(ភ្នំពេញ)៖ លោក អេង ឆៃអ៊ាង មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ បានប្រកាសអំពាវនាវឲ្យ តុលាការក្រុងភ្នំពេញ ផ្អាកសវនការ លើលោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ និង លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ហើយត្រលប់ពី ការប្រើប្រព័ន្ធតុលាការងាកមក ជជែកចរចាគ្នា ក្នុងនាមជាខ្មែរ និងខ្មែរ និងក្នុងនាម អ្នកនយោបាយ និងអ្នកនយោបាយវិញ។
លោក អេង ឆៃអ៊ាង បានបន្តទៀតថា បើតុលាការ នៅតែអនុវត្តតាមនីតិវិធី និងបន្តការបើកសវនការលើ លោក កឹម សុខា នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខនេះ គណបក្សសង្រ្គោះជាតិ នឹងបន្តសកម្មភាពតស៊ូនយោបាយ តាមយន្តការដែលគណបក្សមាន។
មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិរូបនេះ បានលើកឡើង នៅក្នុងវេទិកានយោបាយពិសេសមួយស្ដីពី «នយោបាយក្នុងប្រទេស និងនយោបាយការបរទេស» នៅម៉ោង៩ព្រឹក ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦នៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ។
លោក អេង ឆៃអ៊ាង បានបញ្ជាក់ឲ្យដឹងថា «គណបក្សសង្រ្គោះជាតិ សុំតែសុខ និងសិទ្ធិ ហើយ សុំអំពាវនាវ ឲ្យតុលាការក្រុងភ្នំពេញផ្អាកសវនការ លើករណី លោក កឹម សុខា និង លោក អ៊ុំ សំអាន បើមិនដូច្នេះទេ យើងនឹងតស៊ូនយោបាយ តាមយន្តការដែលគណបក្សមាន»។
គួរបញ្ជាក់ថា លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានសំងំលាក់ខ្លួន ទៅទីស្នាក់ការគណបក្សសង្រ្គោះជាតិ អស់រយៈពេល ជាច្រើនខែមកហើយ ចាប់តាំងពីតុលាការចេញ វិធានការ ចំពោះបទល្មើស មិនចូលខ្លួនឆ្លើយបំភ្លឺ តាំងពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦មក ហើយតុលាការក្រុងភ្នំពេញគ្រោងនឹង កាត់ទោសលោក នៅថ្ងៃទី០៩ ខែកញ្ញា ខាងមុខនេះ។
ចំណែក សំណុំរឿងលោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការជំនុំជម្រះ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា បន្ទាប់ពីជំនុំជម្រះ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦នេះ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចប្រកាសសាលក្រមនៃសំណុំរឿង លោក អ៊ុំ សំអាន មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ ខាងមុខនេះ៕