(វៀងច័ន្ទ)៖ រដ្ឋាភិបាលថៃបាននិយាយថា ខ្លួនគំាទ្រចំពោះ កិច្ចខិតខំប្រឹងប្រែង របស់ចិនក្នុងការថែរក្សា សន្តិភាពនៅក្នុងតំបន់សមុទ្រ ខណៈជម្លោះកំពុងកើតមាន នៅឯតំបន់សមុទ្រចិនខាងត្បូង និងនៅតែជា ប្រធានបទសំខាន់សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន។ នេះបើយោងតាមការឱ្យដឹងពីសារព័ត៌មាន Channel News Asia នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែកញ្ញា ឆ្នាំ ២០១៦ ។
ការអត្ថាធិប្បាយរបស់រដ្ឋាភិបាលថៃ ដែលធ្លាប់បង្ហាញគោលជំហរកណ្ដាល ជុំវិញសំណុំរឿងសមុទ្រ ចិនខាងត្បូង ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ នៅបន្ទាប់ពី ហ្វីលីពីន បានបញ្ចេញរូបភាពជាច្រើន បង្ហាញពីវត្តមានទូករបស់ចិន នៅក្បែរតំបន់ជម្លោះ។
«ការលើកកម្ពស់សន្តិភាព និង ស្ថេរភាពនៅ តំបន់សមុទ្រគឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់ភាគីទំាងអស់ ហើយថៃគំាទ្រកិច្ចខិតខំប្រឹង ប្រែងរបស់ទីក្រុង ប៉េកំាង ក្នុងកិច្ចការនេះ»។ នេះគឺជាការលើកឡើងរបស់អ្នកនំាពាក្យរដ្ឋាភិបាលថៃ លោកឧត្តមសេនីយ៍ Weerachon Sukondhapatipak ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ក្នុង ឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន ដោយ បន្ថែមថា កិច្ចពិភាក្សាទំាងឡាយនឹងអាចកាត់បន្ថយភាពមិនទុកចិត្តគ្នា។
ដោយឡែកជាការឆ្លើយតបនឹងសំណួរ ដែលសួរថាតើថៃមានទំនោរទៅរកចិនឬ? លោកWeerachon គ្រាន់តែនិយាយថា ថៃចង់ឃើញការរក្សាសន្តិភាពដែលនឹងក្លាយជាផលប្រយោជន៍នៃគ្រប់ភាគី ។
គួរបញ្ជាក់ដែរថា ចិន តៃវ៉ាន់ ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី និង ប្រ៊ុយណេ សុទ្ធតែអះអាងការទាមទារ រៀងៗខ្លួននូវដែនអធិបតេយ្យ ក្នុងតំបន់សមុទ្រចិនខាងត្បូង ដែលជាផ្លូវនាវាចរណ៍ដ៏មមាញឹកបំផុត នៅលើភពផែនដីនេះ៕