(ភ្នំពេញ)៖ លោកស្រី កុយ ពិសី អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកគិរីវង់ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ រួមនិងសប្បុរសជននានា បានផ្តល់នូវគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និង ថវិកា ៤,៥០០,០០០រៀល ជូនស្រ្តីម្នាក់ដែលមានជំងឺដំបៅសុដន់ធ្ងន់ធ្ងរ ដើម្បីជួយដោះស្រាយទុក្ខលំបាកនៅក្នុងជីវភាព។
ថវិកាទាំងអស់នេះ ត្រូវបានលោកស្រី កុយ ពិសី នាំយកទៅប្រគល់ជូនដល់ដៃអ្នកស្រី សូ សុខុម ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យរុស្ស៊ីនាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦នេះ។
អ្នកស្រី សូ សុខុម រស់នៅភូមិពុម្ពអិដ្ឋ ឃុំព្រៃអំពក ស្រុកគីរីវង់ បានកើតជំងឺជំងឺដំបៅសុដនធ្ងន់ធ្ងរ ហើយត្រូវបានកាកបាទក្រហកមម្ពុជា និងអាជ្ញាធរស្រុកគិរីវង់ ដឹកបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យរុស្សីកាលពីពេលកន្លងទៅ។ ក្រោមព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនោះ ជំងឺរបស់អ្នកស្រី សូ សុខុម បានធូរស្រាលមួយកម្រិតធំហើយ ហើយអ្នកស្រី នឹងចេញពីមន្ទីរពេទ្យនៅថ្ងៃនេះផងដែរ។
អ្នកស្រី សូ សុខុម បានថ្លែងអំណរគុណដល់លោកស្រី កុយ ពិសី និងសប្បុរសជន ដែលបានផ្តល់គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាជួយដោះស្រាយជីវភាពរបស់អ្នកស្រី។ អ្នកស្រីបានបួងសួងដល់ វត្ថុស័ក្តិសិទ្ធ ជួយតាមប្រោសព្រំពរជ័យជូនលោកស្រី កុយ ពិសី និងសប្បុរសជនទាំងអស់មានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច៕