(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា ពលរដ្ឋខ្មែរ៧៨នាក់ ដែលចាញ់បោកមេខ្យល់ទៅធ្វើការនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ត្រូវបានរកឃើញទីតាំង និងជួយសង្គ្រោះដោយជោគជ័យ ហើយកំពុងរៀបចំសំបុត្រយន្តហោះត្រឡប់មកប្រទេសកម្ពុជាវិញ។

លោក ហេង សួរ បញ្ជាក់ដូច្នេះថា៖ «ព័ត៌មានបឋមអំពីករណីប្រជាពលរដ្ឋខ្មែរចំនួន ៧៨នាក់ ដែលបានចាញ់បោកមេខ្យល់នាំទៅធ្វើការនៅប្រទេសអារ៉ាប់ប៊ីសាអូឌីត កន្លងទៅនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏ដូចជាស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអារ៉ាប់ប៊ីសាអូឌីត ដែលមាននិវេសនដ្ឋាននៅប្រទេសអេហ្ស៊ីប បានទំនាក់ទំនងរកឃើញទីតាំង និងជួយសង្គ្រោះដោយជោគជ័យ ហើយកំពុងរៀបចំសំបុត្រយន្តហោះជូនបងប្អូនឱ្យបានត្រឡប់មកប្រទេសកម្ពុជាវិញ នៅថ្ងៃទី១៩ ខែមេសា ចំនួន ២៩នាក់, នៅថ្ងៃទី២០ ខែមេសា ចំនួន ២៧នាក់, និងថ្ងៃចុងក្រោយគឺថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤នេះចំនួន២២នាក់”។

ប្រជាពលរដ្ឋទាំង ៧៨នាក់នេះ មានចំនួន ៥១នាក់ កំពុងស្ថិតនៅទីក្រុង Jeddah ចំនួន ១៥នាក់ កំពុងស្ថិតនៅរាជធានី Riyadh និងចំនួន ១២នាក់ កំពុងស្ថិតនៅទីក្រុង Dammam នៃព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីត។ បច្ចុប្បន្នពលរដ្ឋទាំងអស់ បានស្ថិតនៅក្នុងកន្លែងប្រមូលផ្តុំមួយដែលមានសុវត្ថិភាពដើម្បីរង់ចាំការវិលត្រឡប់មកកម្ពុជាវិញ។ ក្នុងអំឡុងពេលរង់ចាំនេះ លោក អ៊ុក សារុន អគ្គរាជទូតកម្ពុជាប្រចាំប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងទទួលលើការហូបចុក និងស្នាក់នៅ។ នេះបើតាមការបញ្ជាក់របស់លោក ហេង សួរដដែល។

លោកបានជំរុញឱ្យ បងប្អូនដែលកំពុងស្ថិតនៅប្រទេសអារ៉ាប់ប៊ីសាអូឌីត ហើយមានបំណងទាក់ទងលម្អិត គឺអាចទំនាក់ទំនងទៅលោក សុះ ហ៊ីម តាមរយៈទូរសព្ទលេខ +966 5804 65578 ឬទាក់ទងទៅលោក អ៊ុក សារុន ឯកអគ្គរាជទូត កម្ពុជាប្រចាំប្រទេសអារ៉ាប៊ីសាអ៊ូឌីតផ្ទាល់តាមរយៈ WhatsApp និង Telegram: +2011 5627 9999 និង +966 56 590 3370៕