(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤នេះ បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខជូន អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុនជីបម៉ុង និងភរិយា ចំពោះមរណភាពរបស់ អ្នកឧកញ៉ា មហាឧបាសក គឹម ចំរើន ដែលជាឪពុកក្មេករបស់អ្នកឧកញ៉ា លាង ម៉េង។
សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានសេចក្តីក្រៀមក្រំ និងសោកស្តាយ ក្រោយទទួលដំណឹងអំពីមរណភាពរបស់ អ្នកឧកញ៉ា មហាឧបាសក គឹម ចំរើន (លឹម តេក អៀក) ដែលត្រូវជាឪពុកក្មេករបស់អ្នកឧកញ៉ា លាង ម៉េង នៅថ្ងៃពុធ ៩កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០:០៥ នាទី ក្នុងជន្មាយុ ៨៣ឆ្នាំ ដោយជរាពាធ ។
ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ សម្តេចសូមសម្តែងនូវការសោកស្តាយ ដោយក្តីអាឡោះអាល័យជាមួយអ្នកឧកញ៉ា និងភរិយា ចំពោះការបាត់បង់ឪពុក ជីតា និងជីតាទូត ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌ដ៏ល្អប្រពៃចំពោះកូន និងចៅ ហើយ ក៏ជាការបាត់បង់ពុទ្ធសាសនិកដ៏ល្អឆ្នើមមួយរូប ដែលមានសទ្ធាជ្រះថ្លាក្នុងការរួមចំណែកកសាងលើកស្ទួយ វិស័យព្រះពុទ្ធសាសនានៅកម្ពុជា។
សម្តេចសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ អ្នកឧកញ៉ា មហាឧបាសក គឹម ចំរើន សូមបានចាប់កំណើតក្នុងឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ៕