(ញូវយ៉ក)៖ កីឡាករជើងខ្លាំងហែលទឹក Ryan Lochte និងជាម្ចាស់មេដាយកីឡាអូឡាំពិក ១២សម័យកាល របស់អាមេរិកផងដែរនោះ នឹងត្រូវបានព្យួរការប្រកួតរយៈពេល ១០ខែ ពីបទការបង្កអសន្តិសុខ និងភូតកុហកករណីចោរប្លន់ នៅអំឡុង Rio Olympic Games 2016 នៅប្រទេសប្រេស៊ីល។
តាមរយៈសារព័ត៌មាន CNN បានចេញផ្សាយនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦ នេះដោយបានដកស្រង់សេចក្តីប្រកាស របស់គណៈកម្មាធិការអូឡាំពិកអាមេរិក (USOC) និងសហព័ន្ធកីឡាហែលទឹក អាមេរិក រួមជាមួយគណៈគ្រប់គ្រងកីឡា ជាតិអាមេរិកជាច្រើនរូបទៀត កំពុងជួបប្រជុំគ្នានៅថ្ងៃព្រហស្បតិ៍ ទី០៨ កញ្ញានេះ ដើម្បីដាក់ទណ្ឌកម្មកីឡាករវ័យ៣២ឆ្នាំ Ryan Lochte។
ករណីនេះដែរ Lochte អាចនឹងត្រូវព្យួរការប្រកួតរយៈពេល ១០ខែឡើងទៅទៀតផង នោះមានន័យថា Lochte នឹងត្រូវ អវត្តមានពីការចូលរួមប្រកួតជើងឯកកីឡាហែលទឹកពិភពលោក ឆ្នាំ២០១៧ ដ៏ខ្លីខាងមុខ។
ដូចគ្នានោះដែរ ក្រុមមន្រ្តីអាជ្ញាធរប្រេស៊ីល ក៏បានធ្វើការពិន័យ Lochte ជាទឹកប្រាក់ ១០៨០០ដុល្លាររួចរាល់ដែរ ព្រម ទាំងប្តឹងឲ្យជាប់ពន្ធនាគាររយៈពេល ៦ខែទៀតផង ខណៈដែលមិត្តរួមជាតិ របស់គេ៣រូបផ្សេងទៀត មិនត្រូវបានធ្វើការ ពិន័យអ្វីឡើយ បើទោះបីជាស្ថិតក្នុងហេតុការណ៍ នោះជាមួយគ្នាក៏ដោយ។
សូមរំលឹកផងដែរថា អត្តពលិកអាមេរិកទាំង ៤រូបរួមមាន Ryan Lochte, Gunnar Bentz, Jack Conger និង James Feigen បានធ្វើឲ្យខូចខាត របស់របរបន្តិចបន្ទួចមានតម្លៃត្រឹមតែ ៥០ដុល្លារប៉ុណ្ណោះ នៅស្ថានីយ៍ ចាក់សាំងមួយកន្លែង ស្ថិតក្នុងទីក្រុង Rio ពេលពួកគេត្រឡប់មកពី ប្រកួតកីឡាអូឡាំពិក រដូវក្តៅ ឆ្នាំ២០១៦ តាមតាក់ស៊ីឆ្ពោះទៅកាន់កន្លែង ស្នាក់វិញ តែពួកគេបានបំប៉ោង ព័ត៌មានថា មានចោរប្រដាប់ដោយអាវុធប្លន់ ពួកគេទៅវិញ នេះបើយោងតាមការឆែក កាមេរ៉ាសុវត្ថិភាព និងលោក Christine Brennan៕