(សេអ៊ូល)៖ ប្រទេសកូរ៉េខាងជើង បានអំពាវនាវឱ្យប្រជាជនរបស់ខ្លួន បង្ហាញភក្ដីភាពយ៉ាងពេញទំហឹង ចំពោះមេដឹកនំារបបក្រុងព្យុងយ៉ាង លោក គីម ជុងអ៊ុន នៅក្នុងឱកាសនៃការប្រារព្ធខួបលើកទី៦៨ នៃថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េដែលគ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃសុក្រស្អែកនេះ។ នេះបើយោងតាមការចុះផ្សាយ របស់សារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ នៅរសៀលថ្ងៃ ព្រហស្បតិ៍ ទី០៨ ខែកញ្ញា ឆ្នាំ២០១៦។
កាសែត Rodong Sinmun ដែលជាសេនាធិការមួយនៃ គណបក្សពលករកូរ៉េខាងជើងបានសរសេរ នៅក្នុងអត្ថបទចុះផ្សាយមួយថា «ក្រោមការដឹកនំា របស់លោក គីម ជុងអ៊ុន កូរ៉េខាងជើងនឹងឆ្ពោះ ទៅរកពន្លឺដ៏ភ្លឺស្វាង ក្នុងនាមជាដែនដីព្រះអាទិត្យជារៀងរហូត»។ លើសពីនេះទៅទៀត កាសែត មួយ នេះក៏បានធ្វើការសង្កត់ធ្ងន់ផងដែរ ទាក់ទិននឹងការផ្ទេរអំណាចដោយស្របច្បាប់ពីអតីតអគ្គមគ្គុទេស កំពូលកូរ៉េខាងជើង លោក គីម អ៊ីលស៊ុង និង លោក គីម ជុងអ៉ីល មកឱ្យលោក គីម ជុងអ៊ុន ដែលជាមេដឹកនំាកូរ៉េខាងជើងបច្ចុប្បន្ន។
គួរបញ្ជាក់ថា បិតាស្ថាបនិកកូរ៉េខាងជើង គឺលោក គីម អ៉ីលស៊ុង បានទទួលមរណៈភាព កាលពីឆ្នាំ១៩៩៤ ហើយលោក គីម ជុងអ៉ីល ដែលត្រូវជាកូន បានស្នងដំណែងនេះបន្តរហូតដល់ឆ្នាំ២០១១ មុននឹងអំណាចត្រូវធ្លាក់ដល់ដៃលោក គីម ជុងអ៊ុន ក្រោយពីមេដឹកនាំជំនាន់ទីពីរទទួលមរណភាព កាលពីខែធ្នូ ឆ្នាំ២០១១ នៅប្រទេសចិន។ ការអំពាវនាវឲ្យបង្ហាញភាពស្មោះត្រង់ពីសំណាក់ប្រជាជន ទូទៅគ្រប់លំដាប់ថ្នាក់នេះ ក៏ព្រោះតែកាលពីខែមុន មានរបាយការណ៍ព័ត៌មានជាច្រើនបានបង្ហាញពី ការរត់ចោលជួរនៃមន្ត្រីសំខាន់ៗរបស់រដ្ឋ និងការប្រហារជីវិតមន្ត្រីជាន់ខ្ពស់ ដែលមានតំណែងដល់ទៅរដ្ឋមន្ត្រី៕