(វៀងច័ន្ទ)៖ នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ បាននិយាយថា ការដាក់សម្ពាធដ៏ខ្លាំងពី សំណាក់សហគមន៍អន្តរជាតិគឺជាមធ្យោបាយតែមួយគត់ ដើម្បីបិទបញ្ចប់ការបាញ់សាកល្បងគ្រាប់រ៉ុក្កែត និងអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង ហើយការដាក់ទណ្ឌកម្មសេដ្ឋកិច្ច គួរតែត្រូវបានអនុវត្តន៍ យ៉ាងតឹងរ៉ឹងជាទីបំផុត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែកញ្ញា ឆ្នាំ២០១៦។
លោក អាបេ បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងទីក្រុង វៀងច័ន្ទ ដូច្នេះថា៖ «យើងត្រូវតែធ្វើឱ្យ កូរ៉េខាងជើង ដឹងថាខ្លួននឹងក្លាយជាប្រទេសឯកោ ដាច់ឆ្ងាយពីសហគមន៍អន្តរជាតិ បើសិនជាប្រទេស នេះនៅតែចចេសក្នុងការបាញ់សាកល្បគ្រាប់មីស៊ីល និង អាវុធនុយក្លេអ៊ែរ»។ នេះសារព្រមានរបស់ លោក អាបេ ថ្មីមួយទៀត បន្ទាប់ពីកូរ៉េខាងជើង បានបាញ់គ្រាប់មីស៊ីលបីគ្រាប់ នៅថ្ងៃចន្ទ ដើមសប្តាហ៍នេះ នៅក្នុងឱកាសបិទបញ្ចប់កិច្ចប្រជុំ G20 នៅទីក្រុងហាងចូវ ភាគខាងកើតប្រទេសចិន៕