(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា ការខិតខំប្រឹងប្រែងរបស់មន្រ្តីអប់រំគ្រប់ លំដាប់ថ្នាក់ ក្នុងការធ្វើកំណែទម្រង់លើវិស័យអប់រំ បានធ្វើឱ្យវិស័យនេះមានការអភិវឌ្ឍរីកចម្រើន និងមោទនភាព ស្របតាមកំណេទម្រង់របស់រាជរដ្ឋាភិបាល នេះបើតាមសារលិខិត របស់សម្តេចតេជោ ចេញផ្សាយនៅថ្ងៃទី០៨ ខែកញ្ញានេះ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទិវាអក្ខរកម្មជាតិ-អន្តរជាតិ ០៨ កញ្ញា ជាទិវាមួយមានអត្ថន័យឧត្តុង្គឧត្តមសម្រាប់ ប្រទេសជាតិយើង ក៏ដូចជាពិភពលោកទាំងមូល ពីព្រោះអក្ខរកម្មជាគន្លឹះនៃការអភិវឌ្ឍ រួមចំណែកកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ។
សម្ដេចតេជោ ហ៊ុន សែន បានដាក់អនុសាសន៍មួយចំនួនដល់មន្រ្តីរាជការ និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបន្តលើកកម្ពស់ ការងារអក្ខរកម្មនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព រួមមាន៖ សមាជិករាជរដ្ឋាភិបាលទាំងអស់ ត្រូវចុះបំពេញការងារឱ្យដល់ សហគមន៍អក្ខរកម្ម ដើម្បីដោះស្រាយសំណូមពរជាក់ស្ដែងរបស់ប្រជាពលរដ្ឋ,អាជ្ញាធរដែនដីទាំងអស់ ត្រូវផ្ដល់ឱ្យប្រជាពលរដ្ឋ ដែលមិនបានរៀនសូត្រ និងបោះបង់ការសិក្សា ឱ្យមានឱកាសបានរៀនសូត្រសារជាថ្មី, មន្រ្តីអប់រំទាំងអស់ត្រូវបង្កើតឆន្ទៈ និងពង្រឹងក្រមសីលធម៌ ជាគ្រូបង្រៀនឱ្យបានត្រឹមត្រូវ, គ្រប់ប្រព័ន្ធផ្សាយផ្សព្វ ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយជូន ប្រជាពលរដ្ឋ ពីអត្ថប្រយោជន៍នៃអក្ខរកម្មនេះ។
សម្ដេចតេជោ នាយករដ្ឋមន្រ្តី បានបន្តអនុសាសន៍ទៀតថា សិស្សនិស្សិតទាំងអស់ ត្រូវសកម្មចូលរួមជួយបង្រៀន ទៅដល់អ្នក មិនចេះអក្សរ នៅតាមថ្នាក់អក្ខរកម្មនានា, គ្រប់វត្តអារាម និងវិហារសាសនានានា ត្រូវចូលរួមបង្កើតកម្មវិធីអក្ខរកម្ម វិជ្ជាជីវៈដល់ បរិស័ទរបស់ខ្លួន តាមរយៈការទេសនា ការអប់រំអំពីការរៀនសូត្រ, ដៃគូអភិវឌ្ឍន៍នានា សូមជួយឧបត្ថម្ភគាំទ្រដល់កម្មវិធី អប់រំក្រៅប្រព័ន្ធនានាជាប្រចាំ, ប្រធានរោងចក្រ សហគ្រាស ក្រុមហ៊ុនឯកជន ត្រូវបង្កើតឱ្យមានថ្នាក់អក្ខរកម្ម ថ្នាក់បំប៉នជំនាញ វិជ្ជាជីវៈផ្សេងៗ ដល់កម្មករ-កម្មការិនី ដើម្បីឱ្យពួកគាត់បានទទួលជំនាញបន្ថែមទៀត។
សូមជម្រាបថា ទិវាអក្ខរកម្មជាតិ-អន្តរជាតិនេះ ត្រូវបានប្រារព្ធធ្វើចំនួន១៦ដង មកហើយ ចាប់តាំងពីឆ្នាំ២០០០ ដែលជា សកម្មភាពស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា៕