត្រូវបានគេចែករំលែក និងមើលឃើញរាប់ពាន់នាក់ ជាមួយនិងការដាក់ ទណ្ឌកម្មលើកញ្ញា តាមពាក្យពេចន៍ប្រមាថ មើលងាយផ្សេងៗរាប់មិនអស់។
បើទោះកេរ្តិ៍ឈ្មោះត្រូវស្អុយអសោច បានជ្រុលហួសទៅហើយក្តី តែអ្វីដែលធ្វើឲ្យនារីរូបនេះកាន់តែឈឺចិត្តថែមទៀតនោះ នៅក្រោយពេល រកឃើញការពិតហើយ កញ្ញា ស៊ីវណ្ណា ក៏ដូចជាក្រុមគ្រួសារ មិនបានប្តឹងប្តល់ទាមទារ សំណងជំងឺចិត្តអ្វី ពីភាគីផ្សារនោះឡើយ គឺសុំត្រឹម ឲ្យភាគីផ្សារធ្វើលិខិតបំភ្លឺ និង សុំទោសជាសាធារណៈ ដើម្បីឲ្យសាធារណជន បានជ្រាបពីការពិតឡើងវិញ ក៏ដូចជាជួយលាងជម្រះ ភាពអាម៉ាស់របស់កញ្ញា តែភាគីផ្សារបានប្រើពាក្យគំរោះគំរើយវិញថា ពួកគេជាមេធាវី គេមិនអាចធ្វើការបំភ្លឺ ឬសុំទោសជាសាធារណឡើយ។
បើតាមក្រុមគ្រួសារ បានឲ្យដឹងថា រហូតមកដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦នេះ ភាពអាម៉ាស់ទាំងអស់នេះ នៅតែបន្តវាយប្រហារផ្លូវចិត្តរបស់កញ្ញា «ម៉ាយ៉ា ស៊ីវណ្ណា» ខណៈវីដេអូចោទប្រកាន់កញ្ញាថា ជា «ចោរ» នៅតែបន្តចែកចាយតាមបណ្តាញសង្គម Facebook។
បើតាមក្រុមគ្រួសារ និងសាច់ញាតិរបស់កញ្ញា «ម៉ាយ៉ា ស៊ីវណ្ណា» បានបញ្ជាក់ថា ព្រោះតែភាពឈឺចាប់និងការជេរប្រមាថពីមហាជន ពេលខ្លះបានធ្វើឲ្យកញ្ញា ស៊ីវណ្ណា ទ្រាំមិនបាន ហើយចង់ធ្វើអត្តឃាតខ្លួនឯង ថែមទៀតផង។ ក្រុមគ្រួសាររបស់កញ្ញា ស៊ីវណ្ណា នៅតែទទូច ឲ្យភាគីផ្សារ «ញូវថោន» ធ្វើលិខិតសុំទោស និង បំភ្លឺមហាជនជាសាធារណៈ ដើម្បីជួយលាងជម្រះ នូវភាពអាម៉ាស់ ក៏ដូចជានាំមកវិញនូវ ភាពស្អាតស្អំជូនកញ្ញា «ម៉ាយ៉ា ស៊ីវណ្ណា» ផងដែរ។
ក្រុមអ្នកច្បាប់បានលើកឡើងថា វាការអនុគ្រោះមួយធំណាស់ ទៅហើយពីក្រុមគ្រួសាររបស់កញ្ញា «ម៉ាយ៉ា ស៊ីវណ្ណា» ដែលទាមទារត្រឹមឲ្យ ការបំភ្លឺ ដើម្បីបង្ហាញភាពស្អាតស្អំ ប្រសិនបើតាមច្បាប់ ជនរងគ្រោះ អាចនឹងប្តឹងទារសំណងជំងឺចិត្តថែមទៀត ពីអ្នកចោទប្រកាន់ទាំងខុសឆ្គងបែបនេះ ព្រោះកិត្តិយស និងភាពថ្លៃថ្នូររបស់មនុស្សមិនមែន ជាបន្លែដាក់លក់តាមផ្សារ នោះឡើយ។ ក្រុមអ្នកច្បាប់លើកឡើងថា ត្រឹម ការបំភ្លឺជូនសាធារណជន និងសុំទោសជាសាធារណៈ វាមិនធ្ងន់ធ្ងរស្មើនិងកេរ្តិ៍របស់នារីម្នាក់ ដែលកំពុងត្រូវបានគេ ជាន់ឈ្លីនោះទេ៕