(កោះកុង)៖ លោក កិក ចំរើន អនុប្រធានសាខាកាំកុងត្រូល ខេត្តកោះកុង និងជាប្រធានប៉ុស្តិ៍ប្រចាំស្រុកស្រែអំបិល នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ បានដឹកនាំមន្រ្តីក្រោមឱវាទ សហការជាមួយគណៈកម្មាធិការ ស្រុកស្រែអំបិល នគរបាលសេដ្ឋកិច្ចស្រុក និងប្រជាការពារ ធ្វើការចុះត្រួតពិនិត្យសារធាតុគីមី និងទំនិញផុតកំណត់ ដែលអាជីវករដាក់តាំងលក់នៅផ្សារស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។
លោក កិក ចំរើន បានឲ្យដឹងថា ការចុះត្រួតពិនិត្យដើម្បីរកសារធាតុគីមី ក្នុងផលិតផលទំនិញរបស់អាជីវករនេះ បានរកឃើញ ទំនិញដែលផុតកំណត់មានលក្ខណៈតិចតួច មានដូចជាទឹក១០ដប ទឹកគូលេន១៧ដប ទឹកសៀង៥ថង់ និងមឹក បង្គា ត្រីផ្សេង ទៀត។
ការត្រួតពិនិត្យរកសារធាតុគីមី (សារធាតុហ្វកមីន) របស់លោក ពុំឃើញមានសារធាតុគីមី ឬហ្វកមីននេះឡើយ។ លោក កិក ចំរើន បានបន្តថា ដោយមានការគោរពបទប្បញ្ញត្តិរបស់នាយកដ្ឋាន ដែលដាក់ជូនគ្រប់បណ្តាខេត្តក្រុង សាខាកាំកុងត្រូល ប្រចាំខេត្តកោះកុង បានចុះត្រួតពិនិត្យរកសាធាតុគីមី ក្នុង១ខែ៣ដង ហើយធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយនិងឲ្យ អាជីវករទាំងអស់នៅមូលដ្ឋានទាំងអស់ ឲ្យចេះមើលថ្ងៃខែឆ្នាំ ផលិតរាល់មុខទំនិញ មុននឹងទិញចូលមកដាក់តាំងលក់ តែបើ ផលិតផលណា ហួសថ្ងៃ ខែ ឆ្នាំផលិត មិនត្រូវទិញយកមកលក់ឡើយ ព្រោះវាអាចនាំឲ្យខូចសុខភាពដល់អ្នកដទៃ។
លោកបានបន្តថា ការចុះផ្សព្វផ្សាយញឹកញាប់ជាងគេ មាននៅតាមសាលារៀន ព្រោះសិស្សតូចៗ គាត់មិនចេះមើលថ្ងៃ ខៃ ឆ្នាំផលិតទេ ដូច្នេះមន្ត្រីរបស់លោក ត្រូវធ្វើការណែនាំឲ្យបានទូលំទូលាយដល់អ្នកលក់ដូរ បើអាជីករណា ដែលបានឃើញ ផលិតផលណា ហួសថ្ងៃ ខែ ឆ្នាំផលិត ត្រូវរាយការណ៍ជូនលោក ឬសមត្ថកិច្ចដែលនៅជិត ដើម្បីឱ្យសមត្ថកិច្ចចុះយកមក កំទេចចោល។
លោកបានបញ្ជាក់ថា ចំពោះទំនិញដែលសមត្ថកិច្ចលោកត្រួតពិនិត្យឃើញថា ខូចគុណភាពនោះ នឹងយកទៅរក្សាទុកនៅស្នាក់ ដើម្បីធ្វើការកម្ទេចចោល៕