(ភ្នំពេញ)៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា បញ្ជាក់ថា តុលាការសាកសួរលោកស្រី ទេព វន្នី តំណាងសហគមន៍បឹងកក់ នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ ផ្តោតលើករណីហិង្សាមានស្ថានទម្ងន់ទោសក្បែរវិមានឯករាជ្យ។
លោក សុផាណា បញ្ជាក់តាមប្រព័ន្ធសង្គម Telegram ថា «លោក នូ វាសនា ចៅក្រមស៊ើបសួរ បានសាកសួរបន្ថែមទៅលើជនត្រូវចោទឈ្មោះ ទេព វន្នី ពីបទហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅក្បែរវិមានឯករាជ្យ សង្កាត់ ទន្លេបាសាក់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៣ តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ នៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ៩៥៦ ចុះថ្ងៃទី២៦ មិនា ២០១៣»។
ស្របជាមួយគ្នានេះ សកម្មជនបឹងកក់ជាង២០នាក់ ក៏កំពុងប្រមូលផ្ដុំមុខតុលាការ ទាមទារឲ្យដោះលែងលោកស្រី ទេព វន្នី ផងដែរ។
ការសាកសួរនេះ ត្រូវបានធ្វើឡើងជាអសាធាណៈ ខណៈអ្នកសារព័ត៌មានជាច្រើនស្ថាប័ន ពុំបានអនុញ្ញាតឲ្យចូលក្នុងបរិវេណតុលាការឡើយ ពោលគឺឈរនៅក្រៅរបងតុលាការទាំងអស់៕