(កណ្ដាល)៖ លោក ហេង ចាន់ធួន អនុរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦នេះ បន្ដជួបអប់រំណែនាំ ដល់ក្រុមអ្នកបើករថយន្ដដឹកដី ដឹកខ្សាច់ ជាច្រើននាក់ នៅស្រុកអង្គស្នួល ខេត្តកណ្ដាល ដើម្បីពន្យល់ពី បញ្ហាបច្ចេកទេស ក្នុងការដឹកជញ្ជូន ដើម្បីកុំឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋមូលដ្ឋាន និងអ្នកធ្វើដំណើរតាមផ្លូវ ហើយដើម្បី រក្សាសោភ័ណ្ឌភាពផ្លូរថ្នល់ឲ្យបានល្អ ជាពិសេសត្រូវគោរពតាមបទដ្ឋានបច្ចេកទេស ដែលក្រសួងបានធ្វើការណែនាំ។
លោក ហេង ចាន់ធួន បានបញ្ជាក់ថា ប្រសិនបើរថយន្ដទាំងឡាយណា ដែលដឹកខុសលក្ខខណ្ឌបច្ចេកទេស នឹងមានការរិះគន់ពី ប្រជាពលរដ្ឋ ហើយនៅពេលដែលក្រុមជំនាញរកឃើញថា រថយន្ដនោះបានដឹកខុសបទដ្ឋានបច្ចេកទេសពិតប្រាកដមែននោះ មន្ដ្រីជំនាញនឹងធ្វើការឃាត់ទុកភ្លាមៗ ចំណែករណ្តៅដីក៏ត្រូវបិទបណ្ដោះអាសន្នផងដែរ។
ជាមួយគ្នានោះដែរ នៅព្រឹកមិញនេះ កម្លាំងចម្រុះរួមមាន មន្ដ្រីក្រសួងរ៉ែ និងថាមពល កម្លាំងនគរបាលចរាចរ សណ្ដាប់ធ្នាប់ ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន និងដឹកនាំដោយលោក ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និង ថាមពល ចុះត្រួតពិនិត្យរណ្តៅដី រណ្តៅខ្សាច់ ការដ្ឋានថ្មី មិនគោរពច្បាប់ ដោយដេញត្រួតពិនិត្យរថយន្តដឹកចេញពីរណ្តៅ ឬការដ្ឋានថ្ម មិនគ្រប និងដឹកដាក់ហួសទ្រង់ រួចឈានទៅបិតជាបណ្តោះអាសន្តចំនួន៧ថ្ងៃ ដើម្បីឲ្យរណ្តៅ ឬការដ្ឋានថ្ម កែតម្រូវ ឲ្យមានបទដ្ឋាន ត្រឹមត្រូវទៅតាមការណែនាំរបស់ក្រសួង។
ក្នុងនោះដែរ កម្លាំងជំនាញ បានធ្វើការឃាត់រថយន្ដមិនគោរពច្បាប់បានជាច្រើនគ្រឿង ដោយដឹកលើសកំណត់ មិនគ្រប បណ្ដាលឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋមូលដ្ឋាន ក៏ដូចជាអ្នកធ្វើដំណើរតាមផ្លូវ ហើយប៉ះពាល់ដល់សោភ័ណ្ឌភាពផ្លូវថ្នល់ ផងដែរ៕