(កំពង់ឆ្នាំង)៖ ព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤ នៅទូទាំងខេត្តកំពង់ឆ្នាំងមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកលេងកម្សាន្តសរុប ៥៨៧,៨០១នាក់ ក្នុងនោះមានភ្ញៀវបរទេស ៤០៤នាក់។ នេះបើតាមការបញ្ជាក់ពីលោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤។

លោកអភិបាលខេត្តបានបញ្ជាក់ថា នៅក្នុងក្រុងកំពង់ឆ្នាំង រដ្ឋបាលខេត្តបានរៀបចំទីតាំងកម្សាន្តចំនួន៤ទីតាំង គឺមាននៅសួនច្បារវិមានឯករាជ្យ នៅសួនច្បារសម្ដេចចៅហ្វាវាំង គង់ សំអុល នៅតំបន់ត្រជាក់ផ្លូវទៅផ្សារក្រោម និងនៅសួនបាញ់ទឹកមុខសាលាខេត្ត។ ទីតាំងទាំង៤នេះ រដ្ឋបាលខេត្តបានរៀបចំផ្នែកសោភ័ណភាព បំពាក់ទៅដោយភ្លើងចម្រុះពណ៌ និងមានរៀបចំតុបតែងលម្អ ទៅដោយផ្កាភ្ញី ផ្ទាំងសង្ក្រាន្ត មានបំពាក់សម្ភារៈបុរាណចម្រុះ ដែលមើលទៅគួរជាទីកម្សាន្តសប្បាយសម្រាប់ទាក់ទាញភ្ញៀវទេសចរមកពីទីជិតឆ្ងាយ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដើម្បីមកចូលរួមលេងកម្សាន្តសប្បាយផងដែរ។

បើតាមក្រុមការងារដែលបានរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីក្នុងក្រុងកំពង់ឆ្នាំងក៏បានបញ្ជាក់ដែរថា ការរៀបចំលេងកម្សាន្តសប្បាយ គឺបានធ្វើឡើងនៅគ្រប់ទីវត្តអារាមនៅទូទាំងខេត្ត និងនៅតាមសហគមន៍កម្សាន្តនានាតាមបណ្ដាមូលដ្ឋានគ្រប់ឃុំ ស្រុកនៅទូទាំងខេត្ត ដើម្បីបង្កលក្ខណៈសប្បាយរីករាយដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល៤ថ្ងៃកន្លងមកនេះ។

ក្នុងព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល៤ថ្ងៃនេះដែរ គេសង្កេតឃើញមានថ្នាក់ដឹកនាំ និងឥស្សរជនសំខាន់ៗជាច្រើនបានដឹកនាំប្រជាពលរដ្ឋលេងកម្សាន្តនូវល្បែងប្រជាប្រិយប្រពៃណីជាតិជាច្រើនប្រភេទ ដែលបង្ករលក្ខណៈសប្បាយរីក រាយដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈមកចូលរួមលេងកម្សាន្ត ធ្វើឱ្យខេត្តកំពង់ឆ្នាំងទទួលបានភ្ញៀវទេសចរដ៏ច្រើនសន្ធឹកសន្ធាប់។

ក្រៅពីការលេងកម្សាន្តនូវល្បែងប្រជាប្រិយប្រពៃណីជាតិខ្មែរ រដ្ឋបាលខេត្តក៏មានការរៀបចំកម្មវិធីជាច្រើនទៀត ដូចជា កម្មវិធីតាំងបង្ហាញនូវវត្ថុសិល្បៈនានា និងវត្ថុអនុស្សាវរីយ៍ជាច្រើនប្រភេទដែលជាស្នាដៃរបស់ប្រជាកសិករក្នុងខេត្តកំពង់ឆ្នាំងដោយផ្ទាល់។ រីឯសណ្ដាប់ធ្នាប់និងសន្តិសុខ រយៈពេល៤ថ្ងៃកន្លងទៅនេះ ខេត្តកំពង់ឆ្នាំងមិនមានបញ្ហាអ្វីដែលគួ ឲ្យកត់សម្គាល់នោះឡើយ ។ នេះក៏ដោយសារតែមានការយកចិត្តទុកដាក់រក្សានូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋពីសំណាក់សមត្ថកិច្ច ដែលនខិតខំប្រឹងប្រែងបំពេញភារកិច្ចការពារបានយ៉ាងល្អផងដែរ៕