(កំពត)៖ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានប្រាប់ឲ្យដឹងថា ខេត្តកំពត រយៈពេល២ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គឺថ្ងៃទី១៣ និងទី១៤ ខែមេសា ឆ្នាំ២០២៤ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណជាង ៨៩៣,៦០២នាក់ ក្នុងនោះភ្ញៀវទេសចរជាតិចំនួន ៨៩១,៤១៨នាក់ និងភ្ញៀវទេសចរណ៍អន្តរជាតិចំនួន ២,១៨៤នាក់។
បើតាមការកត់សម្គាល់ឃើញថា ភ្ញៀវទេសចរភាគច្រើនទៅលេងកម្សាន្តនៅរមណីយដ្ឋានតតំបន់ភូមិកំពត, រមណីយដ្ឋានតតំបន់ដូងទេ ឧទ្យានជាតិព្រះមុនីវង្សបូកគោ, តំបន់កោះស្មៅ, រមណីយដ្ឋានតំបន់ទឹកឈូ និងតំបន់រមណីយដ្ឋាននជនជាច្រើនផ្សេងទៀនៃខេត្តកំពត។
តាមលោក សយ ស៊ីណុល ពាក់ព័ន្ធសេវាកម្មស្នាក់នៅ រយៈពេល ២ថ្ងៃនេះ ភ្ញៀវបានកក់ និងស្នាក់នៅតាមបណ្ដាសណ្ឋាគារផ្ទះសំណាក់ និងស្នាក់នៅតាមរមណីយដ្ឋាន ស្ទើរតែពេញ ១០០%។
ដោយឡែកសេវាកម្មហូបចុក គឺមានកន្លែងជាច្រើន ដែលផ្តល់ភាពងាយស្រួល សម្រាប់ឲ្យភ្ញៀវរកទទួលទានបាន។ ចំពោះសភាពការណ៍ទូទៅ នៅតាមរមណីយដ្ឋាន និងកន្លែងទេសចរណ៍កម្សាន្តផ្សេងៗ គ្មានអ្វីប្លែកគួរឲ្យកត់សម្គាល់នោះទេ គឺធានាបានសុខសុវត្ថិភាព សណ្ដាប់សាធារណៈ ជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ-អន្តរជាតិ បានយ៉ាងល្អប្រសើរ។
ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល ៤ថ្ងៃ ក្រោមការដឹកនាំ និងចង្អុលបង្ហាញ ពីសំណាក់លោកអភិបាលខេត្តកំពត ម៉ៅ ធនិន បានបញ្ជា និងណែនាំដល់ជួរថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ បានប្រើប្រាស់ពាក់ព័ន្ធកម្លាំង ប្រមាណជាង ១០០០នាក់ ដើម្បីរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជូនដល់ភ្ញៀវទេសចរណ៍គ្រប់រូបភាព សំដៅធ្វើឲ្យពិធីនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល ៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤នេះ កាន់តែអធិកអធម្ម និងមានភាពល្បីល្បាញ សម្រាប់មោទនភាពនៃខេត្តកំពតមួយនេះផងដែរ៕