(ភ្នំពេញ)៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៣៧នាក់បានស្លាប់ និង ៨៨នាក់បានរងរបួស ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍សរុបចំនួន ៦៤ករណី នៅទូទាំងប្រទេស ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់១៦ ខែមេសា ឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
យោងតាមរបាយការណ៍នេះបានបញ្ជាក់ដូចនេះថា នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងមានចំនួនសរុប១៧ករណី ដែលបណ្តាលឱ្យមនុស្សស្លាប់ចំនួន ១១នាក់ និងរបួស២២នាក់។ នៅថ្ងៃទី១៤ ខែមេសា ករណីគ្រោះថ្នាក់ចរាចរណ៍មានចំនួនសរុប ១៧ករណី មនុស្សស្លាប់៨នាក់ និងរបួស២៨នាក់។ នៅថ្ងៃទី១៥ ខែមេសា ករណីគ្រោះថ្នាក់ចរាចរណ៍មានចំនួនសរុប ១៨ករណី មនុស្សស្លាប់ ១១នាក់ និងរបួស២៤នាក់ និងនៅថ្ងៃទី១៦ ខែមេសា ករណីគ្រោះថ្នាក់ចរាចរណ៍មានចំនួនសរុប ១២ករណី មនុស្សស្លាប់ចំនួន៧នាក់ និងរងរបួសចំនួន ១៤នាក់។
បើប្រៀបធៀបនឹងចំនួនករណីគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ ករណីគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងនៅទូទាំងប្រទេសចំនួន ៤៥ករណី ដែលបណ្តាលឱ្យមនុស្សចំនួន ២៥នាក់បានស្លាប់ និងរងរបួសធ្ងន់ស្រាលចំនួន ៩២នាក់៕