(វៀងច័ន្ទ)៖ ទីក្រុងប៉េកាំង បានទទួលរងនូវសំពាធធ្ងន់ធ្ងរ នៅឯកិច្ចប្រជុំអាស៊ានក្នុងប្រទេសឡាវ លើការកសាងសំណង់ នានាដោយចិត្តឯង នៅលើដែនសមុទ្រចិនខាងត្បូង បន្ទាប់ពីប្រទេសហ្វីលីពីន បានបញ្ចេញរូបភាពប៉ុន្មានសន្លឹក បង្ហាញពីសកម្មភាព ដែលអាចជាការសាងសង់សំណង់ មួយចំនួន នៅលើដែនសមុទ្រ ដែលកំពុងតែមានជម្លោះ នោះបន្ថែមទៀត។ នេះបើតាមការចេញផ្សាយដោយ Channel News Asia នៅមុននេះបន្តិច នារសៀលថ្ងៃព្រហស្បតិ៍ ទី០៨ ខែកញ្ញា ឆ្នាំ២០១៦។
ផ្ទុយទៅវិញ រដ្ឋាភិបាលទីក្រុងប៉េកាំង បានប្រកែកថាខ្លួនមិនបានចាប់ផ្តើម សាងសង់អ្វីនោះទេ នៅដែនសមុទ្រចិនខាងត្បូង ប៉ុន្តែហ្វីលីពីន បានបញ្ចេញរូបភាពមួយចំនួន បង្ហាញឲ្យឃើញនាវាចិន ធ្វើការចល័ត នៅទីតាំងខាងលើ ដែលនាវាទាំងនោះ មានសមត្ថភាពបូមខ្សាច់ និងធ្វើអ្វីផ្សេងៗទៀត ដែលចាំបាច់ក្នុង សាងសង់កោះសិប្បនិម្មិតមួយ។ ស្របពេលនេះដែរ មន្រ្តីរដ្ឋបាលអាមេរិក បានចោទសួរលើការអះអាង របស់ហ្វីលីពីន ព្រោះថាអាមេរិកមិនបានសង្កេតឃើញ សកម្មភាពមិនប្រក្រតី ណាមួយកើតមានឡើង នៅដែនសមុទ្រ Scarboorough Shoal ដូចការលើកឡើង នោះឡើយ។
អ្នកវិភាគសន្តិសុខ បាននិយាយថា កោះសិប្បនិម្មិតណាមួយក៏ដោយ បើសាងសង់ហើយនៅ លើដែនសមុទ្រ Scarborough Shoal អាចផ្តល់ជាឱកាសមួយផ្សេងទៀត ឲ្យចិនធ្វើការគ្រប់គ្រងនៅ ដែនសមុទ្រចិនខាងត្បូងបាន និងបង្កឲ្យមានការប្រឈមមុខ ដាក់គ្នាដោយអាវុធ ជាមួយសហរដ្ឋអាមេរិក ទៀតផង។ យ៉ាងណាក៏ដោយប្រទេសចិន បានប្រកែកថាខ្លួនមិនបានធ្វើរឿង ដូចការចោទប្រកាន់ នោះឡើយ ខណៈដែលទីក្រុងប៉េកាំង តែងតែចង់បាននូវសន្តិភាព និងសន្តិសុខ នៅសមុទ្រចិនខាងត្បូង៕