(កំពង់ធំ)៖ ក្រុមសកម្មជនយុវជន CPP ស្រុកសន្ទុក ក្នុងវគ្គនយោបាយវជំនាន់២ បានចូលរួមដាំកូនគរគី ចំនួន១២០០ដើម នៅបរិវេណវត្តសង់ឃ្លាំង ឃុំសង់ឃ្លាំងស្រុកសន្ទុកដើម្បី ចូលរួមអភិវឌ្ឍព្រៃឈើ និងបង្កើនបរិស្ថាន ក្នុងទីអារាមឲ្យកាន់តែ មានទិដ្ឋភាពបៃតងថែមទៀត។
ការដាំកូនឈើនេះ ក៏មានការអញ្ជើញចូលរួមពី លោក ជា ចាន់តូ សមាជិកអចិន្រ្តៃយគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ ថ្នាក់ជាតិចុះជួយស្រុកសន្ទុក ដើម្បីបង្កើនភាពស្និតស្នាល រវាងអ្នកដឹកនាំជំនាន់មុន និងយុវជនជាអ្នកបន្តវេណផងដែរ។
លោក ជា ចាន់តូ បានបញ្ជាក់ប្រាប់ឲ្យក្រុមសកម្មជន យុវជនស្រុកសន្ទុកបានថា «កូនឈើដែលយើងបានរួមគ្នាដាំនាថ្ងៃនេះ គឺបានរួមចំណែកយ៉ាងធំធេង នៅក្នុងការលើកកម្ពស់សោភ័ណ្ឌភាព នៅទីកន្លែនេះ ឲ្យមានម្លប់កាន់តែត្រឈឹងត្រឈៃ ប្រកបដោយពណ៌បៃតង សក្តិសមជាទីដ្ឋាន នៃការគោរពបូជារបស់ប្រជាពុទ្ធបរិស័ទខ្មែរ និង ក៏បានរួមចំណែកដល់ ការអភិរក្សពូជឈើ មានតម្លៃរបស់ខ្មែរឲ្យសម្បូរឡើងវិញ»។
លោកបន្តថា «ជាមួយនេះដែរ សកម្មភាពដែលយើង បានរួមគ្នាធ្វើនៅថ្ងៃនេះ បានបង្ហាញពីតម្លៃជានយោបាយ និងក៏មានសារៈសំខាន់ យ៉ាងជ្រាលជ្រៅផងដែរ នៅក្នុងការបំផុសស្មារតី ដល់យុវជនជំនាន់ក្រោយៗទៀត ឲ្យចេះស្រឡាញ់ ថែរក្សាការពារ ព្រៃឈើដែលជាសម្បត្តិមានតម្លៃរបស់ជាតិ និងឲ្យចេះការពារបរិស្ថានទាំងអស់គ្នា»។
សូមរំលឹកឲ្យដឹងដែរថា កន្លងមកនេះតាមរយៈលោក ជា ចាន់តូ ប្រធានក្រុមការងារថ្នាក់ ជាតិចុះជួយស្រុកសន្ទុក ក៏បានបំផុសឲ្យប្រជាពលរដ្ឋ និងក្រុមយុវជនរបស់ធនាគារជាតិនៃកម្ពុជា និងក្រុមសកម្មជនយុវជន គណបក្សប្រជាជនក្នុងស្រុកសន្ទុក ឲ្យចូលរួមដាំកូនឈើគ្រប់ប្រភេទ បានជាច្រើនពាន់ដើមនៅលើផ្ទៃដី ចំនួន៥ហិកតា ស្ថិតក្នុងភូមិត្រពាំងត្រុំ ឃុំទីពោធិ៍ និងនៅតាមទីវត្តអារាម មួយចំនួនទៀតស្ថិត ក្នុងស្រុកផងដែរ ដើម្បីចូលរួមអភិរក្សព្រៃឈើឡើងវិញ។
ជាមួយគ្នានេះ នៅថ្ងៃបន្ទាប់ លោក ជា ចាន់តូ សមាជិកអចិន្រ្តៃយគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និង ជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកសន្ទុក បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គ បណ្ដុះបណ្ដាលនយោបាយ ជូនសកម្មជនយុវជន គណបក្សស្រុកសន្ទុកជំនាន់ទី២ ដែលបានបញ្ចប់ការរៀនសូត្រ ដោយជោគជ័យចំនួន ១០១នាក់ ។
លោក ជា ចាន់តូ បានថ្លែងក្នុងឱកាសនោះថា ពេលវេលាដែលយុវជន ត្រូវបញ្ចេញសមត្ថភាព និងបង្ហាញពីសមត្ថភាព នៅចំពោះមុខនេះ យុវជនត្រូវហានលះបង់ ពេលវេលារបស់ខ្លួនចូលរួម ក្នុងសកម្មភាពចុះឈ្មោះ និងការបោះឆ្នោតការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់នៅឆ្នាំ២០១៧ និងការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនៅឆ្នាំ២០១៨ ឲ្យបានទាំងអស់គ្នា។
ជាមួយនេះដែរក៏ត្រូវតែមានឆន្ទៈ ការតាំងចិត្ត និងមានការអនុវត្តជាក់ស្ដែង ប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ ចំពោះការងារនិងមានភាពស្មោះត្រង់ ក្នុងការបំរើប្រជាពលរដ្ឋ ប្រទេសជាតិ និងគណបក្ស។
វគ្គបណ្ដុះបណ្ដាលនេះ រៀបចំ និងឧបត្ថម្ភទាំងស្រុង ដោយលោក ជា ចាន់តូ ក្នុងគោលបំណង ដើម្បីផ្ដល់នូវពុទ្ធិ និងចំណេះដឹងទូទៅពិសេស គឺគោលនយោបាយ របស់គណបក្សក្នុងនោះរួមទាំង ព្រឹត្តិការណ៍ និងបច្ចុប្បន្នភាពនៃព្រឹត្តិការណ៍ជាតិ និងអន្តរជាតិផងដែរ ៕