(កោះកុង)៖ លោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការ និងជាប្រធានគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ បានថ្លែងបញ្ជាក់ថា គិតមកដល់ពាក់កណ្តាល់ខែមេសា ឆ្នាំ២០២៤នេះ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) កំពុងដំណើរការយ៉ាងរលូន ដោយសម្រេចបានលទ្ធផល ៥២.១២% ហើយ។

លោក សូរ វ៉ិចទ័រ បានបញ្ជាក់ថា ពេលនេះគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ដែលចាប់ផ្តើមពីបំបែកផ្លូវជាតិលេខ៤ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានប្រវែងសរុប ១៤៨គីឡូម៉ែត្រ ដោយការដ្ឋានកំពុងមមាញឹកខ្លាំង ក្នុងការអ៊ុត AC ជាបន្តបន្ទាប់។

នៅរដូវវស្សាឆ្នាំ២០២៤នេះ ក្រុមការងារបានធ្វើការងារ Base Course បានជាអតិប្បរមា និងការងារ Structure ត្រូវអ៊ុត AC បញ្ចប់ នៅរដូវប្រាំង ឆ្នាំ២០២៥ខាងមុខ។ ទន្ទឹមនឹងវឌ្ឍនភាព គម្រោងនេះក៏ជួបភាពយឺតយ៉ាវខ្លះមកផងដែរ ដែលបណ្តាលមកពីបញ្ហាកូវីដ-១៩ និងកត្តាភូមិសាស្ត្រ។ តំបន់នោះនារដូវវស្សាមានភ្លៀងធ្លាក់ខ្លាំងរយៈពេល ៦ខែក្នុងមួយឆ្នាំ ដូច្នេះរយៈពេលនៃការអនុវត្តការងារមានពេលតែ ៦ខែ។

សូមបញ្ជាក់ថា ជាទូទៅប្រវែងផ្លូវ ១៤៨គីឡូម៉ែត្រ តម្រូវឱ្យមានការបន្ថែមទៅលើប្លង់ដើមការងារ (Variation Order) ដែលមានកិច្ចការជាច្រើនក្នុងនោះដូចជា ពង្រីកទំហំផ្លូវ ២គន្លង ពី១១ម៉ែត្រ ទៅ១៣ម៉ែត្រ កាត់ចំណោតភ្នំបន្ថែម កាត់បន្ថយចំណោតផ្លូវបន្ថែម ពង្រីកពី២គន្លង ទៅ ៤គន្លង នៅ PK84 ជាដើម។ល។ ចំពោះការត្រួតពិនិត្យគុណភាព ត្រូវមានការតាមដានត្រួតពិនិត្យជាដំណាក់ៗ តាមរយៈក្រុមការងារ PMU PIU និងទីប្រឹក្សាកូរ៉េ ហើយឧបករណ៍សម្រាប់ត្រួតពិនិត្យមានដូចជា៖ ម៉ាស៊ីន FWD ប្រភេទធំ ម៉ាស៊ីន LWD ប្រភេទតូច និងម៉ាស៊ីនត្រួតពិនិត្យ Nuclear។ រាល់ការពិនិត្យត្រូវមានលក្ខណៈហ្មត់ចត់ លទ្ធផលខ្ពស់ជាងស្តង់ដារកំណត់ និងមានទិន្នន័យតាមដានទាំងអស់ទាំងកាលបរិច្ឆេទ និងចំណុចដែលបានត្រួតពិនិត្យ៕