(ស្វាយរៀង)៖ ក្នុងថ្ងៃទី៣នៃឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង បានពិនិត្យការជួបជុំសប្បាយរីរាយរបស់ប្រជាពលរដ្ឋនៅតាមវត្តអារាមនានាក្នុងខេត្តដែលមានការរៀបចំសង្ក្រាន្ត។
ក្នុងនោះសម្តេចបានទស្សនាការរៀបចំស្តង់ពិព័រណ៍ និងកម្មវិធីកម្សាន្តសប្បាយនៃសង្ក្រាន្តស្វាយរៀង ដែលជាថ្ងៃចូលឆ្នាំ (ថ្ងៃទី៣) សង្ក្រាន្តស្វាយរៀងមានប្រជាពលរដ្ឋចូលរួមកម្សាន្តសប្បាយប្រមាណ ៦៥,០០០នាក់ ក្នុងនោះភ្ញៀវបរទេសប្រមាណ១,០០០នាក់។
នៅក្នុងឱកាសចុះពិនិត្យមើលការសប្បាយរីករាយរបស់ប្រជាពលរដ្ឋនៅខេត្តស្វាយរៀងពីសំណាក់សម្ដេច ម៉ែន សំអន ក៏មានការចូលរួមលោកស្រី ដួង វណ្ណា តំណាងរាស្ត្រមណ្ឌលស្វាយរៀង លោក ម៉ែន វិបុល, លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងលោកស្រី ព្រមទាំងសហការីផងដែរ។
សូមបញ្ជាក់ថា ខេត្តស្វាយរៀងក៏មានរៀបចំសង្ក្រាន្ត និងលេងល្បែងប្រជាប្រិយតាមវត្តអារាមនានា និងការប្រគំតន្ត្រី មានរយៈពេល៣ថ្ងៃគឺថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ព្រមទាំងបានចូលរួមចំណែកថែរក្សា វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីដូនតារបស់ខ្មែរដែលមានតាំងពីបុរាណកាលរៀងមក។
រដ្ឋបាលខេត្តក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តស្វាយរៀង ក៏ដូចជាខេត្តដែលមានព្រំប្រទល់ជាប់គ្នា សូមមកចូលរួមលេងកម្សាន្តឲ្យបានច្រើនកុះករផងដែរ៕