(ភ្នំពេញ)៖ លោក លី សុផាណា មន្រ្តីជាន់ខ្ពស់នៃអយ្យការអមសាលាដំបូង និងជាអ្នកនាំពាក្យតុលាការក្រុងភ្នំពេញ បានប្រាប់អង្គភាព Fresh News នៅមុននេះបន្តិចថា សវនការ របស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ នឹងនៅតែ បន្តដដែល នាថ្ងៃទី ០៩ ខែកញ្ញា ស្អែកនេះ។ លោកបានបន្តថា លោក អេង ឆៃអ៊ាង មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ គឺគ្មានសិទ្ធស្នើសុំឲ្យផ្អាក សវនការរបស់លោក កឹម សុខា និង លោក អ៊ុំ សំអាន នោះទេ។ បុគ្គលដែលមានសិទ្ធិ គឺមានតែមេធាវី និងជនជាប់ចោទតែប៉ុណ្ណោះ ដែលអាចស្នើបាន។
លោក លី សុផាណា បានបញ្ជាក់បែបនេះ ក្រោយពេលដែល លោក អេង ឆៃអ៊ាង មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ នៅព្រឹកនេះ បានប្រកាសអំពាវនាវឲ្យ តុលាការក្រុងភ្នំពេញ ផ្អាកសវនការ លើ លោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ និង លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ហើយត្រឡប់ពី ការប្រើប្រព័ន្ធតុលាការងាកមក ជជែកចរចាគ្នា ក្នុងនាមជាខ្មែរ និងខ្មែរ និងក្នុងនាម អ្នកនយោបាយ និងអ្នកនយោបាយវិញ។
លោក លី សុផាណា បានថ្លែងយ៉ាងដូច្នេះថា «សវនការនៅតែបន្ត គ្មានផ្អាកទេ អ្នកដែលមានសិទ្ធិសុំផ្អាក មានតែមេធាវី និងជនជាប់ចោទ ដែលពាក់ព័ន្ធនឹងសំណុំរឿង អ្នកមិនពាក់ព័ន្ធគឺគ្មានសិទ្ធិទេ»។
គួរបញ្ជាក់ថា លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានសំងំលាក់ខ្លួន ទៅទីស្នាក់ការគណបក្សសង្រ្គោះជាតិ អស់រយៈពេលជាច្រើនខែមកហើយ ចាប់តាំងពីតុលាការចេញ វិធានការ ចំពោះបទល្មើស មិនចូលខ្លួនឆ្លើយបំភ្លឺ តាំងពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦មក ហើយតុលាការក្រុងភ្នំពេញគ្រោងនឹង កាត់ទោសលោក នៅថ្ងៃទី០៩ ខែកញ្ញា ខាងមុខនេះ។
ចំណែក សំណុំរឿងលោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការជំនុំជម្រះ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា បន្ទាប់ពីជំនុំជម្រះ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦នេះ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចប្រកាសសាលក្រមនៃសំណុំរឿង លោក អ៊ុំ សំអាន មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ ខាងមុខនេះ៕